បទយកការណ៍ / បទសម្ភាសន៍
និស្សិតជាច្រើនរអ៊ូថា រៀនចប់ មិនចេះអ្វីសោះ
× និស្សិតជាច្រើនកំពុងតែសួរខ្លួនឯងថា តើពួកគេចេះអ្វីខ្លះ ក្រោយពីពួកគេបញ្ចប់ពីថ្នាក់មហាវិទ្យាល័យ ហើយក្លាយជាក្រុមបញ្ញវន្តនោះ? ទាំងអ្នកកំពុងសិក្សា និងទាំងអ្នកដែលទើបបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ពួកគេបានបង្ហាញអារម្មណ៍ថា ពួកគេគ្មានចំណេះដឹងអ្វីពិតប្រាកដសោះ។ មូលហេតុអ្វី? នៅពេលសួរសំនួរនេះ អ្នកខ្លះឆ្លើយថា គ្រូបង្រៀនខ្វះបច្ចេកទេសបង្រៀន រីឯអ្នកខ្លះទៀត ពួកគេបានស្តីបន្ទោសខ្លួនឯងដែលមិនបានខំប្រឹងរៀនសូត្រ។
តាំងពីចាប់ផ្តើមការសិក្សាថ្នាក់មហាវិទ្យាល័យ កញ្ញា ឈួន ចិន្តា មិនបានចាប់អារម្មណ៍ថា ខ្លួនមិនបានយកចិត្តទុកដាក់ក្នុងការសិក្សានោះឡើយ។ បច្ចុប្បន្ននេះ ចិន្តា ទើបបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកទីផ្សារនៅសកលវិទ្យាល័យជាតិ គ្រប់គ្រង ហើយ ចិន្តា បានភ្ញាក់ខ្លួនថា ចិន្តា មិនបានចេះអ្វីទាំងអស់។ «ខ្ញុំរៀនមិនចេះទេក្នុងរយៈពេល៤ឆ្នាំនេះ ហើយមិនដឹងថាជំនាញរៀនចប់នេះអាចយកទៅបម្រើការងារបានឬអត់»? ចិន្តា ពោលប្រាប់ដោយមិនលាក់លៀមការខ្មាសអៀនឡើយ ហើយក៏បានប្រកាសទទួលស្គាល់កំហុសខ្លួនឯង ដែលមិនបានខិតខំរៀនសូត្រក្នុងរយៈពេល៤ឆ្នាំកន្លងមក។
ថាច់ គឹមថាញ់ ដែលជាយុវជនខ្មែរកម្ពុជាក្រោម ហើយដែលកំពុងសិក្សាមហាវិទ្យាអក្សរសាស្ត្រខ្មែរក្នុងក្របខណ្ឌ អាហារូបករណ៍របស់កម្ពុជានោះ ក៏ទទួលស្គាល់កំហុសខ្លួនឯង ដែលមិនបានខិតខំរៀនសូត្រដែរ។ មិនមែនថា គឹមថាញ់ ខ្ជិលពេកនោះទេ ប៉ុន្តែគឹមថាញ់ បញ្ជាក់ថា មកពីខ្លួនត្រូវធ្វើការដើម្បីរកប្រាក់ឧបត្ថម្ភការរៀនសូត្រ«ខ្ញុំ មិនសូវបានសិក្សាបន្ថែម ស្រាវជ្រាវបន្ថែម ព្រោះក្រោយពីរៀនហើយទៅធ្វើការ ហើយពេលធ្វើការនឿយហត់ ខ្ញុំគ្មានអារម្មណ៍រៀន។ ខ្ញុំមិនបានមើលសៀវភៅគ្រប់គ្រាន់»។ នេះជាការពន្យល់របស់ គឹមថាញ់។ ប៉ុន្តែ គឹមថាញ់ ហាក់នៅមានពេលសម្រាប់ការកែប្រែខ្លួន ដោយសារតែគឹមថាញ់ ទើបតែនៅរៀននៅឆ្នាំទី២ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ការមិនយកចិត្តទុកដាក់រៀនសូត្ររបស់និស្សិតគឺជារឿងមួយ ប៉ុន្តែនិស្សិតមួយចំនួនទៀតបានដាក់ការទទួលខុសត្រូវទៅលើគ្រូបង្រៀនវិញ។ ពួកគេស្តីបន្ទោសថា គ្រូបង្រៀនខ្លះមិនមានបច្ចេកទេសបង្រៀន ហើយថានិស្សិតដែលអាចខ្ជិលបាន ក៏ដោយសារតែគ្រូបង្រៀនមិនដាក់ពិន័យតឹងតែងដែរ។
យុវជន ខេង វណ្ណដេត ដែលកំពុងសិក្សានៅសាកលវិទ្យាល័យការពារជាតិផង និងសាកលវិទ្យាល័យអាស៊ីអឺរ៉ុបផងនោះ និយាយយ៉ាងដូច្នេះ៖«ខ្ញុំយល់ថាគ្រូខ្លះបង្រៀនលឿនពេក ឬពន្យល់លឿនពេក។ ហើយពេលខ្លះគាត់បង្រៀនតាមសិស្សណាពូកែ សិស្សចេះ មិនតាមសិស្សមិនសូវចេះនោះទេ»។ វណ្ណដេត បន្តថាគ្រូបង្រៀនខ្លះគិតតែបង្រៀនខ្លួនឯង ដោយមិនបានខ្វល់ពីរឿងសិស្សបានយល់ ឬមិនបានយល់ឡើយ។
