បទវិភាគ
ពីនេះ ពីនោះ
ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បង្ហាញ​ទម្រង់​ច្រើនជាង​ខ្លឹមសារ​!
29, Nov 2015 , 4:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ចាប់តាំងពី​ឆ្នាំ​១៩៩៣​មក កម្ពុជា​បាន​ប្រកាន់យក​របប​នយោបាយ​ប្រជាធិបតេយ្យ សេរី ពហុបក្ស​។ ចាប់ពីពេលនោះ​មក ជា​បណ្ដើៗ ខ្លឹមសារ​នៃ​លទ្ធិប្រជាធិបតេយ្យ ត្រូវបាន​បញ្ជ្រាប​ចូលមកក្នុង​សង្គម​ខ្មែរ តាមរយៈ​យន្តការ​ផ្សេងៗ ដូចជា ប្រព័ន្ធ​ច្បាប់​, ទំនាក់ទំនង​អន្តរជាតិ​, ប្រទេស​ជា​ដៃគូ​, អង្គការក្រៅរដ្ឋាភិបាល​, គណបក្សនយោបាយ និង ប្រព័ន្ធ​អប់រំ​។ ជារួម រហូតមកដល់​ពេលនេះ ពលរដ្ឋ​កម្ពុជា​គ្រប់​ស្រទាប់ តិច​ឬ​ច្រើន បាន​យល់​អំពី​ខ្លឹមសារ​នៃ​លទ្ធិប្រជាធិបតេយ្យ​។ ដោយឡែក ក្នុងការ​គ្រប់គ្រង​រដ្ឋ​ពីលើ​ដល់​ក្រោម គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ ក៏ត្រូវ​បាន​គេ​បញ្ចូល​ដែរ​ក្នុង​រចនាសម្ព័ន្ធ​និង​បទដ្ឋាន​គតិយុត្ត​ផ្សេងៗ​។ ប៉ុន្តែ ក្នុងការ​អនុវត្ត​ជាក់ស្ដែង​វិញ អត្ថន័យ​នៃ​ប្រជាធិបតេយ្យ ត្រូវបាន​គេ​យកមកអនុវត្ត ឬ គោរព​តិចតួច​បំផុត​។​


 
​ឆ្លងតាម​ការវិវត្ត​ខាង​នយោបាយ​និង​សង្គម គេ​បាន​សង្កេតឃើញថា រូបភាព​ឬ​ទម្រង់​នៃ​លទ្ធិប្រជាធិបតេយ្យ ពិត​ជាមាន​អត្ថិភាព​ក្នុងសង្គម​ខ្មែរ​ប្រាកដ​មែន ដូចជា​៖ 
1.​ ​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ​ដែលជា​ច្បាប់កំពូល​របស់​ជាតិ បានចែង​អំពី​ការប្រកាន់យក​រប​បន​យោ​បាយ​ប្រជាធិបតេយ្យ សេរី ពហុបក្ស​។​
 
2.​ ​ការដឹកនាំ​រដ្ឋ​ដោយមាន​ការចូលរួម​ពី​គណបក្សនយោបាយ​លើសពី​មួយ​
 
3.​ ​ការឡើង​កាន់អំណាច​ធ្វើឡើង​តាមរយៈ​ការបោះឆ្នោត ដែល​ក្នុងនោះ​មាន​បក្សនយោបាយ​ច្រើន​ចូលរួម​ប្រកួតប្រជែង​។​
 
4.​ ​មានការ​បែងចែក​អំណាច​ទាំងបី​(​នីតិ​បញ្ញត្ត នីតិប្រតិបត្តិ និង តុលាការ​)​ដាច់ចេញ​ពីគ្នា ទាំង​ថ្នាក់ជាតិ និង ថ្នាក់ក្រោម​ជាតិ​
 
5.​ ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ផ្អែកលើ​ទីផ្សារសេរី ដែលមាន​ការចូលរួម​ពី​វិស័យ​ឯកជន​
 
