ជាតិ
​​​ន​យោ​បាយ​ជាតិ​
ម្ចាស់​សំបុត្រកំណើត​អះអាងថា អាជ្ញាធរ​ជា​អ្នកសរសេរ​ខុស​
24, Nov 2015 , 8:39 pm        
រូបភាព
 
​ម្ចាស់​សំបុត្រកំណើត​នៅ​ខេត្តស្វាយរៀង បាន​អះអាងថា អាជ្ញាធរ​ពិតជា​សរសេរថា​ខេត្តស្វាយរៀង ប្រទេស​វៀតណាម​មែន​។​ការអះអាង​របស់​ម្ចាស់​សំបុត្រកំណើត​នេះ​ធ្វើឡើង ខណៈដែល​សកម្ម​ជនគ​ណ​បក្ស​សង្គ្រោះ​ជាតិ​ពីររូប កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តស្វាយរៀង ដោយ​ជាប់ចោទ​ពីបទ​ក្លែង​ឯកសារ​សំបុត្រកំណើត​។​



​អ្នកស្រី ញ៉ែម ឈឿន ដែលជា​ម្ចាស់​សំបុត្រកំណើត អះអាងថា អាជ្ញាធរខេត្ត​ស្វាយរៀង ពិតជា​សរសេរ​ខេត្តស្វាយរៀង ប្រទេស​វៀតណាម​ពិតមែន​។​នេះ​ជាការ​បញ្ជាក់​របស់ លោក អ៊ូ ច័ន្ទ​ឫទ្ធិ ដែល​បាន​ឲ្យ​មន្ត្រី​ខ្លួន​នៅ​ខេត្តស្វាយរៀង ចុះ​ជួប​ម្ចាស់​សំបុត្រកំណើត​នោះ​។ បើតាម​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ម្ចាស់​សំបុត្រកំណើត​រូបនេះ ពិតជា​បាន​ទទួលស្គាល់ថា អាជ្ញាធរ​បាន​សរសេរ​ខេត្តស្វាយរៀង ប្រទេស​វៀតណាម នៅក្នុង​សំបុត្រកំណើត​ខ្លួន​តាំងពី​ឆ្នាំ​២០០៤​មក ដោយ​ពុំមាន​អ្នកណាម្នាក់​យកទៅ​សរសេរ​បន្ថែម ដើម្បី​ក្លែង​ឯកសារ​នោះទេ​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ម្ចាស់​សំបុត្រកំណើត​បាន​ប្រាប់​ក្រុមការងារ​គណបក្ស​ដែល​ចុះ​ជួប​ថា អាជ្ញាធរ​ជា​អ្នក​សរសេរថា​ខេត្តស្វាយរៀង ប្រទេស​វៀតណាម​ពិតមែន​។​ហើយ​ម្ចាស់​សំបុត្រ​ទទួលស្គាល់ថា​មិនមាន​អ្នកយក​សំបុត្រកំណើត​គាត់​ទៅ​សរសេរ​បន្ថែម​នោះទេ​។​ហើយ​យើង​កំពុង​ទាក់ទង​ឲ្យ​គាត់​ធ្វើ​សាក្សី ប៉ុន្ដែ​មិនដឹងថា​គាត់​ហ៊ាន​ធ្វើ​ឫ​អត់​ទេ​»​។​
 
