ជាតិ
សង្គមជាតិ
អាជ្ញាធរ​អប្សរា​ប្រកាស​រឹតបន្តឹង​ការថតរូប​ធ្វើ​អាជីវកម្ម​នៅ​តំបន់​អង្គរ
01, Dec 2015 , 11:30 am        
រូបភាព
សៀមរាប៖ ​អាជ្ញាធរ​ជាតិ​អប្សរា ដែលជា​អ្នកគ្រប់គ្រង និង​អភិរក្ស​រមណីយដ្ឋាន​អង្គរ បានប្រកាសថា ខ្លួន​នឹង​ចាប់ផ្តើម​រឹតបន្តឹង​ការថតរូប​ធ្វើ​អាជីវកម្ម  ដោយ​គ្មាន​ការអនុញ្ញាត​ជាមុន។ ការប្រកាស​នេះ ក្រោយពេល​មានការ​លេច​រូបភាព​អាក្រាត​ជាច្រើន​ផ្ទាំង​ក្នុង​តំបន់​អង្គរ ដែល​ធ្វើ​ឲ្យ​មហាជន​ច្រើន ស្តីបន្ទោស​អាជ្ញាធរ​ជាតិ​អប្សរា ថា​ជា​អ្នក​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ឫ​អ្នក​ថតរូប​ទាំងនោះ​ចូល​ថត​ក្នុង​តំបន់​ខ្លួន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វប្បធម៌​ជាតិ។



ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល បាន​ឲ្យ​ដឹងថា នាយកដ្ឋាន​របស់លោក នឹង​ចេញ​ប័ណ្ណ​អនុញ្ញាត​ដល់​អ្នកកាសែត​ណា ដែល​ចង់​ចូល​ថតរូប​ក្នុង​តំបន់​អង្គរ ដើម្បី​ជៀសវាង​ការហាមឃាត់​របស់​បុគ្គ​លិ​ក​អាជ្ញាធរ​ជាតិ​អប្សរា។ ការលើកឡើង​របស់លោក កុសល ធ្វើឡើង​ក្នុងជំនួប​ក្រៅផ្លូវការ ជាមួយ​ក្រុមអ្នកកាសែត​ក្នុង​ខេត្តសៀមរាប​នៅ​ព្រឹក​ថ្ងៃទី៣០ វិច្ឆិកា។

«ការចេញ​ប័ណ្ណ​នេះ ដើម្បី​តាមដាន​អ្នក​ថតរូប និង​ក្រុមហ៊ុន​ខ្លះ ដែលមាន​បំណង​យក​អង្គរវត្ត​ធ្វើជា​អាជីវកម្ម ដូចជា​ក្រុមហ៊ុន​ផ្សាយពាណិជ្ជកម្ម​រថយន្ត​ជាដើម»។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក កុសល។ លោក​បន្តថា ការ​រឹតបន្តឹង​នេះ គឺ​សម្រាប់តែ​អ្នក​ថតរូប​ដែល​ប្រើ​ម៉ា​ស៊ី​ធុន​ធំ និង​ថត​វី​ឌី​អូ​តែប៉ុណ្ណោះ។ ដោយឡែក​សម្រាប់​ភ្ញៀវទេសចរ ពួកគេ​នៅតែ​អាច​ប្រើប្រាស់​ម៉ាស៊ីនថតរូប ដើម្បី​ថត​ទុកជា​អនុស្សាវរីយ៍​បាន​ដូចដើម។

ការប្រកាស​ពី​ប័ណ្ណ​អនុញ្ញាត​នេះ មិនមែន​សម្រាប់តែ​អ្នកកាសែត​ក្នុង​ខេត្តសៀមរាប​នោះទេ តែ​អ្នកកាសែត​នៅ​តំបន់​ផ្សេង ដែលមាន​បំណង​ចង់​ចូល​ថតរូប និង​ផលិត​វី​ឌី​អូផ្សេងៗ ក្នុង​តំបន់​អង្គរ។ ពួកគេ​អាច​ប្រាប់​ពី​រយៈពេល ដែល​ចង់​ចូល​ថត មាន​រយៈពេល​មួយថ្ងៃ ឫ​បី​ថ្ងៃ ឫ​លើសពីនេះ ដើម្បី​ងាយស្រួល​ឲ្យ​អាជ្ញាធរ​អប្សរា ចេញ​ប័ណ្ណ​តាម​ថ្ងៃ​ដែល​ចុះ​ថត។ លោក ឡុង កុសល បញ្ជាក់បន្ថែម៖« យើង​ដឹង​ហើយ​ថា រមណីយដ្ឋាន​អង្គរ​មាន​ទំហំ ៤០១គីឡូម៉ែត្រ​ក្រឡា មាននៅ​អង្គរវត្ត បាយ័ន ព្រះ​ខ័​ន្ត តា​ព្រហ្ម នាគព័ន្ធ បន្ទាយស្រី។ល។ ដូច្នេះ ឲ្យ​តែ​ក្នុង​រង្វង់​រមណីយដ្ឋាន​អង្គរ គឺ​ត្រូវ​ស្នើសុំ​ប័ណ្ណ​នេះ​ជាដាច់ខាត។ សម្រាប់​ការថតរូប​ជា​អនុស្សាវរីយ៍ យើង​មិន​ហាម​ទេ ប៉ុន្តែ​រាល់​ការយក​អង្គរវត្ត​ទៅ​ផ្សព្វផ្សាយ​ដើម្បី​ធ្វើ​អាជីវកម្ម គឺ​ត្រូវ​ស្នើសុំ​អាជ្ញាធរ​អប្សរា​សិន»។

គួរ​បញ្ជាក់ថា ការប្រកាស​រឹតបន្តឹង​ការថតរូប ក្នុង​បំណង​ដើម្បី​ផ្សព្វផ្សាយ​ធ្វើ​អាជីវ​កម្មនេះ គឺ​បាន​អនុវត្តន៍​រយៈពេល​យូរ​មកហើយ​នៅ​តំបន់​អង្គរ។ តាម​អាជ្ញាធរ​ជាតិ​អប្សរា នេះ​គ្រាន់​ជាការ​រម្លឹក​ឡើងវិញ ដើម្បី​កុំ​ឲ្យ​មាន​អ្នកខ្លះ បំពាន​នឹង​បម្រាប​នេះ​តែប៉ុណ្ណោះ៕


Tag:
 អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com