ជាតិ
ផ្ទះ១ល្វែងនៅសៀមរាបអាចមានតម្លៃដល់ជិត១លានដុល្លារអាមេរិក
× សៀមរាម៖ តម្លៃដីធ្លីនៅក្នុងខេត្តសៀមរាបមានការហក់ឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ។ ដីក៏ឡើងថ្លៃ រីឯផ្ទះល្វែងក៏ឡើងថ្លៃដែរ។ ផ្ទះ១ល្វែងនៅខេត្តសៀមរាបអាចមានតម្លៃដល់ជិត១លានដុល្លារអាមេរិក។
ផ្ទះល្វែងក្នុងតំបន់មិនសូវត្រូវប៉ាន់អាចមានតម្លៃក្រោម ឬលើស១០ម៉ឺនដុល្លារអាមេរិកបន្តិច។ នៅក្នុងតំបន់ត្រូវប៉ាន់មធ្យម មានន័យថា នៅតំបន់ផ្លូវធំៗ ផ្ទះ១ល្វែងអាចមានតម្លៃ២០ម៉ឺន ឬ៣០ម៉ឺនដុល្លារអាមេរិក។ ម្យ៉ាងវិញទៀត ផ្ទះល្វែងអាចមានតម្លៃ៤០ម៉ឺន ឬ៥០ម៉ឺនដុល្លារអាមេរិក ឬអាចមានរហូតដល់ជិត១លានដុល្លារអាមេរិកនៅតំបន់ Pub Street (តំបន់ផ្សារចាស់)នៅក្នុងខេត្តសៀមរាប។
ម្ចាស់ផ្ទះនៅតំបន់ផ្សារចាស់ម្នាក់នៅក្នុងខេត្តទេសចរណ៍សៀមរាប បាននិយាយប្រាប់សារព័ត៌មានថ្មីៗថា ផ្ទះល្វែងជំនាន់បារាំងនេះមានតម្លៃខ្លាំងណាស់ ពីព្រោះ អ្នកជំនួញខ្មែរ និងបរទេសបានជួលយកទៅធ្វើអាជីវកម្ម។ ជំនួញនៅក្នុងតំបន់ Pub Street គឺជាជំនួញដែលរកប្រាក់បានច្រើនជាងគេនៅក្នុងខេត្តសៀមរាប។ ផ្ទះមួយល្វែងត្រូវបានគេជួលក្នុងតម្លៃ២៥០០ដុល្លារអាមេរិក ឬ៤ពាន់ដុល្លារអាមេរិកសម្រាប់ផ្ទះល្វែងនៅកាច់ជ្រុងក្នុង១ខែ។
នៅឯទីក្រុងភ្នំពេញឯណេះវិញ ផ្ទះល្វែង១ជុងនៅជុំវិញផ្សារថ្មីៗ អាចមានតម្លៃរហូតដល់ជិត២លានដុល្លារអាមេរិក។ ផ្ទះល្វែងនៅជុំវិញផ្សារថ្មី ក្រុងភ្នំពេញ ភាគច្រើន ជាផ្ទះល្វែងបើហាងអាជីវកម្មធំៗ ដូចជា លក់គ្រឿងអលង្ការ គ្រឿងអេឡិចត្រូនិក។ល។
© រក្សាសិទ្ធិដោយ thmeythmey.com