អន្តរជាតិ
ចិននឹងសម្ពោធរោងចក្រក្លូនសត្វដ៏ធំក្នុងពិភពលោក នៅដើមឆ្នាំ២០១៦
× រោងចក្រក្លូនសត្វ ដ៏ធំបំផុតក្នុងពិភពលោក នឹងបើកទ្វារនៅដើមឆ្នាំក្រោយនេះ នៅក្រុងTianjinធានជីង ភាគខាងជើងប្រទេសចិន។ រោងចក្រនេះមានទិសដៅផលិតអំប្រ៊ីយ៉ុងសត្វពាហនៈអោយបានមួយលាន ក្នុងមួយឆ្នាំៗ ដើម្បីឆ្លើយតបនឹងតំរូវការចំណីអាហាររបស់ប្រជាជនចិន។
រោងចក្រចិនឈ្មោះ Boyalife មានតម្លៃសាងសង់ជាមធ្យម៣០លានអឺរ៉ូ កំពុងស្ថិតក្នុងការសាងសង់នៅឡើយ លើផ្ទៃដីទំហំ១៤០០០ម៉ែត្រការេ នៅក្រុងធានជីង។ ចិនចង់ផលិតអំប្រ៊ីយ៉ុងសត្វអោយបាន១លានក្នុងមួយឆ្នាំ ដើម្បីឆ្លើយតបតំរូវការអាហាររបស់ប្រជាជនក្នុងស្រុក។ អត្រាកំណើតប្រជាជនចិននៅតែបន្តកើនឥតឈប់។ ហើយគិតតាំងពីដើមទសវត្សឆ្នាំ១៩៧០មក តំរូវការអាហារសាច់សត្វបានកើនឡើង១ជា៤។ ផ្ទុយទៅវិញ កសិករចិនកំពុងជួបការលំបាកក្នុងការងារចិញ្ចឹមសត្វ ដើម្បីធានាអោយបានបរិមាណសាច់តបនឹងតំរូវការចំណីអាហារ។
ទិសដៅក្លូនសត្វរបស់រោងចក្រក៏អាចជួយចិនអោយការពារពូជសត្វដែលជិតផុតពូជបានដែរ បែបយ៉ាងសត្វខ្លាឃ្មុំផេនដា។ រដ្ឋាភិបាលបានស្តុកទុកហ្សែនខ្លាឃ្មុំផេនដា តាំងពីឆ្នាំ២០០៤មក ហើយនឹងយកមកក្លូននៅរោងចក្រBoyalife។ កន្លងមក ជាបទពិសោធន៍ សាខាក្រុមហ៊ុនBoyalife ចិនធ្លាប់សហការក្លូនសត្វឆ្កែMastiffs ទីបេ ៣ក្បាលជាមួយសហគ្រាសកូរ៉េខាងត្បូងឈ្មោះSooam Biotechរួចហើយ។
ដោយឡែក ការដែលរោងចក្រក្លូនសត្វដ៏ធំនេះមានទីតាំងនៅមិនឆ្ងាយពីរោងចក្រគីមី ដែលផ្ទុះសម្លាប់មនុស្ស១៧៣នាក់ កាលពីខែសីហា ប្រជាជនចិនអាចនឹងពិបាកទុកចិត្តលើគុណភាពសាច់សត្វរបស់រោងចក្របាន។ ក្រុមអ្នកវិទ្យាសាស្ត្រក៏មិនសូវទុកចិត្តការងារសហគ្រាសកូរ៉េSooam Biotech ដែលចិនសហការជាមួយដែរ។
ក្រុមអ្នកវិទ្យាសាស្ត្រធ្លាប់ចោទលោកHwang Woo-suk ជាអ្នកបង្កើតសហគ្រាសកូរ៉េនេះ ថាបោកប្រាស់ ដោយសារកាលពីឆ្នាំ២០០៤ លោកHwang Woo-sukបានប្រកាសថា សម្រេចជោគជ័យយកចេញនូវកោសិកាសំខាន់ ចេញមកពីក្លូនអំប្រ៊ីយ៉ុងមនុស្ស។ ជាចំណេះដឹងទូទៅ កាលពីខែកញ្ញា សហភាពអឺរ៉ុបបានសម្រេចហាមឃាត់មិនអោយបរិភោគសាច់សត្វដែលគេក្លូនទេ។ ប៉ុន្តែ នៅតាមប្រទេសផ្សេងៗទៀត ដូចជាអាហ្សង់ទីន ប្រេស៊ីល អាមេរិក កាណាដា រឺនូវែលហ្សេឡង់ គេអាចបរិភោគសាច់ប្រភេទនេះបាន។ អាជ្ញាធរសុខាភិបាលនៅប្រទេសទាំងនេះត្រួតពិនិត្យយ៉ាងហ្មត់ចត់ សាច់សត្វប្រភេទនេះ មុននឹងអនុញ្ញាតអោយលក់លើទីផ្សារ៕
© រក្សាសិទ្ធិដោយ thmeythmey.com