កីឡាជាតិ
ជាតិ
កែវ រំ​ចង់ លុបចោល​ការប្រកួត​ដើមខែ​ក្រោយ​ដោយសារ​របួស​កែវភ្នែក​
28, Nov 2015 , 8:59 am        
រូបភាព
ដោយ:
​កីឡាករ​ជើង​ខ្លាំង​ចិត្តសឿង កែវ រំ​ចង់ បាន​បោះបង់​ការប្រកួត​របស់​ខ្លួន​ក្នុង​កម្មវិធី​មិត្តភាព​កម្ពុជា​-​ថៃ នា​ថ្ងៃទី​៦ ខែធ្នូ នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ ដោយសារ​មាន​របួស​កែវភ្នែក​បន្ទាប់ពី​រូបគេ​ប្រកួត​ជាមួយ​ជនជាតិ​មី​យ៉ាន់​ម៉ា MAUNG JOR នៅក្នុង​កម្មវិធី Thai Fight ប្រទេស​ថៃ កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ​។

 
​បន្ទាប់ពី​យកឈ្នះ​កីឡាករ មី​យ៉ាន់​ម៉ា MAUNG JOR ដោយ​ពិន្ទុ​នៅក្នុង​កម្មវិធី Thai Fight ប្រទេស​ថៃ កីឡាករ​មកពី​ក្លិប​ដំបងក្រញូង​កីឡា​ខេត្តបាត់ដំបង កែវ រំ​ចង់ ត្រូវបាន​ស្ថានីយទូរទស្សន៍​បាយ័ន ផ្គូរ​ផ្គង​ឱ្យ​រូបគេ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ នា​ថ្ងៃទី​៦ ខែធ្នូ ខាងមុខនេះ ប៉ុន្តែ​សម្រាប់​ជំនួប​នេះ​ត្រូវបាន​លុបចោល​ដោយ​រូបគេ​មាន​របួស​កែវភ្នែក​។  
 
​លោក កែវ សំអាង ជា​គ្រូបង្វឹក និង​ជា​ឪពុក​បង្កើត​កីឡាករ កែវ រំ​ចង់ បាន​បញ្ជាក់ថា «​ក្រោយពី​ត្រឡប់​មកពី​ប្រកួត​ជាមួយ​កីឡាករ មី​យ៉ាន់​ម៉ា MAUNG JOR នៅក្នុង​កម្មវិធី Thai Fight ប្រទេស​ថៃ ភ្នែក​របស់​កីឡាករ កែវ រំ​ចង់ មាន​ភាព​ស្រ​កាំៗ​នៅក្នុង​ភ្នែក បន្ទាប់ពី​ត្រូវបាន​កីឡាករ មី​យ៉ាន់​ម៉ា វាយ​ឱ្យមាន​របួស​កែវភ្នែក​។ ហើយ​ស្ថានភាព​ជម្ងឺ​របស់គេ​មិនទាន់មាន​ភាព​ធូ​ស្រាល​នៅឡើយ​ទេ ពេលនេះ​កំពុង​សម្រាក​ព្យាបាល​។  អាស្រ័យហេតុនេះ​ធ្វើឱ្យ កីឡាករ កែវ រំ​ចង់ បោះបង់​ការប្រកួត​ជាមួយ​កីឡាករ​ថៃ នា​ដើមខែ​ក្រោយ​ខាងមុខនេះ​»​។​
 
​លោក កែវ សំអាង បានឱ្យដឹង​ទៀតថា នៅក្នុង​ជំនួប​នា​ដើមខែ​ក្រោយនេះ កីឡាករ កែវ រំ​ចង់ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​ថៃ WAT CHARALEK OR KWANMUENG ជា​កីឡាករ​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​ក្នុងជំនួប​ជាមួយ​កីឡាករ បឺត ខាំ កាលពីពេល​កន្លងទៅ​។ គួរ​បញ្ជាក់ថា កីឡាករ កែវ រំ​ចង់ និង​កីឡាករ WAT CHARALEK OR KWANMUENG ធ្លាប់​ជួបគ្នា​ម្តង​រួចមកហើយ​នៅលើ​សង្វៀន TIFFY ARENA កាលពី​ឆ្នាំ​២០១៣ ដោយ​លទ្ធផល​កីឡាករ កែវ រំ​ចង់ ឈ្នះ​ដោយ​ពិន្ទុ​។ 
 
​កីឡាករ កែវ រំ​ចង់ នឹងត្រូវ​ជួប​ប្រកួត​សងសឹក​ជាមួយ​កីឡាករ IQUEZANG នៅក្នុង​កម្មវិធី Thai Fight ប្រទេស​ថៃ នា​ថ្ងៃទី​៣១ ខែធ្នូ ខាងមុខនេះ បន្ទាប់ពី​ចាញ់​ដោយ​មិន​អស់ចិត្ត​ក្នុងការ​ប្រកួត Thai Fight ប្រទេស​វៀតណាម កាលពី​ខែតុលា កន្លងទៅ​។ ប៉ុន្តែ​មិនដឹងថា​ស្ថានភាព​ជម្ងឺ​កែវភ្នែក​របស់គេ​មាន​ភាព​ធូ​ស្រាល​នៅពេលណា​នោះទេ ដោយសារ​ពេលនេះ​ស្ថិតនៅ​ក្នុងការ​សម្រាក​ព្យាបាល​៕
 

Tag:
 កីឡាប្រដាល់
© រក្សាសិទ្ធិដោយ thmeythmey.com