ជាតិ
សេដ្ឋកិច្ច
អ្នកលក់​នំចំណី ភេសជ្ជ និង​សម្ភារៈ​ផ្សេងៗ​កំពុង​បារម្ភ​ពី​ការលក់​មិន​រួច​ថ្លៃដើម​
26, Nov 2015 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ ពិធីបុណ្យ​អុំទូក​នៅ​ខេត្តសៀមរាប​ឆ្នាំ​២០១៥​នេះ មាន​ប្រជាពលរដ្ឋ​មក​ទស្សនា​ច្រើនជាង​រាល់​ឆ្នាំ​។ ប៉ុន្តែ អ្នកលក់​នំចំណី ភេសជ្ជ និង​សម្ភារៈប្រើប្រាស់​ផ្សេងៗ នៅតាម​ដងស្ទឹង​សៀមរាប ខេត្តសៀមរាប​លើក​នេះ ពួកគាត់​មួយចំនួនធំ​កំពុង​ព្រួយបារម្ភ​ពី​ការលក់​មិនបាន​រួច​ថ្លៃដើម​។​



​រហូតមកដល់​ព្រឹក​ថ្ងៃទី​ពីរ​នៃ​ពិធីបុណ្យ​អុំទូក​នៅ​ខេត្តសៀមរាប​នេះ អ្នកស្រី សុខ ធឿន វ័យ ៦២​ឆ្នាំ កំពុង​អង្គុយ​លក់​សត្វល្អិត (​ចង្រិត​, ក​ន្ទេ​សឡង់​, ដុក​ឌឿ​...) និង​គ្រឿង​ម្ជូរ នៅតាម​បណ្តោយ​ផ្លូវ​នៅ​ស្ទឹ​ក​សៀមរាប អ្នកស្រី​កំពុងតែ​បារម្ភ​ខ្លា​ចលក់​មិនបាន​រួច​ថ្លៃដើម​។ អ្នក​មកពី​ខេត្តបាត់ដំបង់​រូបនេះ និយាយ​ទាំង​ទឹកមុខ​ស្ងួត​ថា «​គ្រឿង​ម្ជូរ និង​សត្វល្អិត​បំពង​ទាំងនេះ ខ្ញុំ​ទិញ​ពី​គេ​អស់​ប្រហែលជា ២​លាន់​រៀល ហើយ​នៅ​យប់ម្សិល​មិញ និង​ព្រឹក​នេះ​លក់​ទើបតែ​បាន​៥០​ទៅ​៦០​ម៉ឺន​ប៉ុណ្ណោះ មិនដឹងថា​រួចខ្លួន​ឬ​អត់​ទេ​។ បើ​លក់​មិន​អស់ ខាត់​អស់​ច្រើនណាស់​»​។​

​រំលង​ពីគ្នា​ប្រហែលជា​២០​ម៉ែត្រ កញ្ញា ស្រី​ពៅ វ័យ​២២ ដៃ​កំពុង​អាំងចេក​បន្ទះ នៅលើ​ជើងក្រាន មួយ ស្រី​ពៅ បាន​រៀបរាប់ថា​៖ «​ខ្ញុំ​ទិញ​ចេក​បន្ទះ​ពី​ភ្នំពេញ​អស់​៧០​ម៉ឺន​រៀល​។ ខ្ញុំ​លក់​នៅ​យប់ម្សិល​មិញ​ដល់​ម៉ោង​១​ទៅ​២​យប់ គឺ​លក់បាន​៥០​ម៉ឺន​រៀល​។ ខ្ញុំ​លក់ដាច់​គួរសម​មែន តែ​មិនសូវ​ចំណេញ​នោះទេ ព្រោះ​ចំណាយ​ថ្លៃ​ធ្វើដំណើរ​ពី​បាត់ដំបង់​មក​សៀមរាប​នេះ​អស់​ជិត ១៥​ម៉ឺន​រៀល​បាត់​ហើយ​»​។​

