អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មូលហេតុអ្វីសង្គ្រាមលោកលើកទី៣មិនអាចផ្ទុះ ព្រោះតួកគីបាញ់ទម្លាក់យន្តហោះរុស្ស៊ី?
25, Nov 2015 , 4:50 pm        
រូបភាព
ការបាញ់ទម្លាក់យន្តហោះរបស់រុស្ស៊ីនៅព្រំដែនទួកគីនិងរុស្ស៊ីបានក្លាយជាបញ្ហាចម្រូងចម្រាស ហើយមនុស្សមិនតិចឡើយដែលភ័យខ្លាចថារឿងរ៉ាវនេះនឹងធ្វើឲ្យការប្រទាញប្រទង់និងកើនកម្តៅ អាចរុញរុស្ស៊ីឲ្យប្រឡូកក្នុងសង្គ្រាមជាមួយសមាជិកបក្សសម្ព័ន្ធណាតូនេះផង។ ថ្វីដ្បិតថា ការបាញ់ទម្លាក់យន្តហោះជាការបង្ករឿង ហើយការស្លាប់របស់អ្នកបើកយន្ត​ហោះរុស្ស៊ី សុទ្ធតែធ្វើឲ្យរុស្ស៊ីខឹងសម្បារខ្លាំងក៏ដោយ វាមិនអាចបញ្ឆេះភ្លើងសង្គ្រាមបានឡើយ។


ការបាញ់ទម្លាក់យន្តហោះចម្បាំងមួយគ្រឿងរបស់រុស្ស៊ីម្សិលមិញដោយយន្តហោះចម្បាំងតួកគីផលិតដោយអាមេរិក F-16 ចំនួនពីរគ្រឿងបានក្លាយជាបញ្ហាក្តៅគគុកនិងជារឿងរសើប​ដែលអាចបញ្ឆេះ សង្គ្រាមរវាងរុស្ស៊ីនិងបក្សសម្ព័ន្ធយោធាណាតូបាន។ គ្រាន់តែមានព័ត៌មានថាយន្តហោះ S-24 ត្រូវតួកគី បាញ់ទម្លាក់ភ្លាមរុស្ស៊ីចេញមុខវាយប្រហាររដ្ឋាភិបាលក្រុង​អង់ការ៉ា និងអះអាងថាខ្លួនមិនបានរំលោភដែនអាកាសតួកគីទេ។

ហើយប្រមុខរដ្ឋរុស្ស៊ីលោក វ្ល៉ាឌីមៀពូទីនបានបញ្ជាឲ្យក្រសួងការបរទេសកោះហៅមន្ត្រីទូតតួកគីមកសួរនាំ ហើយរដ្ឋមន្ត្រីការបរទេររុស្ស៊ីលោក Sergei Lavrov លុបចោលដំណើរទស្សនកិច្ចរបស់ខ្លួនភ្លាមៗដែរ។លោកពូទីនចេញមុខព្រលះរដ្ឋាភិបាលតួកគីដែលហ៊ានបង្ករឿងហើយមានការចោទប្រកាន់តួកគីរឿងលួចរកស៊ីទិញលក់ប្រេងនិងគាំទ្រក្រុមភេរវជនរដ្ឋឥស្លាម ថែមទៀត។ រីឯតួកគីឯណោះវិញមិនបានបង្អែរបង្អង់ទេ ក្រោយបាញ់ទម្លាក់យន្តហោះរុស្ស៊ីភ្លាមនាយករដ្ឋមន្ត្រីតួកគី Ahmet Davutoglu ស្នើសុំប្រទេសសមាជិកណាតូកោះប្រជុំវិសាមញ្ញ​ដើម្បីរកវិធានការប្រសិនស្ថានភាពកាន់តែអាក្រក់ឡើយ។ ហើយសម្ព័ន្ធមិត្តតួកគីអាមេរិកស្រែកក្តែងៗបញ្ឆេះកម្តៅថែមថា«តួកគីមានសិទ្ធិស្វ័យការពារដោយបាញ់ទម្លាក់យន្តហោះរុស្ស៊ីបានថែមទៀត»។ ប៉ុន្តែទោះជាស្ថានភាពអាក្រក់បែបនេះក៏ដោយ រឿងរ៉ាវមួយចំនួនដែលអាចបញ្ជាក់ថាយន្តហោះរុស្ស៊ីមិនថ្លៃរហូតដល់រុញឲ្យរុស្ស៊ីប្រកាសសង្គ្រាមប្រឆាំងតួកគីដែលជាសមាជិកណាតូឡើយ។

