កីឡាជាតិ
ជាតិ
ចាន់ វឌ្ឍនាកា ជា​កីឡាករ​ឆ្នើម​ក្នុង​ក្រសែភ្នែក​គ្រូបង្វឹក​ក្រុម YANGON UNITED
30, Nov 2015 , 3:31 pm        
រូបភាព
ដោយ:
​បើទោះជា​ក្រុម​បឹងកេត​អង្គរ​របស់​កម្ពុជា បាន​បំបាក់​ក្រុម YANGON UNITED ជាមួយនឹង​លទ្ធផល​៣​ទល់នឹង​០​ក៏ដោយ ប៉ុន្តែ​កីឡាករ ចាន់ វឌ្ឍនាកា មិនបាន​រួមចំណែក​ក្នុងការ​រកបាន​គ្រាប់​បាល់​ទាំង​៣​នេះឡើយ​។ ទោះ​យ៉ាងនេះ​ក្តី វឌ្ឍនាកា នៅតែ​ជា​កីឡាករ​ឆ្នើម​នៅក្នុង​ក្រសែភ្នែក​គ្រូបង្វឹក YANGON UNITED​។ នៅ​យប់​ថ្ងៃទី​២៩​វិច្ឆិកា បឹងកេត​អង្គរ និង YANGON UNITED បាន​ជួបគ្នា​លើ​ទីលាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នៅក្នុង​ក្របខណ្ឌ​នៃ​ការ​ជម្រុះ​ជុំ​ទី​២​នៃ​ពានរង្វាន់ តូ​យូ​តា​មេគង្គ​ក្លិប​ឆ្នាំ​២០១៥ ។



​គ្រូបង្វឹក​របស់​ក្រុម YANGON UNITED លោក EMERSON ALCANTARA បានចាត់ទុក​កីឡាករ ចាន់ វឌ្ឍនាកា ថា​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ក្រុម​បឹងកេត​អង្គរ​សម្រាប់​ជំនួប​ជាមួយ​ក្រុម​របស់លោក​។ កា​​រកត់​សម្គាល់​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​សន្និសីទកាសែត​មួយ​ដែល​ត្រូវបាន​រៀបចំឡើង​នៅក្រោយ​ការប្រកួត​បាល់ទាត់​រវាង​ក្រុម YANGON UNITED​របស់​មី​យ៉ាន់​ម៉ា និង​ក្រុម​បឹងកេត​អង្គរ​​របស់​កម្ពុជា​។ គ្រូបង្វឹក​របស់​ក្រុម YANGON UNITED នៅតែ​សរសើរ វឌ្ឍនាកា បើទោះជា​កីឡាករ​នេះ​មិនបាន​រក​គ្រាប់​បាល់​បាន​ឲ្យ​ក្រុម​របស់ខ្លួន​ក៏ដោយ​។​

«​សម្រាប់​កីឡាករ​ឆ្នើម​ប្រចាំ​ក្រុម​បឹងកេត​អង្គរ គឺ​កីឡាករ​ពាក់អាវ​លេខ ១១ ចាន់ វឌ្ឍនាកា​។ ខ្ញុំ​បាន​មើលឃើញ​គាត់​តាំងពី​៣​ឆ្នាំមុន​មកម្ល៉េះ​។ គេ​ជា​កីឡាករ​វ័យក្មេង​តែ​ពោរពេញ​ទៅដោយ​បទពិសោធន៍​នៅក្នុង​ការប្រកួត​លើ​ឆាក​អន្តរជាតិ​»​។ នេះ​ជាការ​បញ្ជាក់របស់​​​គ្រូបង្វឹក YANGON UNITED លោក EMERSON ALCANTARA​។

​លោក ប្រាក់ សុវណ្ណ​រ៉ា គ្រូបង្វឹក​ក្រុម​បឹងកេត​អង្គរ​បាន​គាំទ្រ​ការយល់ឃើញ​របស់​គ្រូបង្វឹក​ក្រុម YANGON UNITED​។ សម្រាប់​គ្រូបង្វឹក​របស់​​បឹងកេត បើទោះជា​ចាន់ វឌ្ឍនាកា មិនអាច​រក​គ្រាប់​បាល់​នៅក្នុង​ការប្រកួត​លើក​នេះ ដែល​វា​ជា​ករណី​ដ៏​កម្រ​ក៏ពិតមែន តែ​វឌ្ឍនាកា​នៅតែ​ជា​កីឡាករ​ឧបសគ្គ​របស់​គូរ​ប្រកួត​ទាំង​ក្នុង​ក្របខណ្ឌ​ជាតិ និង​អន្តរជាតិ​។

​គួរ​បញ្ជាក់ថា នៅក្នុង​ចំណោម​គ្រាប់​បាល់​ទាំង​៣​ដែល​ក្រុម​បឹងកេត​បាន​រកបាន​ពី​ការប្រកួត​នោះ កីឡាករ Esoh Omogba រកបាន​២​គ្រាប់​ម្នាក់ឯង​នៅ​នាទី​ទី​៥២ និង​៨៦ និង​កីឡាករ Samuel រកបាន​១​គ្រាប់​នៅ​នាទី​ទី​៦៣៕


© រក្សាសិទ្ធិដោយ thmeythmey.com