អន្តរជាតិ
មេដឹកនាំ​ពិភពលោក​ប្រជុំគ្នា​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នៅ​ប៉ារីស​
30, Nov 2015 , 9:19 pm        
រូបភាព
ដោយ:
​មេដឹកនាំ​ពិភពលោក​ជាច្រើន ប្រជុំគ្នា​នៅ​ទីក្រុង​ប៉ារីស ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អង្គការសហប្រជាជាតិ​ស្ដី​បម្រែបម្រួល​អាកាសធាតុ​ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃ​ចន្ទ​នេះ​។ គេ​រំពឹងថា​កិច្ចព្រមព្រៀង​អន្តរជាតិ​មួយ​អាច​នឹង​លេច​ជា​រូបរាង​ដើម្បី​ឈានទៅ​ដោះស្រាយ​បញ្ហា​អាកាសធាតុ​ដែល​កំពុង​បង្ក​ផលប៉ះពាល់ ខ្លាំង​ដល់​ពិភពលោក​។



​មេដឹកនាំ​មកពី​ប្រទេស​ជាង​១៥០ បាន​ទៅដល់​ទីក្រុង​ប៉ារីស​ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​លើក​ទី​២១​របស់​សន្និសីទ​ភាគី​នៃ​អនុសញ្ញា​ក្របខណ្ឌ​អង្គការសហប្រជាជាតិ​ស្ដីពី​បម្រែបម្រួល​អាកាសធាតុ (COP21) ។ ក្រុម​មេដឹកនាំ​ពិភពលោក​នឹង​ពិភាក្សា​ស្វែងរក​យន្តការ​រួមមួយ​សម្រាប់​ជា​មូលដ្ឋាន​ក្នុងការ​ដោះស្រាយ​បញ្ហា​អាកាសធាតុ​ដែល​បាន​ជះឥទ្ធិពល​ខ្លាំង​លើ​ជីវិត​មនុស្សលោក​។

​មេដឹកនាំ​ប្រទេស​មហាអំណាច​ពិភពលោក​មាន ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ប្រធានាធិបតី​រុស្សី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ពីង បានមក​ដល់​កាលពី​ថ្ងៃអាទិត្យ​។  មេដឹកនាំ​ទាំងនេះ​បានទទួល​ការស្វាគមន៍​ដោយ​ប្រធានាធិបតី​បារាំង​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ ។ មេដឹកនាំ​ជាច្រើន​ទៀត​ក៏បាន​ទៅដល់​ជា​បន្តបន្ទាប់​ផងដែរ ក្រោម​ការពង្រឹង​សន្តិសុខ​យ៉ាង​តឹងរ៉ឹង​បំផុត​ពី​សំណាក់​កងកម្លាំង​បារាំង​។ 

​កិច្ចពិភាក្សា​ដែលមាន​រយៈពេល​ពី​រស​ប្ដា​ហ៍​នេះ​មាន​គោលដៅ​សម្រេច​ឲ្យ​បាន​នូវ​សន្ធិសញ្ញា​មួយ ចែង​ពី​គោលនយោបាយ​រួម​ស្ដី​បញ្ហា​អាកាសធាតុ ដោយ​រួមបញ្ចូល​ទាំង​ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូ​និក (CO2) ក៏ដូចជា​ការផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​ជា​សំណង​ដល់​ប្រទេស​ដែល​រង​ផលប៉ះពាល់​ដោយ​បម្រែបម្រួល​អាកាសធាតុ​នេះ​ផង​។ ម្យ៉ាងទៀត​គោលនយោបាយ​នេះ​ក៏​នឹង​ផ្ដោតលើ​ការផ្អាក​ការប្រើប្រាស់​ថាមពល​ឥន្ធនៈ​ដែរ​។​

​យ៉ាងណាក៏ដោយ បញ្ហា​ចំនួន​ពីរ​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការពិភាក្សា​នេះ​។ បញ្ហា​ទី​១ គឺ​កា​ត្វ​កិច្ច​ផ្លូវច្បាប់​ដែលមាន​លក្ខណៈ​ចាប់បង្ខំ​ឲ្យ​អនុវត្ត​របស់​កិច្ចព្រមព្រៀង​នេះ ព្រោះ​មានការ​បដិសេធ​ពី​សំណាក់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ចំពោះ​កិច្ចព្រមព្រៀង​ណា​ដែល​តម្រូវ​ឲ្យ​មានការ​កាត់បន្ថយ​ការបញ្ចេញ ឧស្ម័ន​កាបូនឌីអុកស៊ីត ពីព្រោះ​ខ្លួន​ពិបាក ស្វែង​ការឯកភាព​ពីស​ភា​ដែល​គ្រប់​ដណ្ដប់​ដោយ​សមាជិកសភា​បក្ស​សាធារណរដ្ឋ​។

​ចំណែកឯ​បញ្ហា​ទី​២​ទាក់ទង​ការផ្ដល់​ហិរញ្ញវត្ថុ​ដល់​ប្រទេស​ដែល​រង​ផលប៉ះពាល់​។ ប្រទេស​កំពុង​អភិវឌ្ឍ​បានទាមទារ​ឲ្យ​ប្រទេស​អ្នកមាន​ទទួលខុស​ចំណែក​ខុសត្រូវ​លើ​បញ្ហា​នេះដែរ​។ ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍ​ទាំងនោះ​ក៏បាន​បង្ហាញ​ការស្ទាក់ស្ទើរ​ក្នុងការ​កាត់បន្ថយ​ការប្រើប្រាស់​ថាមពល​ឥន្ធនៈ ដោយបាន​លើកឡើងថា ប្រទេស​អ្នកមាន​គួរតែ​ទទួលខុសត្រូវ​លើ​រឿងនេះ​។​


Tag:
 ​ប៉ារីស
© រក្សាសិទ្ធិដោយ thmeythmey.com