ជាតិ
តំណាងរាស្ត្រCNRP អាចនឹងមិនចូលរួម មហាសន្និបាតសភាតំបន់អាស៊ីលើកទី៨
× តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទំនងជាអាចមិនចូលរួមមហាសន្និបាតសភាតំបន់អាស៊ី (APA) ដែលមានប្រទេសចំនួន២៣ ចូលរួមនោះទេ ដោយសារតែបញ្ហានយោបាយមិនទាន់មានដំណោះស្រាយ។ អ្នកនាំពាក្យរដ្ឋសភា យល់ថា ការមិនចូលរួមមហាសន្និបាតគឺជាសិទ្ធិរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ តែមិនប៉ះពាល់ដល់មុខមាត់កម្ពុជានោះឡើយ។កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះមហាសន្និបាតសភាតំបន់អាស៊ី (APA) លើកទី៨ រយៈពេល៦ថ្ងៃចាប់ពីថ្ងៃទី០៧ ដល់ ថ្ងៃទី១២ ខែធ្នូ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ដើម្បីពិភាក្សាក្រោមប្រធានបទ «ការជំរុញសន្តិភាព ការផ្សះផ្សា និងការសន្ទនានៅតំបន់អាស៊ី» ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានបញ្ជាក់ថា តំណាងរាស្ត្រគណបក្សលោក មិនទាន់ច្បាស់ថា នឹងចូលរួមមហាសន្និបាតសភាតំបន់អាស៊ីនេះឬអត់ទេ ព្រោះមិនទាន់មានដំណោះស្រាយនយោបាយលើបញ្ហាដកអភ័យឯកសិទ្ធិតំណារាស្ត្រ លោក សម រង្ស៊ី ការដកតួនាទីអនុប្រធានសភាលោក កឹម សុខា និងអំពើហិង្សាលើតំណាងរាស្ត្របក្សខ្លួន។«យើងរងចាំមើលដំណោះស្រាយបញ្ហាលើអភ័យឯកសិទ្ធិលោកប្រធាន សម រង្ស៊ី ការដកតួនាទីអនុប្រធានលោក កឹម សុខា និងអំពើហិង្សាលើតំណាងរាស្ត្រ។ បើទាន់មានដំណោះស្រាយបញ្ហានយោបាយនេះ យើងក៏មិនទាន់ច្បាស់ថានឹងចូលរួមមហាសន្និបាតសភានេះដែរ ឬយ៉ាងណាទេ»។នេះជាការបញ្ជាក់របស់លោក យឹម សុវណ្ណ មុននឹងលោកបន្ថែមថា បញ្ហានយោបាយទាំងអស់នេះ គឺជាមូលហេតុដែលធ្វើឲ្យតំណាងរាស្ត្របក្សខ្លួនពិបាកសម្រេចចិត្តចូលរួម។
តែយ៉ាងណាអ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង យល់ថា ការចូលរួម ឬមិនចូលរួមគឺជាសិទ្ធិក្នុងការសម្រេចរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។ ហើយបើទោះជាមិនមានអ្នកចូលរួមក៏មិនមានបញ្ហាអ្វីប៉ះពាល់ដល់មុខមាត់កម្ពុជានោះដែរ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកនាំពាក្យរដ្ឋសភារូបនេះ អត្ថាធិប្បាយយ៉ាងដូច្នេះ៖«យើងមិនទាន់ដឹងថា ពួកគាត់ចូលរួម ឬមិនចូលរួមនោះទេ ព្រោះពួកគាត់មានការចាត់តាំងពីសភាតាមតួនាទីគណៈកម្មការនីមួយៗ។ ប៉ុន្ដែបើពួកគាត់មិនចូលរួមនោះគឺជាសិទ្ធិរបស់ពួកគាត់ ហើយយើងក៏មិនអាចធ្វើអ្វីពួកគាត់ដែរ។ ហើយក៏មិនប៉ះពាល់ដល់មុខមាត់កម្ពុជាដែលជាម្ចាស់ផ្ទះមហាសន្និបាតនោះទេ ព្រោះប្រទេសផ្សេងទៀត ក៏មានតំណាងរាស្ត្រខ្លះចូលរួម ខ្លះមិនចូលរួមដែរ»។
អនុប្រធានទី២នៃរដ្ឋសភា លោក ងួន ញិល បានឲ្យដឹងថា មហាសន្និបាតនេះនឹងមានការចូលរួមពីប្រទេសជាសមាជិកសភាតំបន់អាស៊ី(APA)ចំនួន ២៣ ប្រទេសរួមទាំងកម្ពុជា។ ក្រៅពីនេះក៏ការអញ្ជើញចូលរួមពីអគ្គលេខាធិការសភាតំបន់អាស៊ី(APA) លោក NEJAD Hosseinian និងប្រធានទី១នៃសភាតំបន់អាស៊ី(APA) លោក HADDAD Adel ។ គណៈប្រតិភូដែលដឹកនាំដោយប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភា ចំនួន២ប្រទេស និងគណៈប្រតិភូដែលដឹកនាំដោយអនុប្រធានរដ្ឋសភាចំនួន ៤ប្រទេស។
សូមបញ្ជាក់ថា មហាសន្និបាតសភាតំបន់អាស៊ី (APA) នឹងមានកិច្ចប្រជុំគណៈកម្មាធិការចំពោះកិច្ចស្តីពីបទបញ្ញត្តិហិរញ្ញវត្ថុ និងការគ្រប់គ្រងបុគ្គលិក។ កិច្ចប្រជុំក្រុមការងារចំពោះកិច្ចស្តីអំពីច្បាប់រួមក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរវត្ថុវប្បធម៌នៅក្នុងតំបន់អាស៊ី។ ការបង្កើតសភាអាស៊ី និងសមាជិកសភាប្រឆាំងនឹងអំពើពុករលួយ និងពិភាក្សាពាក់ព័ន្ធបញ្ហានយោបាយ សេដ្ឋកិច្ចនិងការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចការសង្គម វប្បធម៌ និងបញ្ហាស្ត្រី៕
© រក្សាសិទ្ធិដោយ thmeythmey.com