ជាតិ
សង្គមជាតិ
រដ្ឋាភិបាល​បង្កើន​ថវិកា១លាន​ដុល្លារ​ទៀត​នៅ​ឆ្នាំ២០១៦ ដល់​មន្ទី​រពេទ្យគន្ធបុប្ផា
01, Dec 2015 , 10:23 am        
រូបភាព
នៅ​ឆ្នាំ២០១៦ រដ្ឋាភិបាល បង្កើន​ប្រាក់​ឧបត្ថម​ថវិកា​បន្ថែម​សរុប​ចំនួន ៣៨ ៩០៥ លាន​រៀល ដល់​មន្ទី​រពេទ្យ​គន្ធបុប្ផា ធៀប​នឹង​ចំនួន​សរុប ៣៤ ៩២១ លាន​រៀល​ឆ្នាំ២០១៥។


 
យោងតាម​ច្បាប់​ថវិកាជាតិ​ឆ្នាំ២០១៦ រដ្ឋាភិបាល​បាន​បន្ថែម​ទឹកប្រាក់​ចំនួន១លាន​ដុល្លា​ទៀត​ដែល​ទឹកប្រាក់​ផ្ដល់​ទៅ​មន្ទី​រពេទ្យ​គន្ធបុប្ផា ចំនួន៣៨ ៩០៥ លាន​រៀល​នេះ ស្មើនឹង​ទឹកប្រាក់ ៩,៦ លាន​ដុល្លារ បើ​ធៀប​នឹង​ទឹកប្រាក់​សរុប ៣៤ ៩២១ លាន​រៀល​ឆ្នាំ២០១៥ ស្មើនឹង ៨,៦ លាន​ដុល្លារ ។
 
ខណៈដែល​រដ្ឋាភិបាល​ប​ង្កើ​ន​ការគាំទ្រ​ដល់​ប្រតិបត្តិការ​របស់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ជាបណ្ដើរៗ ថវិកា​នេះ​គឺ​ដើម្បី​ធានាថា មន្ទីរពេទ្យ​នេះ​នៅតែ​អាច​រក្សាបាន​នូវ​ស្ដង់ដា​គុណភាព និង​ការផ្ដល់សេវា​ព្យាបាល​ដោយ​ឥតគិតថ្លៃ​ដដែល នៅពេលដែល​បាន​ផ្ទេរ​មក​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​រដ្ឋ​ពេញលេញ។
 
បច្ចុប្បន្ន​មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ចំណាយ​ថវិកា​បាន​ចំណាយ​ថវិកា ចំនួន១២ម៉ឺន​ដុល្លារ​ក្នុង​មួយថ្ងៃ ដើម្បី​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ដល់ កុមារ​កម្ពុជា។ ចាប់តាំងពី​ឆ្នាំ១៩៩២មក​មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ចំណាយ​ថវិកា​អស់ ប្រមាណ៥៦០លាន​ដុល្លារ ក្នុងនោះ៣,៥ភាគរយ​បានមកពី​រាជរដ្ឋាភិបាល​កម្ពុជា៤,៥ភាគរយ​ពី​រដ្ឋាភិបាល ស្វ៊ី​ស​និង៩២,៥ភាគរយ​ជា​ថវិកា​ដែល​ប្រមូលបាន​មូលនិធិ​សប្បុរសជន។
 
សូមបញ្ជាក់ថា នៅ​ឆ្នាំ២០១៤កន្លងទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ចំណាយ​ថវិកា​ប្រមាណ៤០លាន ដុល្លារ​ដើម្បី​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដល់​កុមារ​កម្ពុជា​ជិត១លាន​នាក់។ ដោយឡែក​នៅ​ឆ្នាំ២០១៥នេះ មន្ទីរពេទ្យ​គន្ធបុប្ផា​មាន​កញ្ចប់​ថវិកា​ចំនួន៤៣លាន​ដុល្លារ សម្រាប់​ចំណាយ​លើ​ការពិនិត្យ និង​ព្យាបាល​ជំងឺ​ដល់​កុមារ និង​ស្ត្រី​កម្ពុជា ក្នុងនោះ​ប្រាក់​ជាង៣លាន​ដុល្លារ​ផ្តល់​ដោយ​រដ្ឋាភិបាល​កម្ពុជា ៤លាន​ដុល្លារ​ពី​រដ្ឋាភិបាល​ស្វី​ស និង៣៦លាន​ដុល្លារ​ទៀត បានមកពី​ការបរិច្ចាគ​ឯកជន ដែល​ភាគច្រើន​ជា​ប្រជាជន​ស្វី​ស៕
 

Tag:
 គន្ធបុប្ផា
© រក្សាសិទ្ធិដោយ thmeythmey.com