ជាតិ
តើ​បទ​ចម្រៀង «​បឹង​ហ្កា​វ៉ាន់​សូ​ឡូ​» មកដល់​ស្រុក​ខ្មែរ​ដោយ​របៀប​ណា​?
30, Nov 2015 , 10:29 am        
រូបភាព
ដោយ: ថ្មីៗ
 
​បឹង​ហ្កា​វ៉ាន់​សូ​ឡូ ជា​បទ​ចម្រៀង​ខ្មែរ​ដ៏​ពេញនិយម​មួយ​តាំងពី​ទស្សវត្សរ៍​១៩៦០​នៅ​កម្ពុជា​។​ក្រុមហ៊ុន​ផលិត​ចម្រៀង​បច្ចុប្បន្ន​ក៏បាន​យក​បទ​ចម្រៀង​នេះ​មក​ច្រៀង​ឡើងវិញ ហើយ​ក៏​នៅតែ​ទទួលបាន​ការគាំទ្រ​ច្រើន​ដដែល​។ តាមពិត​បទ​ចម្រៀង​នេះ​មាន ប្រជាប្រិយ​ឥណ្ឌូនេស៊ី​ដែល​ទទួល​ឥទ្ធិពល​ពី​ព​រ័​ទុយ​ហ្កា​ល់​។ តើ​ហេតុអ្វី​បានជា​បទ​ចម្រៀង​នេះ បានមក​ដល់​ក្នុងប្រទេស​កម្ពុជា​? លោក ឃុ​ត សុខឿន បាន​ស្រាវជ្រាវ និង​រកឃើញ​ប្រវត្តិ​នៃ​បទ​ចម្រៀង បឹង​ហ្កា​វ៉ាន់​សូ​ឡូ នេះ​។ លោក​ឃុ​ត សុខឿន គឺជា​អ្នកគ្រប់គ្រង​ការផលិត​កម្មវិធី​រប​ស់​មជ្ឈមណ្ឌល​ស្ត្រី​កម្ពុជា​។



 
 
​មុននឹង​រៀបរាប់​ពី​ប្រវត្តិ​នៃ​បទ​ចម្រៀង បឹង​ហ្កា​វ៉ាន់​សូ​ឡូ ខ្ញុំ​សូម​ជំរាប​ប្រិយមិត្ត អ្នក​ស្តាប់​អំពី​​ទន្លេ​សូ​ឡូ  បន្តិច​សិន​។ នៅ​ប្រទេស​ឥណ្ឌូនេស៊ី មាន​ទន្លេ​មួយ​ឈ្មោះថា  Solo​។ ទន្លេ​នេះ​​មាន​ប្រវែង​ប្រហែល​៦០០​គីឡូម៉ែត្រ គឺជា​ទន្លេ​ដែល​វែង​ជាងគេ​បំផុត​នៅលើ​កោះ​ចា​វ៉ា​។ ឯ​ពាក្យ​ថា Bengawan គឺជា​ភាសា​ជ្វា​បុរាណ ដែល​មានន័យថា ទន្លេ​។ ដូច្នេះ​ពាក្យ​ថាBengawan Solo មានន័យថា ទន្លេ Solo ។​
 
​ប៉ុន្តែ Bengawan Solo ក៏​ជា​ចំណងជើង​នៃ​បទ​ចម្រៀង​ដ៏​ល្បីល្បាញ​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ផងដែរ​។ បទ​ចម្រៀង​នេះ ច្រៀង​រៀបរាប់​អំពី​ភាព អស្ចារ្យ​របស់ ទន្លេ​សូ​ឡូ ដែល​ព័ទ្ធ​ព័ន្ធ​ដោយ​ជួរ​ភ្នំ ហើយ​ហូរ​ចាក់​ទៅក្នុង​សមុទ្រ ជាទី​ដែលមាន​អ្នកជំនួញ​ជួញដូរ​ផង​ទាំង​ឡាយ​រកស៊ី​នៅ​ទីនោះ​។​ 
Bengawan Solo ជា​ប្រភេទ​បទ​ចម្រៀង​ប្រជាប្រិយ​ឥណ្ឌូនេស៊ី​ដែល​ទទួល​ឥទ្ធិពល​ពី​ព​រ័​ទុយ​ហ្កា​ល់​។ បទ Bengawan Solo ត្រូវបាន​និពន្ធ​ឡើង​នៅ​ឆ្នាំ​១៩៤០ ដោយ​សិល្បករ​ឈ្មោះ Gesang Martohartono​។ កាលនោះ​នៅ​ក្មេង​នៅឡើយ Gesang បាន​និពន្ធ​បទ​ភ្លេងBengawan Solo ដោយ​ខ្លុយ​ធ្វើ​ពី​ដើម ប្ញ​ស្សី​របស់ គាត់ ហើយ​គាត់​បានចាប់ផ្តើម​ច្រៀង​ពេល​មាន​ពិធី​ជួបជុំ​ផ្សេងៗ នៅ​ស្រុក កំណើត របស់គាត់​។  បទ​ចម្រៀង​នេះ ទទួលបាន​ការគាំទ្រ​ថ្នាក់ជាតិ បន្ទាប់ពី​ត្រូវបាន​ផ្សាយ​តាមរយៈ​ស្ថានីយ​វិទ្យុ​នានា​។​
 