​ទោះបីជា​យ៉ាងនេះ​ក៏ដោយ ប្រសិនបើ​គេ​ពិនិត្យ​ឱ្យ​ស៊ីជម្រៅ​បន្តិច គេ​នឹង​មើលឃើញថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា មានតែ​ទម្រង់​ប៉ុណ្ណោះ ឯ​ខ្លឹមសារ​វិញ មាន​តិចតួច​បំផុត​។ មាន​ភស្តុតាង​ជាច្រើន ដែល​អាច​យកមក​ធ្វើជា​បង្អែក​ចំពោះ​អំណះអំណាង​ខាងលើនេះ​។ ភស្តុតាង​ទាំងនោះ មានដូចជា​៖
 
1.​ ​ថ្វីបើ​ក្នុង​រដ្ឋធម្មនុញ្ញ បានចែង​អំពី​ការប្រកាន់យក​រប​បន​យោ​បាយ​ប្រជាធិបតេយ្យ សេរី ពហុបក្ស ប៉ុន្តែ ការបកស្រាយ​ខ្លឹមសារ​ទាក់ទង​នឹង​ប្រជាធិបតេយ្យ នៅ​មិនទាន់​ឯកភាពគ្នា​នៅឡើយ ក្នុងចំណោម​អ្នកច្បាប់ និង អ្នកនយោបាយ​នានា​។ លើសពីនេះទៅទៀត ទោះបីជា​ចំណុច​ខ្លះ​ដែលមាន​អត្ថន័យ​ច្បាស់លាស់​ក៏ដោយ ក៏​មិន​ត្រូវបាន​គេ​គោរព​យ៉ាង​ហ្មត់ចត់​ដែរ​។​
 
2.​ ​បើទោះបីជា​ក្នុងការ​ដឹកនាំ​រដ្ឋ មានការ​ចូលរួម​ពី​គណបក្សនយោបាយ​លើស​ពីមួយ​ក៏ដោយ ក៏​វា​ត្រូវបាន​គេ​មើលឃើញថា បក្ស​ដែល​ទទួលបាន​សម្លេង​ភាគច្រើន អាច​រៀបចំ​រដ្ឋាភិបាល​ដោយ​ខ្លួនឯងបាន មិន​គ្រាន់តែ​មិនដែល​ឱ្យ​តម្លៃ​បក្ស​ដែលមាន​សម្លេង​ភាគតិច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ថែមទាំង​គា​បស​ង្គ​ត់ប​ក្ស​ដែលមាន​សំឡេង​ភាគតិច​នេះ​ទៀតផង​។​
 
3.​ ​ថ្វីបើ​ការឡើង​កាន់អំណាច​ធ្វើឡើង​តាមរយៈ​ការបោះឆ្នោត ដោយមាន​បក្សនយោបាយ​ច្រើន​ចូលរួម​ប្រកួតប្រជែង​ក៏ដោយ ក៏​ក្នុងការ​ប្រកួតប្រជែង​នោះ ត្រូវបាន​គេ​មល​ឃើញថា មិនមាន​លក្ខណៈ​ស្មើភាព​គ្នា​ទេ ដោយ​បក្ស​កាន់អំណាច​តែងតែ​ប្រើប្រាស់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ និង មធ្យោបាយ​របស់​រដ្ឋ ដូចជា យក​អំណាច​រដ្ឋ តុលាការ និង ប្រព័ន្ធ​ផ្សព្វផ្សាយ​...​មកប្រើប្រាស់ ដើម្បី​យក​ប្រៀប​លើ​បក្ស​ផ្សេងៗ​ដែល​បាន​ចូល​រួ​ប្រកួតប្រជែង​។    
 