១.មិនមែនលើកទីមួយដែលយន្តហោះរុស្ស៊ីហោះចូលដែនអាកាសតួកគី

មិនមែនរុស្ស៊ីមិនដឹងឡើយថារឿងរ៉ាវបែបនេះអាចកើតឡើងប៉ុន្តែគ្រាន់តែរបបដឹកនាំក្រេមឡាំងហាក់មើលស្រាលស្ថានការណ៍បន្តិច។ និយាយទៅវាមិនមែនជាលើកទីមួយទេដែលយន្តហោះរុស្ស៊ីហោះចូលទៅក្បែរដែនអាកាសតួកគីបែបនេះ ។ ហើយតួកគីអះអាងថាខ្លួនបានព្រមានរុស្ស៊ីច្រើនដងដែរ ពោលគឺតាំងពីរុស្ស៊ីចូលប្រឡូកក្នុងសង្គ្រាមប្រឆាំងក្រុមរដ្ឋឥស្លាមនៅចុងខែកញ្ញាមកម្ល៉េះ ។ដូច្នេះនិយាយឲ្យស្រួលស្តាប់រុស្ស៊ីក៏រួមចំណែកខុសដែរ តែកុំឲ្យអាប់មុខរុស្ស៊ីត្រូវបដិសេធថាខ្លួនហោះក្នុងដែនអាកាសរបស់ស៊ីរី ហើយចេញមុខតវ៉ាចុះឡើងដើម្បីបញ្ជាក់ថាខ្លួនត្រឹមត្រូវ។

រុស្ស៊ីកន្លងមកធ្លាប់គិតថាតួកគីមិនហ៊ានធ្វើដូច្នេះឡើយព្រោះរុស្ស៊ីធ្លាប់សាកល្បងជំហរ​រដ្ឋមួយចំនួននៅបាល់ទិកមួយចំនួន ក្រោយជម្លោះអ៊ុយក្រែនកើតឡើង។ ការសាកល្បងនោះគឺធ្វើឡើងដោយបញ្ជូនសព្វាវុធហោះចូលចុះឡើងប៉ុន្តែមិនមានការប្រតិកម្មរហូតដល់មានការបាញ់ទម្លាក់យន្តហោះ ដូចទ័ពតួកគីឡើយ។ អាចថារុស្ស៊ីគិតខុសស្មានថាណាតូមានឥទ្ធិពលលើការសម្រេចចិត្តរបស់តួកគីនេះតែវាផ្ទុយស្រឡះ។

ហើយតួកគីអាចធ្វើបែបនេះដោយសារខឹងសម្បាររុស្ស៊ីដែលលូកលាន់ក្នុងបញ្ហាស៊ីរីនិងកម្ចាត់ក្រុមភេរវជនរដ្ឋឥស្លាម។ នយោបាយរុស្ស៊ីនៅមជ្ឈិមបូព៌ាប៉ះពាល់ដែលប្រយោជន៍តួកគីដែលធ្លាប់រកស៊ី រកចុកជាមួយក្រុមភេរវជនហើយវាខូចគម្រោងការរបស់រដ្ឋាភិបាលក្រុងអង់ការ៉ាក្នុងការផ្តួលរំលំរបបលោកអាសាដថែមទៀតនោះ។​ ​តែណ្ហើយ រឿងគួរឲ្យសោកស្តាយបំផុតនោះ គឺអ្នកបើកបរយន្តហោះម្នាក់របស់រុស្ស៊ីបានស្លាប់ដោយសារស្នាដៃក្រុមប្រដាប់អាវុធមួយក្រុមដែលគេមិនបានដឹងអត្តសញ្ញាណច្បាស់ តែម្នាក់ទៀតបានរួចរស់ជីវិតហើយត្រូវទាហានស៊ីរីជួយសង្គ្រោះផង។
២.រុស្ស៊ីចង់បង្កើតលេស​ បង្កើនអំណាចយោធានៅមជ្ឈិមបូព៌ា?

ជារឿងពិបាកប៉ាន់ស្មានពីអ្វីដែលបង្ខំឲ្យទ័ពអាកាសរុស្ស៊ីហោះក្បែរៗដែនអាកាសតួកគី រហូតដល់ឆ្លងចូលថែមទៀត។ មន្ត្រីលោកខាងលិចថាមិនមានក្រុមរដ្ឋឥស្លាមនៅសម្ងំក្បែរព្រំដែនតួកគីឡើយ ដូច្នេះទ័ពរុស្ស៊ីក៏មិនគួរចេញប្រតិបត្តិការក្បែរៗបន្ទាត់ព្រំដែននេះដែរ។ អាចថាវាយុទ្ធសាស្ត្រមួយរបស់រុស្ស៊ីផងក៏មិនដឹង។

