ជាតិ
នយោបាយជាតិ
លោក ហ៊ុន សែន អរគុណយុវជនដែលគាំទ្រកូនរបស់ខ្លួន
×
ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានមោទកភាព ចំពោះយុវជនកម្ពុជាទូទាំងប្រទេសដែលបានប្រឹងប្រែងងើបឈរឡើងក្នុងឋានៈជាយុវជននៃប្រទេសដែលធ្លាប់មានប្រវត្តិដ៏រុងរឿងពីអតីតកាល ស្របពេលកូនទីបួនរបស់លោក គឺ លោក ហ៊ុន ម៉ានី ទទួលពានរង្វាន់ The Gusi Peace Prize ពីមូលនិធិ Gusi Peace Prize ។
លោក ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ពិសេស យុវជនដែលបានគាំទ្រ លោក ហ៊ុន ម៉ានី ក្នុងការបំពេញភារកិច្ចកន្លងមក។ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាឥស្សរជនខ្មែរទីមួយដែលឈ្នះពាន Gusi Peace Prize ក្នុងចំណោមឥស្សរជនចំនួន ១៩នាក់លើពិភពលោក ដែលទទួលពានរង្វាន់ The Gusi Peace Prize ពីមូលនិធិ Gusi Peace Prize ដែលមានមូលដ្ឋាននៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
លោកនាយករដ្ឋមន្ត្រីបានសរសេរតាមរយៈទំព័រហេ្វសប៊ុកផ្ទាល់ខ្លួន នៅព្រឹកថ្ងៃនេះថា៖«ក្នុងនាមជា មាតា បិតា ហ៊ុន ម៉ានី ដែលទើបទទួលបានពានរង្វាន់ The Gusi Peace Prize ថ្មីៗនេះ យើងខ្ញុំសុំថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំ មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ពិសេស យុវជនដែលបានគាំទ្រដល់ ម៉ានី ក្នុងការបំពេញភារកិច្ចកន្លងមក ដែលធ្វើឲ្យ ហ៊ុន ម៉ានី ឈានជើងទៅទទួលយកពានរង្វាន់ដ៏មានកិត្តិយសនេះ។ ពានរង្វាន់នេះមិនមែនជារបស់ ហ៊ុន ម៉ានី ម្នាក់ឯងទេតែជារបស់អ្នកគាំទ្ររាប់លាននាក់»។ លោកបន្តសរសេរទៀតថា៖«ខ្ញុំមានមោទនៈភាពដែលយុវជនយើងនៅទូរទាំងប្រទេសបានប្រឹងប្រែងងើបឈរឡើងក្នុងឋានៈជាយុវជននៃប្រទេសដែលធ្លាប់មានប្រវត្តិដ៏រុងរឿងពី អតីតកាល»។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា យុវជនកម្ពុជាទូទាំងប្រទេស នឹងរួមដៃគ្នា កាន់តែមានប្រសិទ្ធភាពនូវគ្រប់កិច្ចការទាំងអស់របស់ជាតិ។ «ខ្ញុំសង្ឃឹមថា យុវជនយើង ទាំងនៅទីក្រុង ទាំងនៅជនបទទូទាំងព្រះរាជាណាចក្រកម្ពុជា នឹងខិតខំចូលរួមកាន់តែខ្លាំង កាន់តែធំទូលាយ កាន់តែស៊ីជម្រៅ និងកាន់តែមានប្រសិទ្ធភាព នៅក្នុងគ្រប់កិច្ចការ ទាំងអស់របស់ជាតិយើង។ ជូនពរក្មួយៗ ចៅៗជាយុវជនទាំងអស់ទទួលបាននូវសេចក្ដីសុខ និងជោគជ័យគ្រប់ការងារ»។ នេះជាការបញ្ជាក់របស់លោក ហ៊ុន សែន៕
Tag:
ហ៊ុន សែន
ហ៊ុន ម៉ានី
© រក្សាសិទ្ធិដោយ thmeythmey.com