កញ្ញា យិន រូយ៉ា ជាសិស្សរៀនពូកែផ្នែកអក្សរសាស្ត្រភាសាអង់គ្លេសម្នាក់នៅ សាកលវិទ្យាល័យអាស៊ីអឺរ៉ុប។ ថ្វីដ្បិតរូយ៉ា ទទួលស្គាល់ថា មាននិស្សិតខ្លះមិនយកចិត្តទុកដាក់រៀនសូត្រដោយខ្លួនឯងមែន ប៉ុន្តែរូយ៉ាក៏កត់សម្គាល់ថា ការដែលនិស្សិតមិនអាចរៀនចេះចាំនោះ ក៏ដោយសារតែគ្រូបង្រៀនមួយចំនួនមិនយកចិត្តទុកដាក់ក្នុងការបង្រៀនដែរ។ រូយ៉ា រំឮកយ៉ាងដូច្នេះ៖«ពេលខ្លះសិស្សយកចិត្តទុកដាក់សិក្សា តែបែរជាគ្រូបង្រៀនដូចជាលេងសើច ពន្យល់មិនច្បាស់ គិតតែដាក់កិច្ចការឲ្យសិស្សធ្វើទៅវិញ ដោយសារតែពួកគាត់រវល់បង្រៀន២ ឬ៣សាកលវិទ្យាល័យ»។
និស្សិតរៀនមិនចេះ គឺមកពីការសិក្សាថ្នាក់នៅក្រោមខ្សោយ។ នេះជាយោបល់របស់លោក សុខ ទូច ដែលជាសាកលវិទ្យាធិការនៃសាកលវិទ្យាខេមរៈ ដែលបន្តលើកឡើងថា កម្រិតនៃការអាននៅទាប កង្វះបណ្ណាល័យ សៀវភៅជាភាសារបរទេសមានច្រើនជាសៀវភៅភាសាខ្មែរ ជាដើម ទាំងអស់នេះហើយ ដែលសម្រាប់លោក សុខ ទូច វាជាមូលហេតុដែលធ្វើឲ្យចំណេះដឹងសិស្សខ្សោយ នៅកម្រិតសិក្សាមុនថ្នាក់មហាវិទ្យាល័យ។ លោក សុខ ទូច ពន្យល់ថា៖«នៅពេលយើងបន្តឹងការសិក្សានៅថ្នាក់ឧត្តមសិក្សា ខណៈដែលកម្រិតចំណេះដឹងនិស្សិតនៅទាបនោះ សិស្សចាប់ផ្ដើមធុញថប់ រៀនអត់ចេះ។ សិស្សមិនដែលមិនទម្លាប់អានសៀវភៅដល់ពេលគ្រូចាប់ផ្ដើមឲ្យខំប្រឹងអាន សៀវភៅ ពួកគេចាប់ផ្ដើមធុញនឹងការអាន។ សិស្សខ្លះមានតែទ្រឹស្ដីខ្វះការអនុវត្ត»។
ក្រៅពីបញ្ហានិស្សិត និងគ្រូបង្រៀន មន្ត្រីជាន់ខ្ពស់នៃក្រសួងអប់រំលោក រស់ សាលីន ក៏សង្ស័យទៅលើកម្មវិធីសិក្សា ឬប្រព័ន្ធអប់រំខ្លះដែរ។ ហេតុដូច្នេះហើយបានជាអ្នកនាំពាក្យក្រសួងអប់រំរូបនេះប្រាប់ឲ្យដឹងថា ក្រសួងអប់រំ នឹងចុះត្រួតពិនិត្យ នៅតាមគ្រឹះស្ថានអប់រំទាំងអស់នៅទូទាំងប្រទេស ចាប់ពីខែកក្កដា ដល់ចុងឆ្នាំ២០១៥ ដើម្បីប្រមូលព័ត៌មានស្ដីពីគុណភាពអប់រំ នៅតាមគ្រឹះស្ថានទាំងនោះ។ គម្រោងនេះស្ថិតនៅក្នុងយុទ្ធនាការ នៃវាយតម្លៃ និងការពង្រឹងគុណភាពអប់រំថ្នាក់ឧត្តមសិក្សានៅឆ្នាំ២០១៦ខាងមុខ។
លោក រស់ សាលីន បញ្ជាក់យ៉ាងដូច្នេះថា៖«បច្ចុប្បន្ននេះយើងកំពុងរៀបចំសកម្មភាពចុះ ប្រមូលព័ត៌មានពីគ្រឹះស្ថានចំនួន១១ជាមុនសិន។ក្រុមការងារប្រមូលព័ត៌មាន រួមមាន មន្ត្រីក្រសួងអប់រំ ក្រុមប្រឹក្សាក្រសួងអប់រំ នាយកដ្ឋានក្រសួងអប់រំ ដែលត្រូវត្រួតពិនិត្យ និងពិភាក្សាជាមួយសាកលវិទ្យាធិការ អំពីកម្មវិធីសិក្សា សា្ថនភាពជាក់ស្ដែង ដើម្បីពង្រឹងស្ដង់ដារជំនាញ ពង្រឹងផ្ដោតលើគុណភាពអប់រំថ្នាក់ឧត្តមសិក្សាឆ្នាំ២០១៦»។
ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំនេះក៏ជំរុញឲ្យគ្រឹះស្ថានអប់រំថ្នាក់ឧ ត្តមសិក្សាទាំងអស់ ចាប់ផ្ដើមពង្រឹងគុណភាពអប់រំក្នុងកម្មវិធីសិក្សារបស់ខ្លួន ចាប់ពីពេលនេះដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com