ជាតិ
ក្រសួងរៀបចំដែនដីក្រើនរម្លឹកដល់ម្ចាស់សំណង់ឲ្យគោរពច្បាប់សាងសង់ លោក អ៊ឹម ឈុនលឺម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
×
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៥ បានចេញសេចក្តីជូនដំណឹង ដើម្បីឲ្យម្ចាស់សំណង់ទាំងអស់គោរពច្បាប់សាងសង់ឲ្យបានត្រឹមត្រូវ និង ត្រូវមានលិខិតអនុញ្ញាតសាងសង់ច្បាស់លាស់។ ការបំពានច្បាប់និងលិខិតអនុញ្ញាតរបស់អាជ្ញាមានសមត្ថកិច្ច ត្រូវទទួលរងនូវវិធានការតាមផ្លូវច្បាប់។
នៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួន ក្រសួងរៀចចំដែនដី នគរូបនីយកម្ម និងសំណង់ បានក្រើនរម្លឹកដល់ម្ចាស់សំណង់ទាំងអស់ត្រូវគោរពច្បាប់សាងសង់ និង ការតម្រូវផ្នែកបច្ចេកទេសពាក់ព័ន្ធឲ្យបានម៉ត់ចត់។ សាធារណៈជនដែលមានបំណងធ្វើការសាងសង់គ្រប់ប្រភេទត្រូវសុំលិខិតអនុញ្ញាតសាងសង់ និង ត្រូវអនុវត្តតាមឲបានត្រឹមត្រូវ។
«តាមច្បាប់ស្តីពីការរៀបចំទឹកដី នគរូបនីយកម្ម និងសំណង់ អនុក្រឹត្យលេខ៨៦អនក្រ.បក ស្តីពីលិខិតអនុញ្ញាតសាង់សង់ និងអនុក្រឹត្យលេខ៤២ អនក្រ.បក ស្តីពីនគរូបនីយកម្មរាជធានីក្រុង និងទីប្រជុំជនបានចែងច្បាស់ថា នៅពេលពិនិត្យឃើញមានសំណង់ខុសឆ្គង ការដ្ឋានត្រូវបញ្ឈប់។ក្នុងរណីមិនអនុវត្តតាម អាជ្ញាធរដែនដីត្រូវធ្វើការផាកពិន័យនិងចាត់ឲ្យរុះរើ និងធ្វើឲ្យកន្លែងនោះមានសភាពដូចដើមវិញ ដោយចាប់បង្ខំឲ្យអ្នកល្មើសច្បាប់ ត្រូវតែចេញសោហ៊ុយចំណាយទាំងអស់នោះ ឫ ក្នុងករណីចាំបាច់ អាជ្ញាធរមានសមត្ថកិច្ច ត្រូវចងក្រងសំណុំរឿងបញ្ជូនទៅតុលាការ និងអាចសុំឲ្យរឹបអូសសម្ភារៈបរិក្ខារ ឧបករណ៍ផ្សេងទៀត ដោយអនុលោមតាមនីតិវិធីជាធរមាន»។
តាមការសង្កេតរបស់ក្រសួងខាងលើ នៅមានករណីសំណង់ខ្លះបានសាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ឫ សាងសង់ខុសពីលិខិតអនុញ្ញាតសាងសង់ ដែលអំពើទាំងនេះត្រូវប្រឈមចំពោះមុខច្បាប់៕
Tag:
ក្រសួងរៀបចំដែនដី
សំណង់
© រក្សាសិទ្ធិដោយ thmeythmey.com