បទវិភាគ
ពីនេះ ពីនោះ
សេដ្ឋកិច្ច​ខ្មែរ​ដកដង្ហើម​តាម​ច្រមុះ​បរទេស​មែនឬ​?
29, Nov 2015 , 9:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សេដ្ឋកិច្ច​ស្ទើរ​គ្រប់​វិស័យ​របស់​កម្ពុជា បាន​ពឹងផ្អែក​មួយផ្នែកធំ​លើ​បរទេស​។ ទោះបី​កម្ពុជា​ត្រូវ​បើកចំហ​ជើងមេឃ ដោយ​ផ្សារភ្ជាប់​ទៅក្នុង​សមាហរណកម្ម​តំបន់ និង​ពិភពលោក​ក៏ដោយ ប៉ុន្តែ​ការពឹងផ្អែក​ពេក​ទៅលើ​បរទេស គឺ​រឿង​ដ៏​គ្រោះថ្នាក់​សម្រាប់​សេដ្ឋកិច្ចជាតិ​។ ការ​ដាច់​ចរន្តអគ្គិសនី​នៅ​យប់​ពីថ្ងៃ​ទី​២៦ វិច្ឆិកា ថ្មីៗ​នេះ គឺ​ឧទាហរណ៍​ជាក់ស្តែង​ស្រាប់​។

 

​វិស័យសេដ្ឋកិច្ច​កម្ពុជា បាន​ពឹងផ្អែក​ស្ទើរ​ទាំងស្រុង​លើ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​។ ការរីកចម្រើន​លើ​វិស័យ​កាត់ដេរ​សំលៀកបំពាក់ និង​ស្បែកជើង​នៅ​កម្ពុជា បានធ្វើ​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច​មួយ​ចំណែក​ធំ​។ វិស័យនេះ បាន​ពឹង​ស្ទើរ​ទាំងស្រុង​លើ​ការវិនិយោគ​ពី​ជនបរទេស ជាពិសេស ចិន កូរ៉េ និង​ជប៉ុន​ជាដើម​។ បើ​យោងតាម​វិទ្យាស្ថាន​សេដ្ឋកិច្ចកម្ពុជា គិត​ចាប់តាំងពី​ឆ្នាំ​១៩៩៥​មក វិស័យ​កាត់ដេរ បាន​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ប្រមាណ​ជា ២% ក្នុង​មួយឆ្នាំៗ​។ ដ្បិត​វិស័យនេះ បាន​លើក​កំណើន​សេដ្ឋកិច្ចជាតិ ប៉ុន្តែ កម្ពុជា​អាច​ទាញ​ពី​ប្រយោជន៍​ពី​វិស័យនេះ បាន​តាមរយៈ​កម្លាំង​ពលកម្ម និង​ពន្ធដារ ក្រៅពីនេះ ដូចជា វត្ថុធាតុដើម និង​ឧបករណ៍ ដើម្បី​ដំណើរការ​ផលិតកម្ម គឺ​ត្រូវបាន​នាំចូល​ទាំងស្រុង​ពី​បរទេស​។​
 
​ចំណែក​វិស័យ​ពាណិជ្ជកម្ម​វិញ កម្ពុជា​ត្រូវបាន​គេ​មើលឃើញថា មានការ​នាំចូល​ច្រើន ជាង​ការនាំចេញ​។ សម្ភារៈ​ស្ទើរ​គ្រប់​ប្រភេទ​ទាំង​គ្រឿង​បរិភោគ និង​សម្ភារ​ប្រើប្រាស់ ត្រូវបាន​ប្រទេសជិតខាង​នាំចូល ដើម្បី​បំពេញតម្រូវការ​របស់​ប្រជាជន​កម្ពុជា​។ ឥទ្ធិពល​សេដ្ឋកិច្ច​របស់​ប្រទេស​វៀតណាម និង​ថៃ បានធ្វើ​ឲ្យ​កម្ពុជា​ហាក់​ចាញ់​ប្រៀប​លើ​ផ្នែក​នយោបាយ​ការបរទេស​។ របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម​បានបង្ហាញ​ថា ការនាំចេញ​របស់​កម្ពុ​ជា​កាលពី​ឆ្នាំ​២០១៤​មាន​ចំនួន​៧៤០០​លាន​ដុល្លារ​អាមេរិក ក្នុងខណៈ​ពេលដែល​ការនាំ​ចូល​មាន​ចំនួន​ទឹកប្រាក់​ដល់ ១០ ៦០០​លាន​ដុល្លារ​អាមេរិក​។ 
 