​ត្រង់ចំណុច​នេះ​លោក  អ៊ូ ច័ន្ទ​ឫទ្ធិ បញ្ជាក់ថា អាជ្ញាធរ​នៅ​ខេត្តស្វាយរៀង អាច​ច្រឡំ​សរសេរ​ដោយ​អ​ចេតនា​ដែរ ទើបបានជា​សកម្មជន​បក្ស​ខ្លួន បានឃើញ​ឯកសារ​នេះ ហើយ​យកទៅ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក ។ លោក  អ៊ូ ច័ន្ទ​ឫទ្ធិ ចាត់ទុកថា ការចាប់ខ្លួន​សកម្មជន​នេះ​គឺជា​រឿង​នយោបាយ​។​ហើយ​លោក ក៏​អំពាវនាវ​ឲ្យ​តុលាការ​ដោះលែង​សកម្មជន​ខ្លួន​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ដែរ​។​«​បើ​សកម្មជន​នៅ​ខេត្តស្វាយរៀង​ពីរ​នាក់​នោះ គ្រាន់តែ​បង្ហោះ​ឯកសារ​ត្រូវ​មានទោស​ពីបទ​ក្លែង​ឯកសារ ដូច្នេះ​មេឃុំ​ខេត្តតាកែវ​ក៏មាន​ទោស​ដែរ ព្រោះ​មេឃុំ​នោះ​ធ្លាប់​សារភាពថា​ខ្លួន​សរសេរ​ច្រឡំ ដោយសារ​មាន​ប្រជាពលរដ្ឋ​មកពី​កម្ពុជា​ក្រោម​មក​រស់នៅ​ទីនោះ​ច្រើន នេះ​ក៏​ជា​កំហុស​ដាក់ទោស​ដែរ​។​អ៊ីចឹង​នេះ​គឺជា​រឿង​នយោបាយ​ទេ គួរតែ​ដោះ​លែងសកម្ម​ពីរ​នាក់​នោះ​ឲ្យ​មាន​សេរីភាព​វិញ​ទៅ​»​។​នេះ​ជាការ​បញ្ជាក់​របស់លោក អ៊ូ ច័ន្ទ​ឫទ្ធិ​។​
 
​កន្លងមក​នៅ​ខេត្តតាកែវ ក៏មាន​មេឃុំ​សរសេរ​លើ​សំបុត្រកំណើត​ថា ខេត្តតាកែវ ប្រទេស​វៀតណាម​ដែរ តែ​ត្រូវបាន​មេឃុំ អះអាងថា ជា​អ​ចេតនា​ព្រោះ​ខ្លួន​ច្រឡំ​ដោយសារ​ប្រជាពលរដ្ឋ​ចេញចូល​ទីនោះ​ច្រើនពេក​។​
 
​ជុំវិញ​បញ្ហា​នេះ​មន្ត្រី​ស៊ើបអង្កេត​សិទ្ធិមនុស្ស​អង្គការ​លីកាដូ លោក អំ សំអាត យល់ឃើញថា ការ​បង្ហោះ​ឯកសារ​សំបុត្រកំណើត ដែល​សរសេរថា ខេត្តតាកែវ និង ខេត្តស្វាយរៀង ប្រទេស​វៀតណាម​ប៉ុន្មាន​ថ្ងៃនេះ គឺជា​សេនា​រី​យ៉ូ​មួយ​របស់​អ្នកនយោបាយ ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ចលាចល​បន្ថែមទៀត ខណៈដែល​ស្ថានភាព​នយោបាយ​កំពុង​វឹកវរ​។ លោក បន្ថែមថា ភាពចលាចល​ថ្មី​នេះ គឺ​រិត​តែ​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ កាន់តែ​មាន​ភាព​តានតឹង​និង​មាន​បន្ទុក​នយោបាយ​កាន់តែ​ធ្ងន់​ថែមទៀត​។​
 
​សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ពីររូប គឺ​លោក សុខ សំ​អ៊ា​ន ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក នង សារិទ្ធ សមាជិក​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ​ក្រុង​បាវិត​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ថ្ងៃទី​១៩ វិច្ឆិកា ដោយ​ចោទថា ពួកគេ​បាន​សរសេរ​ក្លែង​ឯកសារ​សំបុត្រកំណើត បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ថា ទឹកដី​ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង ប្រទេស​វៀតណាម​។ សាលាដំបូង​ខេត្តស្វាយរៀង​បានសម្រេច​​ឃុំខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ពីររូប​នោះ នៅ​ពន្ធនាគារ​ខេត្ត ដោយ​ចោទ​ពីបទ​ក្លែង​ឯកសារ​សាធារណៈ​និង​ញុះញង់​ឲ្យ​មាន​បទឧក្រិដ្ឋ​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សំបុត្រកំណើត​៕

Tag:
 អ៊ូ ច័ន្ទុឬទ្ធិ
 សំបុត្រកំណើត
© រក្សាសិទ្ធិដោយ thmeythmey.com