គ្រាន់តែកើតហេតុភ្លាមរដ្ឋាភិបាលក្រេមឡាំងដាក់បញ្ជាឲ្យក្រសួងការពារជាតិប្រកាសដាក់ពង្រាយកម្លាំងសព្វាវុធជាពិសេសប្រព័ន្ធបច្ចេកវិទ្យាយោធាសម្រាប់ការពារដែនអាកសនៅស៊ីរីផ្ទាល់ និងនាវាចម្បាំងបន្ថែមទៅក្បែរឆ្នេរប្រទេសស៊ីរីក្រោមមូលហេតុការពារមូលដ្ឋានទ័ពនិងទាហានរុស្ស៊ីដែលកំពុងបំពេញភារកិច្ចកម្ចាត់ក្រុមភេរវជននៅស៊ីរី។

ម្សិលមិញឧត្តមសេនីយ៍តំណាងឲ្យអគ្គសេនាធិការកងទ័ពរុស្ស៊ីលោក Sergey Rudskoy បានអះអាងថាការពង្រាយអាវុធ បន្ថែមជាវិធានការរុស្ស៊ីក្នុងការពង្រឹងសន្តិសុខ មូលដ្ឋានទ័ពអាកាស​រុស្ស៊ីនៅមជ្ឈិមបូព៌ា។ រុស្ស៊ីបញ្ជូននាវាពិឃាតមួយគ្រឿងឈ្មោះ Moskva ដែលជានាវាធំបំផុតលេខរៀងទី២ដែលឈរជើងនៅសមុទ្រខ្មៅយូរមកហើយ។នាវានេះមានបំពាក់មីស៊ីល​ការពារដែនអាកាស S-300ហើយវាទើបតែត្រូវបានគេបញ្ជូនមកសមុទ្រម៉េឌីទែរ៉ាណេ កាល​រដូវក្តៅឆ្នាំនេះទេដើម្បីចូលរួមជាមួយទ័ពជើងទឹករុស្ស៊ីផ្សេងទៀតនៅមូលដ្ឋានតំបន់ម៉េឌីទែរ៉ាណេ។ ​ជាធម្មតាទេ កន្លងមកនេះ គ្រាន់តែរុស្ស៊ីហក់ចូលធ្វើសង្គ្រាមនៅស៊ីរីប្រឆាំងក្រុមភេរវជន អាមេរិកនិងសម្ព័ន្ធមិត្តនាំគ្នាស្រែកក្តែងៗចោទរុស្ស៊ីថាកំពុងបង្ករឿង និងការពាររដ្ឋាភិបាលផ្តាច់ការលោក អាសាដ។

៣.ណាតូមិនប្តូរធ្វើសង្គ្រាមជាមួយរុស្ស៊ីព្រោះតែតួកគី

ណាតូមិនមែនសាមគ្គីជាធ្លុងមួយដូចយើងគ្រប់គ្នាគិត ហើយក៏មិនមែនរាល់ពេលសុទ្ធតែចេញការពារសមាជិកខ្លួនតាមមាត្រា៥នៃសន្ធិសញ្ញាអាត្លង់ទិកខាងជើងចែងទេ។ សមាជិក​ណាតូ​នៅគិតផ្ទុយគ្នានិងនៅមិនទាន់មានសាមគ្គីគ្នាពេញលេញក្នុងនាមជាអង្គការសន្តិសុខឡើយ។ដូច្នេះកុំរំពឹងថាណាតូនឹងរួមដៃគ្នាធ្វើសង្គ្រាមការពារ​​តួកគីព្រោះតែរឿងយន្ត​ហោះ​រុស្ស៊ី​រំលោភដែនអាកាសតួកគីប៉ុណ្ណឹងនោះ។

ម្យ៉ាងរដ្ឋសមាជិកណាតូកាន់តែបែកខ្ញែកគ្នាខ្លាំងនៅពេលដែលសន្តិសុខ នៅអឺរ៉ុបផុយស្រួយនិងរងការគំរាមកំហែងពីក្រុមភេរវជន។ ក្រោយរុស្ស៊ីហក់ចូលក្នុងសង្គ្រាមប្រឆាំងភេរវជននិងក្រោយការវាយប្រហារនៅបារាំង អ្នកនយោបាយលោកខាងលិចមិនតិចទេដែលកំពុងចោលភ្នែកមើលនយោបាយការបរទេសលោក ពូទីនផង ។

