កីឡាជាតិ
ជាតិ
គ្រូបង្វឹក YANGON UNITED ថា កូនក្រុម​របស់គាត់​លេង​បាល់ ដូច​មិនមែន​លេង​បាល់​
30, Nov 2015 , 8:19 pm        
រូបភាព
ដោយ:
​គ្រូបង្វឹក​ក្រុម YANGON UNITED លោក EMERSON ALCANTARA បានបង្ហាញ​ការខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​ការលេង​របស់​កូនក្រុម​ខ្លួន នៅក្នុង​ជំនួប​ជាមួយ​ក្រុម​បឹងកេត​អង្គរ កាលពី​យប់​ថ្ងៃទី​២៩ ខែវិច្ឆិកា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ក្នុង​វគ្គ​ជម្រុះ​ចុងក្រោយ​ជុំ​ទី​២ ពានរង្វាន់ Toyota Club Championship 2015​។​



​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ចប់​ការប្រកួត លោក EMERSON ALCANTARA បានបង្ហាញ​ការខកចិត្ត​យ៉ាង​ចំពោះ​លទ្ធផល​ដែល​មិនគួរ​ឱ្យ​ជឿ និង​បានបង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​ការលេង​របស់​កូនក្រុម​ខ្លួន​។ លោក​ពន្យល់ថា​មានការ​ខុសប្លែកគ្នា​ខ្លាំង​រវាង​តង់​ទី​១​និង​តង់​ទី​២ ហើយ​លោក​បានចាត់ទុក​ការលេង​របស់​កូនក្រុម​ថា​ហាក់ដូចជា​មិនមែន​ការលេង​បាល់ទាត់​។

«​ការប្រកួត​លើក​នេះ​ឃើញថា​មានការ​ខុសប្លែក​ខ្លាំង​រវាង​តង់​ទី​១ និង​តង់​ទី​២​។ នៅ​តង់​ទី​១​កូនក្រុម​របស់ខ្ញុំ​ធ្វើការ​បាន​យ៉ាង​ល្អ​តាម​រចនាសម្ព័ន្ធ​ដែល​ខ្ញុំ​បានរៀបចំ​។ តែ​ដល់​តង់​ទី​២​អ្វីៗ​មានការ​ផ្លាស់ប្តូ​រទាំង​ស្រុង​នូវ​ទម្រង់​យុទ្ធសាស្ត្រ​ហាក់ដូចជា​មិនមែនជា​ការលេង​បាល់ទាត់​។ ជាហេតុ​ធ្វើឱ្យ​ក្រុម​បឹងកេត​អង្គរ​បាន​ប្រើ​យុទ្ធសាស្ត្រ​វាយបក​យ៉ាង​លឿន​នៅពេល​ពួកគេ​បាន​បាល់​ជាពិសេស​ក្រុម​នេះ​បាន​បង្កើត​ឱកាស​គ្រោះថ្នាក់​ជាច្រើន ដែល​បង្កឱ្យមាន​បញ្ហា​ដល់​ក្រុម​របស់ខ្ញុំ​»​។ នេះ​ជាការ​បញ្ជាក់​របស់​គ្រូបង្វឹក YANGON UNITED លោក EMERSON ALCANTARA​។​

​គួរ​បញ្ជាក់ថា​ក្រុម​បឹងកេត​អង្គរ​របស់​កម្ពុជា នឹង​ប៉ះ​ក្រុម Becamex Binh Duong FC  របស់​ប្រទេស​វៀតណាម នៅ​ថ្ងៃទី​៦​ខែធ្នូ ឆ្នាំ​២០១៥ ក្នុង​ទឹកដី​ប្រទេស​វៀតណាម បន្ទាប់ពី​ខ្លួន​បាន​យកឈ្នះ​ក្រុម YANGON UNITED ក្នុង​លទ្ធផល​៣​ទល់នឹង​០៕


Tag:
 កីឡាបាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com