​បន្ទាប់ពី​ចាញ់​សង្គ្រាមលោកលើកទី​២ កងទ័ព​ជប៉ុន​បាន​ដក​ចេញពី​ប្រទេស ឥណ្ឌូនេស៊ី ហើយ​បាន​នាំយក​បទ​ចម្រៀង Bengawan Solo ទៅជា​មួយ​ផង​។ នៅ​ប្រទេស​ជប៉ុន បទ​ចម្រៀង Bengawan Solo ត្រូវបាន​បកប្រែ និង​ច្រៀង ជា​ភាសា​ជប៉ុន​។  យ៉ាង​ឆាប់រហ័ស បទ​ចម្រៀង​នេះ ចាប់ផ្តើម​ល្បីល្បាញ និង​ជាទី​ចូលចិត្ត​ក្នុង​សហគមន៍​ជនជាតិ​ជប៉ុន​។ បទ​ចម្រៀង Bengawan Solo បានក្លាយ​ជា​បទ​ចម្រៀង​ដែល​លក់ដាច់​ជាងគេ​បំផុត និង ល្បីល្បាញ​ពាស ពេញ​ពិភពលោក​។  
 
​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៥០ បទ​ចម្រៀង Bengawan Solo ទទួលបាន​ការគាំទ្រ​យ៉ាង​សម្បើម​ក្នុង​ចំណោម​សហគមន៍​ជនជាតិ​ចិន បន្ទាប់ពី​អ្នកចម្រៀង​ជនជាតិ ម៉ាឡេស៊ី​ម្នាក់ យក​បទ​នេះ​ទៅ​ច្រៀង​ជា​ភាសា​ចិន​។ ជា​បន្តបន្ទាប់ បទ​ចម្រៀង Bengawan Solo ត្រូវបាន​សិល្បករ​ជាច្រើន​យក​បទ​មក​ច្រៀង​ឡើងវិញ ទៅតាម​ភាសា​កំណើត​របស់ខ្លួន​។​
 
​បទ​ចម្រៀង Bengawan Solo រំលឹក​យើង អោយ​នឹកឃើញ​នូវ​ទំនាក់ទំនង​ដ៏​ស្អិតរ​មួ​ត និង​ស្មើភាព​គ្នា នៃ​ប្រទេស​កម្ពុជា និង​ប្រទេស​ឥណ្ឌូនេស៊ី តាមរយៈ​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ គឺ​សម្តេច​ព្រះបាទ​នរោត្តម​សីហនុ និង លោក​ប្រធាន​ធិបតី​ស៊ូ​កា​ណូ ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៥០ និង ៦០ ។ 
 ​ជាង ៣០​ឆ្នាំ​ក្រោយមក ដោយសារតែ​ដំណើរ​ភាន់ប្រែ​នៃ​ប្រទេស​កម្ពុជា បទ​ចម្រៀង​នេះ បាន​ផ្លាស់ប្តូរ​ចំណងជើង​ទៅជា បឹង​ហ្កា​វ៉ាន់​សូ​ឡូ ឬ បឹង​ក្រ​វ៉ាន់​សូ​ឡូ ទៅវិញ​។ មនុស្ស​ជំនាន់​ក្រោយ​មួយចំនួន ប្រហែលជា​យល់ច្រឡំ​ថា បទ​ចម្រៀង​នេះ​និយាយ​អំពី​បឹង​ដែលមាន​ដើម​ក្រ​វ៉ាន់​ព័ទ្ធជុំវិញ​ផង​កា​រថា​បាន​។ នៅ​ទីបំផុត​ទៅ ទឹកទន្លេ​សូ​ឡូ​និង​ទឹកទន្លេ​ចតុមុខ បាន​ហូរ​ទៅដោយ​បន្សល់ទុក​នៅតែ​ស្លាកស្នាម​​អនុស្សាវរីយ៍  ដែល​មិនអាច​បំភ្លេចបាន​។ 
 

Tag:
 ឃុ​ត សុខឿន
© រក្សាសិទ្ធិដោយ thmeythmey.com