ជាតិ
សង្គមជាតិ
ដំណើរ​ឆ្ពោះទៅ​លុបបំបាត់​ការឆ្លង​មេរោគ​អេដស៍​នៅ​កម្ពុជា នៅមាន​ភាពផុយស្រួយ​
01, Dec 2015 , 11:32 am        
រូបភាព
​កម្ពុជា​បានទទួល​ជោគជ័យ​យ៉ាង​ធំធេង ក្នុងការ​ប្រយុទ្ធប្រឆាំង​ការឆ្លង​រាលដាល​នៃ​ជំងឺអេដស៍​។ កម្ពុជា​ក៏​រំពឹង​ខ្ពស់​ដែរ​ថា ខ្លួន​ពិតជា​អាច​សម្រេចបាន​នូវ​គោលដៅ​សូន្យ​បី (​គ្មាន​ការឆ្លង​ថ្មី គ្មាន​ការរើសអើង និង​គ្មាន​ការស្លាប់​ដោយ​ជំងឺអេដស៍​) ដែល​កំណត់ដោយ​អង្គការសហប្រជាជាតិ​នៅ​ឆ្នាំ​២០២០​ខាងមុខ​។ តែ​យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាល​បាន​គូសបញ្ជាក់ថា ជោគជ័យ​នេះ នៅមាន​មាន​លក្ខណៈ​ផុយស្រួយ​នៅឡើយ និង​មិនមែនជា​រឿង​ងាយស្រួល​នោះទេ​។​



​ថ្ងៃទី​១​ខែធ្នូ​នេះ គឺជា​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​។ នៅ​កម្ពុជា ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ត្រូវបាន​រៀបចំឡើង​នៅ​សាលសន្និសីទ​ចតុមុខ​រា​ជ​ធានី​ភ្នំពេញ​។ នៅក្នុង​ឱកាស​នេះ រាជរដ្ឋាភិបាល​បាន​បញ្ជាក់ថា​កម្ពុជា​បានទទួល​ជោគជ័យ​យ៉ាង​ធំធេង ក្នុងការ​ប្រយុទ្ធប្រឆាំង​ការឆ្លង​រាលដាល​នៃ​ជំងឺអេដស៍​។​

​ក្នុង​សុន្ទរកថា​ចំនួន​៧​ទំព័រ ដែល​អាន​ដោយ​លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​ជា​តំណាង​របស់​រាជរដ្ឋាភិបាល​កម្ពុជា  រាជរដ្ឋាភិបាល​រំពឹង​ខ្ពស់​ថា ខ្លួន​ពិតជា​អាច​សម្រេចបាន​នូវ​គោលដៅ​សូន្យ​បី (​គ្មាន​ការឆ្លង​ថ្មី គ្មាន​ការរើសអើង និង​គ្មាន​ការស្លាប់​ដោយ​ជំងឺអេដស៍​) ដែល​កំណត់ដោយ​អង្គការសហប្រជាជាតិ​នៅ​ឆ្នាំ​២០២០​ខាងមុខ​។

​តែ​យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាល​បាន​គូសបញ្ជាក់ថា ជោគជ័យ​នេះ នៅមាន​មាន​លក្ខណៈ​ផុយស្រួយ​នៅឡើយ​។ ការ​រាលដាល​មេរោគ​អេដស៍​នឹង​អាច​ផ្ទុះ​ឡើងវិញ ប្រសិនបើ​អ្នកពាក់ព័ន្ធ​ភ្លេចខ្លួន ព្រមទាំង​ពិបាក​នឹង​គ្រប់គ្រង​ជាង​ពេលមុនៗ ជាពិសេស​ការផ្ទុះ​ឡើង​នៅក្នុង​ចំណោម​មនុស្ស​ប្រុស​ស្រឡាញ់​ប្រុស ក្រុម​អ្នកប្រើប្រាស់ និង​ចាក់​គ្រឿងញៀន ក្រុម​យុវវ័យ និង​ក្រុម​ចំណាកស្រុក​។​ល​។ 