រដ្ឋមួយចំនួនចង់សុំជំនួយពីរុស្ស៊ីស្រាប់ផងដើម្បីប្រយុទ្ធជាមួយក្រុមភេរវជននោះ រឿងអីសមាជិកណាតូត្រូវទ្រតួកគី ហើយ​ងាកមកប្រយុទ្ធជាមួយរុស្ស៊ីនោះ។ បារាំងនេះជាឧទាហរណ៍ស្រាប់ ព្រោះរដ្ឋ​ជា​មេដឹកនាំតំបន់​អឺរ៉ុបមួយនេះកំពុងស្វះស្វែងរក​ការសហការពីក្រុងម៉ូស្គូដើម្បីកម្ចាត់ក្រុមភេរវជន។ ហើយបណ្តាប្រទេសលោកខាងលិចមួយចំនួនក៏មើលឃើញរុស្ស៊ីជាតួឯករួចទៅហើយដែរ ក្នុងការដោះស្រាយបញ្ហាក្រុមភេរវជននិងជម្លោះស៊ីរីបច្ចុប្បន្ននេះ។

តាមពិតទៅគ្មានអ្វីត្រូវពិបាកយល់ទេ ព្រោះបើសង្គ្រាមត្រូវផ្ទុះរវាងណាតូនិងរុស្ស៊ីវាប្រហែលជាផ្ទុះរួច​ទៅ​ហើយ​តាំងពីពេលរុស្ស៊ីលេបយក Crimea ពីអ៊ុយក្រែនម្ល៉េះ។ថ្វីដ្បិតថា អ៊ុយក្រែនមិនមែនជាសមាជិកណាតូក្តីប្រទេសនេះមានកិច្ចព្រមព្រៀងសន្តិសុខ ហើយទង្វើរយ៉ាងគឃ្លើនរបស់រុស្ស៊ីដែលឈ្លានពានរដ្ឋអឺរ៉ុបខាងកើតវាស្តែងណាស់ទៅហើយថាប្រយោជន៍និងឥទ្ធិពលរបស់មេដឹកនាំណាតូរងការគំរាមកំហែងខ្លាំងពីគោលនយោបាយវាតទីនិយមរបស់របបដឹកនាំក្រេមឡាំង។

៤.រុស្ស៊ី​ខឹងខ្លាំងតែគ្មានបំណង​ធ្វើសង្គ្រាម

បច្ចុប្បន្ននេះថ្វីបើស្ថានភាពហាក់បីដូចជាអាក្រក់បន្តិចមែនព្រោះរុស្ស៊ីបន្តបង្ហាញការខឹងសម្បារខ្លាំងនិងគំរាមចុះឡើង។ រុស្ស៊ីថាខ្លួនព្យួរទំនាក់ទំនងយោធាជាមួយតួកគីប៉ុន្តែសញ្ញាវិជ្ជមាន​នោះគឺរុស្ស៊ីព្រមពិភាក្សាលើបញ្ហាដែនអាកាសដើម្បីទប់ស្កាត់ការប៉ះទង្គិចគ្នាឬបញ្ហាបែបនេះកើតឡើងជាថ្មីទៀតជាមួយណាតូ។

ម្សិល​មិញ បើទោះជាលោក បារ៉ាក់អូបាម៉ាការពារតួកគីដោយលើកយកសិទ្ធិការពារដែនអាកាសជាសម្អាងក៏មែនពិត តែលោកនិងលោកហ្វ្រង់ស្វ័រហូឡង់បានអំពាវនាវយ៉ាងទទូចទៅកាន់រដ្ឋាភិបាលក្រុងម៉ូស្គូនិងតួកគីឲ្យបញ្ចៀសឲ្យបានការប្រឈមមុខគ្នាផ្នែកយោធា។មេដឹកនាំណាតូទាំងនេះក៏ប្រហែលជានឹងបន្តរកវិធីសាស្ត្រនិងវិធានការការទូតដើម្បីកាត់បន្ថយភាពតានតឹងនេះផងដែរ។វត្តមានលោក ហូឡង់ នៅម៉ូស្គូថ្ងៃព្រហស្បតិ៍ខាងមុខក៏ប្រហែលជារួមចំណែកច្រើនដែរក្នុងការបន្ថយកំហឹងរបស់រុស្ស៊ី។

គេឃើញ​ចំណង​ពាណិជ្ជកម្មរុស្ស៊ី​-តួកគីរីកធំឡើង​ ដោយរុស្ស៊ីជា​អ្នកផ្គត់​ផ្គង់ថាមពលឲ្យតួកគី ហើយរដ្ឋ​ទាំងពីរ​ក៏មាន​កិច្ចព្រមព្រៀងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរថែម​ទៀត​។ ដែលនេះអាចឲ្យយើងសន្និដ្ឋានថាវាគ្មានហេតុផលដែលរុស្ស៊ីនិងតួកគីត្រូវជ្រើសរើស សង្គ្រាម ហើយលះបង់ប្រយោជន៍ដែលមានស្រាប់នេះឡើយ៕


Tag:
 តួកគី
 រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com