ជាតិ
នយោបាយជាតិ
មេធាវីរបស់សកម្មជនCNRPនៅខេត្តស្វាយរៀង នឹងដាក់សំណើរទៅតុលាការសុំនៅក្រៅឃុំ
× មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទឫទ្ធី បានឲ្យដឹងថា មេធាវីការពារសកម្មគណបក្ស២រូប នៅខេត្តស្វាយរៀង នឹងដាក់សំណើរទៅតុលាការនៅថ្ងៃទី៣០ វិច្ឆិកា ដើម្បីស្នើសុំឲ្យសកម្មជនខ្លួនទាំងពីររូបនេះ នៅក្រៅឃុំបណ្ដោះអាសន្នសិន មុននឹងតុលាការបើកសវនាការលើករណីក្លែងឯកសារសំបុត្រកំណើតបន្តទៀត។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃសៅរ៍នេះ លោក អ៊ូ ច័ន្ទឫទ្ធិ បានបញ្ជាក់ថា ការចាប់ខ្លួនសកម្មជននេះជារឿងនយោបាយ ហើយការដោះលែងសកម្មជនគណបក្សខ្លួនទាំងពីររូបនេះឲ្យមានសេរីភាពឡើងវិញបាន លុះត្រាតែមានដំណោះស្រាយនយោបាយ។
កន្លងមកម្ចាស់សំបុត្រកំណើត ធ្លាប់អះអាងថា អាជ្ញាធរខេត្តស្វាយរៀង ពិតជាសរសេរខុសថាខេត្តស្វាយរៀង ប្រទេសវៀតណាមពិតមែន។នេះបើតាមលោក អ៊ូ ច័ន្ទឫទ្ធិ ដែលបានឲ្យមន្ត្រីខ្លួននៅខេត្តស្វាយរៀង ចុះជួបម្ចាស់សំបុត្រកំណើតនោះ។
សកម្មជនគណបក្សសង្គ្រោះជាតិពីររូប គឺលោក សុខ សំអ៊ាន ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ និងលោក នង សារិទ្ធ សមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិក្រុងបាវិតត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៩ វិច្ឆិកា ដោយចោទថា ពួកគេបានសរសេរក្លែងឯកសារសំបុត្រកំណើត បង្ហោះតាមហ្វេសប៊ុក ថា ទឹកដីស្រុកចន្ទ្រា ខេត្តស្វាយរៀង ប្រទេសវៀតណាម។ សាលាដំបូងខេត្តស្វាយរៀងបានសម្រេចឃុំខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិពីររូបនោះ នៅពន្ធនាគារខេត្ត ដោយចោទពីបទក្លែងឯកសារសាធារណៈនិងញុះញង់ឲ្យមានបទឧក្រិដ្ឋពាក់ព័ន្ធនឹងការបង្ហោះសំបុត្រកំណើត៕
© រក្សាសិទ្ធិដោយ thmeythmey.com