​រីឯ​វិស័យ​ថាមពល​វិញ កម្ពុជា​បាន​ខិតខំ​ពង្រឹង​យ៉ាងខ្លាំង​ក្លា ដូចជា មានការ​បង្កើត ទំនប់​វា​រី​អគ្គិសនី​ជា​បន្តបន្ទាប់​។ គោលបំណង គឺ​បង្កើត​ឲ្យ​មាន​សុវត្ថិភាព​ថាមពល​។ តែ​ពេល​បច្ចុប្បន្ននេះ វិស័យនេះ កម្ពុជា​នៅតែ​បន្ត​ពឹង​លើ​ប្រទេសជិតខាង​ទាំងពីរ​គឺ​ថៃ និង​វៀតណាម​។ នៅ​ម្ខាង​ជាប់​ព្រំដែន​វៀតណាម ប្រជាជន​កម្ពុជា​តាម​ខេត្ត​ជាប់​ព្រំដែន បាន​ប្រើប្រាស់​អគ្គិសនី​ដែល​ផ្គត់ផ្គង់​ដោយ​ប្រទេស​វៀតណាម​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ រាជធានី​ភ្នំពេញ មួយផ្នែកធំ បាន​ប្រើប្រាស់​អគ្គិសនី​ដែល​ទិញ​ពី​វៀតណាម​។ ជាក់ស្តែង​កាលពី​យប់​ថ្ងៃទី​២៦ វិច្ឆិកា ឆ្នាំ​២០១៥ កន្លងទៅ​ថ្មីៗ​នេះ ភ្នំពេញ​និង​តាម​ខេត្ត​មួយចំនួន បាន​ដាច់​ចរន្តអគ្គិសនី​។ ហើយ​ការ​ដាច់​ចរន្ត​នេះ ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី  ហ៊ុន សែន បាន​មានប្រសាសន៍ថា ដោយសារ​កម្ពុជា​ទិញ​អគ្គិសនី​ចំនួន​២០០​មេ​ហ្កា​វ៉ា​ត់ ពី​ប្រទេស​វៀតណាម ដើម្បី​ផ្គត់ផ្គង់​ការប្រើប្រាស់​នៅក្នុង​ស្រុក ហើយ​ការ​ដាច់​ចរន្តអគ្គិសនី​គឺ​ដោយសារតែ​ប្រទេស​វៀតណាម​ដាច់​ចរន្តអគ្គិសនី​។ ហើយ​អ្នក​នៅ​ម្ខាង​ជាប់​ព្រំដែន​កម្ពុជា​ថៃ ប្រជាជន​កម្ពុជា​នៅតាម​ព្រំដែន​បាន​ប្រើប្រាស់​អគ្គិសនី​ដែល​ទិញ​ពី​ប្រទេស​ថៃ​។​
 
​លើសពីនេះ ការជះឥទ្ធិពល​របស់​លុយ​បរទេស ក៏បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រាក់រៀល​ខ្មែរ​ផងដែរ​។ អ្នក​នៅជាប់​ព្រំដែន​វៀតណាម ពេញនិយម​ចាយលុយ​ដុង​របស់​វៀតណាម​។ ឯ​អ្នក​នៅជាប់​ព្រំដែន​កម្ពុជា​ថៃ ពេញនិយម​ចាយលុយ​បាត​របស់​ប្រទេស​ថៃ​។ ចំណែក​ប្រជាជន​នៅ​កណ្តាល និង​រាជធានី​ភ្នំពេញ គឺ​ពេញនិយម​ចាយលុយ​ដុល្លា​។​
 
