ជាតិ
បទវិភាគ
កំណែទម្រង់​«​សន្សឹមៗ និង​ទន់ភ្លន់​» ល្អ​ជាង​ការធ្វើបដិវត្ត​!
23, Nov 2015 , 8:00 am        
រូបភាព
ដោយ:
ភ្នំពេញ​៖ កំណែទម្រង់​រដ្ឋាភិបាល គឺជា​រឿង​ចំ​បាច់​សម្រាប់​អ្នកកាន់អំណាច ពីព្រោះ វា​ល្អ​ជាង​ការធ្វើ​បដិវត្តន៍​។ បដិវត្តន៍ អាច​នាំ​ឲ្យ​មាន​សង្គ្រាម ឬ​ចលាចល​សង្គម ពីព្រោះ​សារជាតិ​របស់​បដិវត្ត​ន៍ គឺ​ការផ្លាស់ប្តូរ​ទាំងស្រុង​នូវ​រចនាសម្ព័ន្ធ​ទាំង​សង្គម សេដ្ឋកិច្ច និង​នយោបាយ​។  ហេតុនេះហើយ កំណែទម្រង់ គឺជា​ជម្រើស​ល្អ​បំផុត​សម្រាប់​អភិវឌ្ឍ ប្រកបដោយ​និរន្តរភាព​។​



​សារសំខាន់​នៃ​នយោបាយ​កំណែទម្រង់ គឺជា​តម្លៃ​នៃ​ការអភិវឌ្ឍ ដែល​រក្សាបាន​នូវ​ស្ថិរភាព​នយោបាយ ព្រមទាំង​អាច​អភិរក្ស​នូវ​តម្លៃ​ល្អៗ មួយចំនួន​របស់​សង្គម​។ ការកែប្រែ​ទាំងស្រុង​នូវ​របប​សង្គម គឺ​មិនដែល​បានទទួល​បាន​ផល​ល្អ​នោះទេ គឺ​តែងតែមាន​សង្គ្រាម​បង្ហូរឈាម ឬ​ធ្វើ​ឲ្យ​សង្គម​វឹកវរ​។

​ជាក់ស្តែង ប្រវត្តិសាស្ត្រ​កម្ពុជា​បាន​បង្ហាញថា កម្ពុជា​បានធ្វើ​បដិវត្តន៍​ជា​បន្តបន្ទាប់​។ ក្នុង​រយៈពេល មិន​ដល់​មួយ​សតវត្សរ៍​ផង បន្ទាប់ពី​ទទួលឯករាជ្យ​ពី​បារាំង កម្ពុជា​បាន​ផ្លាស់ប្តូរ​របប​ចំនួន​៦​សម័យកាល និង​ជា​ប្រទេស​ដែល​ផ្លាស់ប្តូរ​ទង់ជាតិ​ច្រើន​មិន​ធ្លាប់មាន​។ ក្នុងនោះ​ជារួម​មាន​៖ សម័យ​សង្គមរាស្ត្រនិយម ១៩៥៥ ដល់ ១៩៧០ ។ សម័យ​សាធារណរដ្ឋ​ខ្មែរ ១៩៧០ ដល់ ១៩៧៥ ។ សម័យ​កម្ពុជា​ប្រជាធិបតេយ្យ (​ខ្មែរក្រហម​) ១៩៧៥ ដល់ ១៩៧៩ ។ សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ១៩៧៩ ដល់ ១៩៨៩​។ សម័យ​រដ្ឋ​កម្ពុជា ១៩៨៩ ដល់ ១៩៩៣ និង​សម័យ​ព្រះរាជាណាចក្រ​កម្ពុជា ១៩៩៣ ដល់ ២០១៥ ។ ការផ្លាស់ប្តូរ​របប​ទាំងស្រុង បាន​បង្ក​ឲ្យ​មាន​សង្គ្រាម និង​ភាពចលាចល ពីព្រោះ អ្នក​របប​ថ្មី​ស្អប់​របប​ចាស់ និង​អ្នក​របប​ចាស់ មិន​ចង់​ព្រលែង​អំណាច ព្រោះ​បើ​ឲ្យ​អំណាច ខ្លួនឯង​នឹងត្រូវ​ស្លាប់​ដោយសារ​អ្នក​របប​ថ្មី​។ ហេតុផល​នេះហើយ ទើប​បង្ក​ឲ្យ​មាន​សង្គ្រាម​។