4.​ ​ថ្វី​បើជា​ទម្រង់ មានការ​បែងចែក​អំណាច​ទាំងបី គឺ​នីតិបញ្ញត្តិ នីតិប្រតិបត្តិ និង តុលាការ ដាច់ចេញ​ពីគ្នា​ក៏ដោយ ក៏​នៅក្នុង​ការប្រតិបត្តិ​ជាក់ស្ដែង ត្រូវបាន​គេ​មើលឃើញថា ស្ថាប័ន​នីតិប្រតិបត្តិ ឬ បក្ស​កាន់អំណាច ឬ បុគ្គល​មានអំណាច​ខ្ពស់បំផុត មាន​អានុភាព​លើ​ស្ថាប័ន​នីតិបញ្ញត្តិ និង តុលាការ ដែល​ធ្វើឱ្យ​សាធារណមតិ​ជាតិ​និង​អន្តរជាតិ រិះគន់ថា ស្ថាប័ន​នីតិបញ្ញត្តិ និង តុលាការ គ្រាន់តែ​ជា​សេនាធិការ ឬ ជា​ឧបករណ៍ បម្រើឱ្យ​ស្ថាប័ន​នីតិប្រតិបត្តិ ឬ បក្ស​កាន់អំណាច តែប៉ុណ្ណោះ​។ 
 
5.​ ​ថ្វីបើ ការអភិវឌ្ឍ​សេដ្ឋកិច្ច​ផ្អែកលើ​ទីផ្សារសេរី ដែលមាន​ការចូលរួម​ពី​វិស័យ​ឯកជន ប៉ុន្តែ ត្រូវបាន​គេ​ចោទប្រកាន់ថា ការប្រកួតប្រជែង​លើ​ទីផ្សារសេរី​នៅ​កម្ពុជា ធ្វើឡើង​ដោយ​មិន​ស្មើភាព​គ្នា និង គ្មាន​តម្លាភាព​ទេ ពីព្រោះ ឈ្មួញ​ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អ្នកមានអំណាច តែងតែមាន​ប្រៀប​ជាង​ឈ្មួញ​ដែល​រកស៊ី​ធម្មតា ហើយ​គ្មាន​ខ្នងបង្អែក​ជា​អ្នកធំ​។​
 
​យោងតាម​សក្ខីភាព​ទាំងអស់នេះ គេ​អាច​សន្និដ្ឋានបានថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា មានតែ​ទ្រង់​ប៉ុណ្ណោះ ឯ​ខ្លឹមសារ​របស់​វា មិនទាន់​ត្រូវបាន​គេ​អនុវត្តបាន​ច្រើន​នៅឡើយ​ទេ បើទោះបីជា ពលរដ្ឋ​កម្ពុជា មានការ​យល់ដឹង​ច្រើន​អំពី​វា​ក៏ដោយ​។ ក្នុង​សភាព​បែបនេះ វា​បង្ក​លក្ខខណ្ឌ​ឱ្យ​មនុស្ស​ជាច្រើន​នៅតែ​ចង់​ក្រាញ​អំណាច​មិន​ព្រម​ផ្លាស់ប្ដូរ រាប់ទាំង​រចនាសម្ព័ន្ធ​ថ្នាក់ក្រោម​រហូតដល់​លើ ដូចជា នាយក​សាលា ប្រធាន​អង្គការ ប្រធាន​សមាគម ប្រធាន​ស្ថាប័នរដ្ឋ​គ្រប់​ជាន់ថ្នាក់ ប្រធាន​បក្សនយោបាយ រួមទាំង​ស្ថាប័នរដ្ឋ​ធំៗ​ដែរ​។ លើសពីនេះ​ទៀត សភាព​បែបនេះ ក៏បានផ្ដល់​ឱកាស​ឱ្យ​អ្នកដឹកនាំ​និង​អ្នកគ្រប់គ្រង ដែលមាន​ស​ម្លែ​ង​ភាគច្រើន អាចធ្វើ​អ្វីៗ​តាម​ទំនើងចិត្ត​របស់ខ្លួន​ទោះបីជា​ត្រូវ​ឬ​ខុស​ក៏ដោយ និង អាច​រស់នៅ​សោយសុខ​លើ​គំនរ​ទុក​របស់​ពលរដ្ឋ​ឬ​អ្នកទន់ខ្សោយ​៕

Tag:
 នយោបាយ
  សង្គម​
© រក្សាសិទ្ធិដោយ thmeythmey.com