​សរុបមក ដំណើរការ​សេដ្ឋកិច្ច ដោយ​ពឹង​ផ្អែកលើ​បរទេស​ខ្លាំង​បែបនេះ គឺជា​សញ្ញា​មិនល្អ​នោះទេ សម្រាប់​សេដ្ឋកិច្ច​ខ្មែរ  ពីព្រោះ​ប្រសិនបើ​បរទេស​មាន​បញ្ហា នោះ​វា​នឹង​ជះឥទ្ធិពល​មិនល្អ​ដល់​កម្ពុជា​។ លើសពីនេះ ស្ថានភាព​សេដ្ឋកិច្ច​របៀបនេះ នឹងធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​អនុភាព​ក្នុង​នយោបាយ​ការបរទេស ពីព្រោះ ក្រពះ​របស់​កម្ពុជា ប៉ុន្តែ​អាហារ​សម្រាប់​បំប៉ន​ក្រពះ គឺ​ស្ថិត​លើ​បរទេស​។ ប្រសិនបើ កម្ពុ​ជាមាន​ជម្លោះ​ជាមួយ​ប្រទេសជិតខាង ដូចជា បញ្ហា​ព្រំដែន និង​បញ្ហា​ផ្សេងៗ​ទៀត  ហើយ​ប្រទេស​ទាំងពីរ​នេះ ចង់​ធ្វើបាប​កម្ពុជា គឺ​ពួកគេ​គ្រាន់តែ​ឈប់​នាំចូល​ទំនិញ​ចូល​កម្ពុជា និង​ផ្តាច់​ចរន្តអគ្គិសនី នោះ​សេដ្ឋកិច្ចកម្ពុជា​នឹង​ជួប​វិបត្តិ​សេដ្ឋកិច្ច ព្រមទាំង​ធ្វើ​ឲ្យ​ចលាចល​សង្គម​។ 
 
​គ្រឿង​បរិភោគ​ដែល​ប្រទេសជិតខាង​នាំចូល​មានដូចជា សាច់ និង​បន្លែ​ជាដើម ចុះបើ​ប្រទេស​ទាំងពីរ​ឈប់​នាំ​ចូលមក តើ​ប្រជាជន​កម្ពុជា​បាន​អ្វី​ហូប​? ចុះបើ​ប្រទេស​ទាំងពីរ​ឈប់​លក់​អគ្គិសនី​ឲ្យ​កម្ពុជា តើ​មាន​អគ្គិសនី​មកពីណា​ដើម្បី​ផ្គត់​ផ្គត់​នៅក្នុង​ស្រុក និង​ដំណើរការ​សេដ្ឋកិច្ច​នៅ​ទូទាំងប្រទេស​? ចុះបើ​អ្នកវិនិយោគ​ចិន កូរ៉េ និង​ជប៉ុន​ជាដើម ដក​ការវិនិយោគ​ចេញពី​កម្ពុជា តើ​មាន​ស្ត្រី​ខ្មែរ ប៉ុន្មាន​នាក់​ដែល​គ្មាន​ការងារ​ធ្វើ​? តើ​មាន​កម្មករ​ខ្មែរ​ប៉ុន្មាន​នាក់​ដែល​ត្រូវ​ដើរទា​ត់​ខ្ស​ល់​?
 
​ដូច្នេះ សេដ្ឋកិច្ច​ពឹងផ្អែក​លើ​បរទេស មិនមែនជា​ការងាយស្រួល​នោះទេ​។ បើ​គេ​ចង់​ឲ្យ​កម្ពុជា រស់​គឺ​កម្ពុជា​រស់ តែបើ​គេច​ង់​ឲ្យ​កម្ពុជា​ស្លាប់ គឺ​កម្ពុជា​អាច​នឹង​ស្លាប់​។ ជាការ​ពិត ក្នុងសម័យ​សកលភាវូបនីយកម្ម គឺ​កម្ពុជា​បាន​បើក​ចំហរទ្វារ​ប្រទេស ទៅកាន់​តំបន់​អាស៊ាន និង​អន្តរជាតិ តែ​សេដ្ឋកិច្ច​ផ្តេកផ្តួល​ទៅលើ​បរទេស អាច​នឹងមាន​គ្រោះថ្នាក់​សម្រាប់​ប្រទេសជាតិ​នៅ​ថ្ងៃក្រោយ​។ 
 
​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ កម្ពុជា​ត្រូវ​ពង្រឹងសមត្ថភាព​គ្រប់គ្រង​សេដ្ឋកិច្ច​ដោយ​ខ្លួនឯង​។ វិស័យ​ថាមពល កម្ពុជា​ត្រូវ​បង្កើន​ការសាងសង់​វា​រី​អគ្គិសនី​ដែល​កម្ពុជា​កំពុងមាន​សក្តានុភាព​។ មិនតែប៉ុណ្ណោះ កម្ពុជា​គួរ​បង្កើន​វិយោគ​លើ​វិស័យ​កសិកម្ម ទាំង​សិប្បកម្ម និង​រោងចក្រ​សហគ្រាស ដើម្បី​ផ្គត់​ផ្គង់ស្បៀង​ដោយ​ខ្លួនឯង ដោយ​កាត់បន្ថយ​ការនាំ​ចូល​ពី​ប្រទេសជិតខាង​៕ 
 

Tag:
 សង្គម
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com