​នៅក្នុង​សង្គម​ខ្មែរ ផ្នត់គំនិត​ពលរដ្ឋ​មួយចំនួន​បាន​ដក់​ជាប់​នូវ​មនោគមន៍វិជ្ជា​ជ្រុលនិយម ពោល គឺ​បើ​ខ្លួន​បាន​កាន់អំណាច​ហើយ ពួកគេ​តែងតែ​ប៉ង​បំផ្លាញ​អ្នក​របប​ចាស់​។ មិន​ត្រឹមតែ​បំផ្លាញ​មនុស្ស​នោះទេ តែ​មេដឹកនាំ​ខ្លះ ថែមទាំង​បំផ្លាញ​ស្នាដៃ​អ្នក​របប​ចាស់​ទៅទៀត​។ ដូច​ខ្មែរ​យើង​តែង​និយាយថា​៖«​បើ​ស្អប់ សូម្បីតែ​ដានជើង​មិន​ចង់​ជួប ចង់​ចូក​ចោល​កុំ​ឲ្យ​ឃើញ​»​។ នយោបាយ​«​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​» ល្មម​ត្រូវ​បញ្ចប់​ហើយ ព្រោះ​វា​គ្មាន​ចំណេញ​អ្វី​ដល់​ប្រទេសជាតិ​នោះទេ តែ​ផ្ទុយទៅវិញ វា​បាន​បំផ្លាញ​សង្គម​ទៅវិញ​ទេ​។

ការកែទម្រង់ គឺជា​ដំណើរការ​ដ៏​ល្អ​បំផុត​សម្រាប់​ប្រទេស​ដ៏​ក្រីក្រ​មួយ​នេះ ពីព្រោះ​មានតែ​វិធី​នេះ​ទេ ដែល​អាចបង្កើត​សាមគ្គី​ជាតិ និង​ស្មារតី​ជាតិ​តែមួយ ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ទៅមុខ​ទាំងអស់គ្នា​។

នៅក្នុង​សៀវភៅ​ដែលមាន​ចំណងជើង​ថា​«​ប្រវត្តិ​គំនិត​នយោបាយ​បស្ចិមប្រទេស​» លោក Edmund Burke ជា​ទស្សនវិទូ​ជនជាតិ​អៀរ​ឡង់ បានសរសេរថា ដើម្បី​រក្សាបាន​នូវ​ស្ថិរភាព​សង្គម គឺត្រូវធ្វើ​កំណែទម្រង់​។ តាម​ទស្សនៈ​របស់លោក កំណែទម្រង់​ត្រូវ​ដើរ​តាម​គោលការណ៍​ចំនួន​៥៖

១) ត្រូវធ្វើឡើង​ដោយ​សន្សឹមៗ និង​ទន់ភ្លន់​។

២) ត្រូវ​ចៀសវាង​អំពើ​សាហាវព្រៃផ្សៃ ដែល​កើតឡើង​ក្នុងសង្គម ពីព្រោះ វា​ជា​គោលដៅ​កំណែទម្រង់​។

៣) ត្រូវ​រក្សា​នូវ​លំនឹង​របស់​រដ្ឋ ពោល គឺ​ពុំមែន​ធ្វើឡើង​ដើម្បី​ឲ្យ​រដ្ឋ​មួយ​ធ្លាក់ចុះ ឬ​ដួលរលំ​នោះឡើយ​។      

៤) កំណែទម្រង់ គឺ​ត្រូវតែ​ស្រោចស្រង់​រដ្ឋ​ឲ្យ​បន្ត​ស្ថិតស្ថេរ​ទៅបាន និង ៥  អ្នកធ្វើ​កំណែទម្រង់​ត្រូវ​យល់ដឹង​ឲ្យ​ស៊ីជម្រៅ​នូវ​បញ្ហា​ដែល​កំពុង​កើតឡើង​នៅក្នុង​ការគ្រប់គ្រង​រប​ស់​ខ្លួន​។
​ដូច្នេះ ការធ្វើកំណែទម្រង់ គឺ​ទាមទារ​ឲ្យ​មានការ​អំណត់ លះបង់ មាន​ឆន្ទៈ​ខ្ពស់ មាន​ផែនការ​ច្បាស់លាស់ និង​ទស្សនវិស័យ ក្នុងការ​អនុវត្ត​ការងារ​នេះ​។ បើ​មិន​ដូច្នេះ កំណែទម្រង់ គឺ​ពិបាក​នឹង​ទទួលបាន​ជោគជ័យ​ណាស់​៕



© រក្សាសិទ្ធិដោយ thmeythmey.com