​រាជរដ្ឋាភិបាល​ក៏បាន​ទទួលស្គាល់​ដែរ​ថា ការ​ឈានទៅ​សម្រេចបាន​គោលដៅ​បី​សូន្យ នៅ​ឆ្នាំ​២០២០ មិនមែនជា​រឿង​ងាយស្រួល​នោះទេ​។ មាន​ឧ​បគ្គ​មួយចំនួន​ដែល​កំពុង​រាំងស្ទះ​ដល់​ការងារ​នេះ ដូចជា​ការរើសអើង កត្តា​ធនធាន និង​កត្តា​បច្ចេកវិទ្យា​ជាដើម​។ ដើម្បី​ជម្នះ​បញ្ហា​ប្រឈម​ទាំងនេះ ទាមទារ​នូវ​ការដឹកនាំ ការគ្រប់គ្រង សម្របសម្រួល និង​ការចូលរួម​ប្រកបដោយ​ការប្តេជ្ញាចិត្ត​យ៉ាង​មោះមុត​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ដែល​រួមមាន​រាជរដ្ឋាភិបាល ស្ថាប័នឯកជន សង្គម​ស៊ីវិល ដៃគូ​អភិវឌ្ឍន៍ បណ្តាញ​អ្នក​ផ្ទុកមេរោគ​អេដស៍ និង​ជំងឺ​អេ​ដ​ស័ ព្រមទាំង​អ្នក​ប្រឈម​ខ្ពស់​នឹង​ការឆ្លង​មេរោគ​អេដស៍​។

​បើតាម​របាយការណ៍រ​បស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ករណី​ឆ្លង​មេរោគ​អេដស៍​ថ្មី​បាន​ធ្លាក់ចុះ​ពី​ចំនួន​១,០៥៥​នាក់ មក​នៅត្រឹម​៦៩៤​នាក់ នៅ​ចន្លោះ​ឆ្នាំ​២០១១​ដល់​ឆ្នាំ​២០១៤ ខណៈ​អ្នកស្លាប់​ដោយ​ជំងឺអេដស៍​បាន​ថយចុះ​ពី​៣,០១០ មក​នៅត្រឹម​២,៧៨៣​នាក់​។ អត្រា​ប្រ៉េ​វា​ឡង់​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ ក្នុងចំណោម​ប្រជាពលរដ្ឋ​អាយុ​ពី​១៥ ទៅ​៤៩​ឆ្នាំ បាន​ថយចុះ​ប្រមាណ​ពី​០.៨១​ភាគរយ មក​នៅត្រឹម​០.៧៦​ភាគរយ​។

​ក្នុង​ឆ្នាំ​២០១៤​កន្លងទៅ មាន​មនុស្ស​ចំនួន​២,៧៨៣​នាក់ បាន​ស្លាប់​ដោយ​ជំងឺ​ពាក់ព័ន្ធ​នឹង​ជំងឺអេដស៍ ករណី​ឆ្លង​ថ្មី​ចំនួន​៦៩៤​នាក់ អ្នករស់នៅ​ជាមួយ​អ្នក​ផ្ទុកមេរោគ​អេដស៍​ចំនួន​៧២,៥៤៥​នាក់ និង​អ្នក​ដែល​ទទួល​សេវា​ព្យាបាល​មាន​ចំនួន​៥២,៩០៧​នាក់​។

​សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​បានអនុម័ត​កញ្ចប់​ថវិកា​ប្រមាណ​៣,៧​លាន​ដុល្លារ សម្រាប់​រយៈពេល​៣​ឆ្នាំ ពី​ឆ្នាំ​២០១៥-២០១៧ ដើម្បី​ទិញ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​។ ឱសថ​ទាំងនោះ នឹងត្រូវ​ផ្តល់​ទៅ​ឲ្យ​ក្រសួងសុខាភិបាល ដើម្បី​ជួយ​ដល់​អ្នកជំងឺ​អេដស៍​នៅ​កម្ពុជា​៕



Tag:
 មេរោគ​អ​ដស៍​
© រក្សាសិទ្ធិដោយ thmeythmey.com