ជាតិ
សមាជិកសភា​អាស៊ាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈ​ប់​ការ​ធ្វើបាប​បក្សប្រឆាំង​
01, Dec 2015 , 9:37 am        
រូបភាព
ដោយ:
​វ៉ាស៊ីនតោន​៖ ក្រុម​សមាជិកសភា​អាស៊ាន​សម្រាប់​សិទ្ធិមនុស្ស (APHR) ស្នើ​សុំឱ្យ​រដ្ឋាភិបាល​កម្ពុ​ជា​ផ្តល់​តួនាទី​ជា​អ្នកតំណាងរាស្ត្រ​និង​អភ័យឯកសិទ្ធិ​ដល់​លោក សម រង្ស៊ី ជាបន្ទាន់​និង​ប្រគល់​តំណែង​ជា​ថ្នាក់ដឹកនាំ​សភា​ដល់​លោក កឹម សុខា​វិ ញ​ហើយ​ក៏បាន​ស្នើឱ្យ​សហគមន៍​អន្តរជាតិ​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​មួយចំនួន​របស់​រដ្ឋាភិបាល​កម្ពុជា​ផងដែរ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ដែល VOA ទទួលបាន​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ​។​



​ក្រុម​អ្នកតំណាងរាស្ត្រ​ដែល​មកពី​បណ្តា​ប្រទេស​ក្នុង​តំបន់​ក៏​ស្នើ​សុំឱ្យ​ទម្លាក់ចោល​ការចោទប្រកាន់​នានា​ប្រឆាំងនឹង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ​។​

​លោក សម រង្ស៊ី ត្រូវបាន​រដ្ឋសភា​ដែល​មានតែ​អ្នកតំណាងរាស្ត្រ​មកពី​គណបក្សកាន់អំណាច​បណ្តេញ​ចេញពី​សភា​នៅ​ថ្ងៃទី​១៦​ខែវិច្ឆិកា ដើម្បីឱ្យ​ទទួលទោស​ពីរ​ឆ្នាំ​ក្នុង​បទ​បរិហារកេរ្តិ៍​ជាមួយនឹង​លោក ហោ ណាំហុង ដែល​លោក សម រង្ស៊ី ចោទថា​ធ្លាប់បាន​ឃុបឃិត​ជាមួយនឹង​ពួក​ខ្មែរក្រហម​។ សភា​នោះ​ក៏បាន​បោះឆ្នោត​ទម្លាក់​លោក កឹម សុខា ពី​តំណែង​អនុប្រធាន​សភាជាតិ​ដោយ​មិនមាន​វត្តមាន​អ្នកតំណាងរាស្ត្រ​គណបក្សប្រឆាំង​ចូលរួម​ទេ​។​

​លោក Charles Santiago ប្រធាន APHR និង​ជា​អ្នកតំណាងរាស្ត្រ​ម៉ាឡេស៊ី បាន​បញ្ជាក់ថា​៖
«​សហគមន៍​អន្តរជាតិ​ក្នុងនោះ​មាន​អាស៊ាន​ត្រូវតែ​ធ្វើឱ្យ​ប្រាកដថា​សកម្មភាព​ទាំងនេះ​មិនអាច​ទទួលយក​បានទេ សម្រាប់​ប្រទេស​កម្ពុជា​និង​ប្រទេស​ក្នុង​តំបន់​។ ប្រសិនបើ​មិនមាន​សកម្មភាព​រួមគ្នា​ដើម្បី​ធ្វើ​ប្រឆាំងនឹង​រដ្ឋាភិបាល​កម្ពុជា​ទេ គឺ​មេដឹកនាំ​ក្នុង​តំបន់​ដទៃទៀត​នឹង​ចាត់វិធានការ​ប្រទូសរ៉ាយ​និង​តាម​ទំនើងចិត្ត​ស្រដៀង​គ្នា​នេះ​មកលើ​អ្នក​រិះ​គ​ន‍់​»​។​

​ក្រុម​អ្នកតំណាងរាស្ត្រ​អាស៊ាន​ក៏​ទទូច​ឱ្យ​ភាគី​អន្តរជាតិ​ដទៃទៀត​ពិចារណា​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​មួយចំនួន​ដែលមាន​ជាប់​ពាក់ព័ន្ធ​នឹង​ការរំលោភបំពាន​ហើយ​ឱ្យ​សហគមន៍​អន្តរជាតិ​ពិចារណា​ឡើងវិញ​ពី​ការ​រឹតចំណង​មិត្តភាព​នយោបាយ​និង​សេដ្ឋកិច្ច​ជាមួយនឹង​រដ្ឋាភិបាល​ក​ម្ពុ​ជា​ថា​ត្រូវ​បន្ត​ឬ​យ៉ាងណា​។​

​ការស្នើ​សុំឱ្យ​ចាត់វិធានការ​ធ្ងន់ធ្ងរ​នេះ​ដើម្បី​ការឆ្លើយតប​នឹង​ការ​វាយ​អ្នកតំណាងរាស្ត្រ​គណបក្សប្រឆាំង​ចំនួន​ពីរ​នាក់​ដោយ​ក្រុមបាតុករ​ដែល​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​និង​ការបង្កើន​ការដាក់ទោស​សកម្មជន​បក្សប្រឆាំង​ក្នុងនោះ​មាន​លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី​ផងដែរ​។​

​លោកស្រី មូរ សុខ​ហួរ អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់ថា​៖ «​វា​ជាការ​ចាំបាច់​ដែល​អាស៊ាន​និង​សហគមន៍​អន្តរជាតិ​ត្រូវ​ចាត់វិធានការ​ច្បាស់លាស់​ប្រឆាំងនឹង​ការវាយប្រហារ​និង​ការបំភិតបំភ័យ​ទាំងនេះ​។ ពួកគេ​ក៏​គួរតែ​គាំទ្រ​កិច្ចខិតខំ ប្រឹងប្រែង​ដើម្បី​ធានាថា​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​មួយ​អាច​ធ្វើបាន​នៅក្នុង​ប្រទេស​កម្ពុ​ជានា​ឆ្នាំ​២០១៨»៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​



© រក្សាសិទ្ធិដោយ thmeythmey.com