​ចំណែកឯ អ្នកស្រី សុធា កំពុង​អង្គុយ​នៅលើ​កៅអី​ជ័រ នៅជាប់​ដើមឈើ​ធំ​មួយ បាន​យក​ទឹក​សុទ្ធ និង​ភេសជ្ជ​ពី​អ្នក​លក់ដុំ មក​ដាក់លក់​នៅតាម​បណ្តោយ​ផ្លូវ​ជាប់​ស្ទឹង​សៀមរាប​ដូច​គេឯង​ដែរ​។ អ្នកស្រី​វ័យ ២៦​ឆ្នាំ​រូបនេះ​បាន​និយាយ​ទាំង​ទឹកមុខ​ក្រៀមក្រំ​ថា​៖ «​ទឹក​សុទ្ធ និង​ភេសជ្ជ​ទាំងនេះ​ចំណាយ​ដើមទុន​ច្រើន ខ្ញុំ​យក​ពី​អ្នក​លក់ដុំ មិនទាន់​ឲ្យ​លុយ​គេ​ទេ​។ កាលពី​យប់មិញ​លក់បាន​តែ​១០​ទៅ​២០​ម៉ឺន​រៀល​ប៉ុណ្ណោះ ខ្ញុំ​មិន​សង្ឃឹមថា​លក់បាន​ថ្លៃដើម យកទៅ​សង​គេ​វិញ​ទេ​»​។

​និយាយ​ពី​កញ្ញា ធា​រី ដែល​កំពុង​អង្គុយ​លក់​កាបូប​សម្រាប់​មនុស្ស​ស្រី នៅ​ទល់មុខ​នឹង​អ្នកលក់​ភេសជ្ជ​ខាងលើ វិញ​ម្តង​។ កាបូប​សម្រាប់​មនុស្ស​ស្រី​លក់​លាង​ឃ្លាំង​ទាំងនោះ​មានតម្លៃ​ពី​១​ម៉ឺន​រហូតដល់​ជិត​៣​ម៉ឺន​រៀល​។ កញ្ញា​វ័យ​២២​ឆ្នាំ ដែល​ស៊ី​ឈ្នូ​លលក់​កាបូប​ស្រីៗ​ឲ្យ​ថៅកែ​របស់ខ្លួន​នោះ បាន​និយាយ​រាក់ទាក់​យ៉ាង​ដូច្នេះ​ថា​៖ «​នៅ​យប់​ម្សិលមិញ​ខ្ញុំ​លក់បាន​ប្រហែលជា ២​ពាន់​ដុល្លារ​។ ខ្ញុំ​លក់បាន​ច្រើន តែ​មិន​សង្ឃឹមថា​លក់បាន​រួច​ថ្លៃដើម​ទេ ព្រោះ​កាបូប​ទាំងនេះ​ជា​អីវ៉ាន​លក់​លាង​ឃ្លាំង ដែល​ខ្ញុំ​លក់​ឲ្យ​ថៅកែ​នៅ​ផ្សារ​អូឡាំពិក​»​។​

​រីឯ លោក សុធា ដែលជា​អ្នកលក់​សាច់​ក្រង និង​យូហ៊ឺ​អាំង​តាម​រ៉ឺ​មក់​កង់​បី កំពុងតែ​បារម្ភ ព្រោះ​លោក​បាន​ចំណាយ​ថ្លៃដើម​រហូតដល់​ទៅ​៧០​ម៉ឺន ប៉ុន្តែ នៅ​យប់​ម្សិលមិញ​នេះ លោក​លក់​បានតែ​ជាង​១០​ម៉ឺន​រៀល​ប៉ុណ្ណោះ​។ បុរស់​វ័យ​២៨​ឆ្នាំ​មកពី​ខេត្តកំពុងចាម​រូបនេះ​បាន​ពន្យល់ថា​៖ «​នៅ​ឆ្នាំនេះ​មាន​មនុស្ស​ច្រើនជាង​រាល់​ឆ្នាំ តែ​ខ្ញុំ​លក់​មិន​ដាក់​សូវ​បាន​ច្រើន​ទេ ព្រោះ​មាន​អ្នកលក់ដូរ​ច្រើនណាស់ ហើយ​ខ្ញុំ​ក៏​មិនបាន​ចាប់​ចំ​កន្លែង​មាន​មនុស្ស​ច្រើន​ដូច​គេ​ទៀត​។ ឆ្នាំមុន​ខ្ញុំ​លក់​មួយ​យប់​បាន​៧០​ម៉ឺន តែ​ឆ្នាំនេះ​បានតែ​១០​ទៅ​៥​ម៉ឺន​ប៉ុណ្ណោះ​»៕




































© រក្សាសិទ្ធិដោយ thmeythmey.com