ជាតិ
សុវត្តិភាព ចរាចរណ៍
បន្ទាយមានជ័យ​៖ ស្លាប់​១៤៧​នាក់ និង​របួស​៤៤០​នាក់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ​២០១៥
27, Nov 2015 , 4:45 pm        
រូបភាព
​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ខេត្តបន្ទាយមានជ័យ នា​ឆ្នាំ​២០១៥​នេះ បាន​កើតឡើង​ចំនួន​២៨៨​ករណី ដែល​បណ្តាល​ឲ្យ​មនុស្ស​ប្រមាណ ១៤៧​នាក់ បាន​ស្លាប់បាត់​បង់ជីវិត និង​៤៤០​នាក់​ផ្សេងទៀត បាន​រងរបួស​ធ្ងន់​ស្រាល​។ បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះ ភាគច្រើន​កើតឡើង ដោយ​ផ្តើមចេញពី​អ្នកបើកបរ​យានយន្ត​ខ្វះ​ការប្រុងប្រយ័ត្ន និង​មិន​គោរព​ច្បាប់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​។​


​របាយការណ៍​របស់​កា​រិ​យា​ល័យ​នគរបាល​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដែល​បង្ហាញ​នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ខេត្តបន្ទាយមានជ័យ​ក្នុង​ឆ្នាំ​២០១៥ មាន​ចំនួន​សរុប ២៨៨​ករណី ដែល​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​១៤៥​នាក់ ស្លាប់ និង​រងរបួស​ធ្ងន់​ស្រាល​ចំនួន​៤៤០​នាក់​។ ក្នុង​ឆ្នាំ​២០១៤ គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន​៣០៦​ករណី ដោយ​ថយចុះ​ចំនួន​១៨​ករណី បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៥ ។ បើទោះបីជា​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ប្រចាំឆ្នាំ​២០១៥ មានការ​ថយចុះ​ពិតមែន ក៏ប៉ុន្តែ​ចំនួន​អ្នកស្លាប់​និង​រងរបួស មានការ​កើនឡើង​ទៅវិញ ដោយ​ជនរងគ្រោះ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើងជា​ក្រុមៗ​។ 
 
​លោក​វរសេនីយ៍ត្រី សួន នី​ប៉ូ នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្តបន្ទាយមានជ័យ​បាន​មានប្រសាសន៍ថា សមត្ថកិច្ច​ពិនិត្យឃើញថា​គ្រោះថ្នាក់​ចរាចរណ៍​ទាំងនេះ ភាគច្រើន​បង្កឡើង ពី​អ្នកបើកបរ​យានយន្ត​មិន​គោរព​ច្បាប់​ចរាចរណ៍ ដោយ​ក្នុងនោះ បង្កដោយ​កត្តា​មនុស្ស ចំនួន​២៨០​ករណី​, កត្តា​យានយន្ត​៦​ករណី​, កត្តា​អាកាសធាតុ​១​ករណី និង​កត្តា​ផ្លូវ​១​ករណី​។ លោក​បន្ថែមថា ករណី​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ អ្នកបង្ក​ហេតុ​ចំនួន​១១​នាក់ ជា​អ្នកបើកបរ ត្រូវបាន​កម្លាំង​នគរបាល​សាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​
 
​នាយរង​ការិយាល័យ​រូបនេះ បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ នាំគ្នា​ចូលរួម​គោរ​ច្បាប់​ចរាចរណ៍ និង​បើកបរ​ដោយមាន​ការយោគយល់​អ​ធ្យា​ស្រ័យ​គ្នា​ទៅវិញ​ទៅ​ម ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក​ចរាចរណ៍​នៅ​ខេត្តបន្ទាយមានជ័យ​។​
 
​សូមបញ្ជាក់ថា ដោយ​គិត​ជា​មធ្យម អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងហោចណាស់​ពី​៥​ទៅ​៦ នាក់​ក្នុង​១​ថ្ងៃ​៕ 
 

Tag:
 សង្គម​
  គ្រោះថ្នាក់​ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com