ជាតិ
តារាចម្រៀងខ្មែរ ៥ រូបប្រកាសមិនច្រៀងបទចម្រៀងចម្លងពីបរទេស
× ប្រធានសមាគមសិល្បករខ្មែរ បានអះអាងថា រូបលោកនិងសិល្បករ សិល្បការិនី ៤ រូបទៀត បានប្តេជ្ញាចិត្តឈប់ច្រៀងចម្រៀងចម្លងពីបរទេសចាប់ពីពេលនេះតទៅ បើទោះបីជាផលិតកម្មតម្រូវឲ្យច្រៀងក៏ដោយ។ បើតាមលោក សុះ ម៉ាច តារាចម្រៀងទាំងនោះ បានតាំងចិត្តថា ទោះបីខ្លួនមានជីវភាពមិនប្រសើរ ហើយត្រូវផលិតកម្មចម្រៀងបញ្ឈប់ពីការងារក្តី ក៏ពួកគេមិនច្រៀងចម្រៀងចម្លងពីបរទេសដែរ។
អ្នកនាង ម៉េង កែវ ពេជ្រចិន្តា កញ្ញា មាស សុខសោភា អ្នកនាង ពេជ្រ សោភា និងលោក ហេង ពិទូ សុទ្ធតែជាតារាចម្រៀងដែលបានប្តេជ្ញាចិត្តថា នឹងមិនច្រៀងចម្រៀងដែលចម្លងពីបរទេសទៀតនោះឡើយ។ នេះជាការអះអាងរបស់លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ ហើយក៏ជាអ្នកច្រៀងដែលបដិសេធច្រៀងចម្រៀងលួចពីបរទេសផងដែរនោះ។ កូនប្រុសរបស់ លោក សុះ ម៉ាត់ តារាល្បីជំនាន់លោក ស៊ិន ស៊ីសាមុត រូបនេះ បានអះអាងប្រាប់សារព័ត៌មានថ្មីៗថា តារាចម្រៀងទាំង ៤ នាក់ខាងលើបានប្តេជ្ញាចិត្តជាមួយរូបលោកហើយថា បើទោះបីជាពួកគេត្រូវមានជីវភាពខ្សត់ខ្សោយ និងម្ចាស់ផលិតកម្មបញ្ឈប់ពីការងារក្តី ក៏ដាច់ខាតមិនច្រៀងចម្រៀងដែលលួចពីបរទេសដែរ។
លោក សុះ ម៉ាច បានបន្ថែមថា មូលហេតុដែលរូបលោកនិងតារាចម្រៀង ៤ រូបទៀតប្រកាសឈប់ច្រៀងចម្រៀងពីបរទេស គឺដោយសារពួកខ្លួនឈឺចាប់នឹងបរទេសដែលមើលងាយ និងបន្តុះបង្ហាប់វិស័យចម្រៀងខ្មែរ ដោយសារតែតារា និងផលិតកម្មចម្រៀងខ្មែរលួចចម្លងចម្រៀងពីបរទេស។ «ប៉ុន្មានឆ្នាំហើយដែលខ្ញុំមិនបានចេញ Album ថ្មី ហើយខ្ញុំចង់ធ្វើបដិវត្ត ខ្ញុំចង់រើសបម្រាស។ ខ្ញុំមិនចង់ឲ្យគេមើលងាយសិល្បៈចម្រៀងយើងទេ។ ខ្ញុំមានការឈឺចាប់ណាស់ដែលប្រទេសជិតខាងបង្អាប់ចម្រៀងរបស់យើង»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក សុះ ម៉ាច។
ស្តាប់សំឡេងលោក សុះ ម៉ាច
ទាក់ទងនឹងបញ្ហានេះ លោក ហេង ពិទូ តារាចម្រៀងមានប្រជាប្រិយភាពនៅកម្ពុជាមួយរូប បានប្រាប់សារព័ត៌មានថ្មីៗថា រូបលោកពិតជាបានប្តេជ្ញាចិត្តជាមួយលោក សុះ ម៉ាច និងតារាចម្រៀងមួយចំនួនទៀតថា នឹងមិនច្រៀងចម្រៀងដែលចម្លងពីបរទេសទៀតឡើយ។ លោក ហេង ពិទូ រម្លឹកថា អស់រយៈពេលជាង ២ ឆ្នាំមកហើយ ដែលលោកមិនបានចេញ Album ចម្រៀងថ្មី ដោយសារតែលោកតាំងចិត្តមិនច្រៀងចម្រៀងដែលចម្លងពីបរទេស។ លោកថា ទើបតែមួយរយៈចុងក្រោយនេះទេ ដែលលោកចាប់ផ្តើមច្រៀងឡើងវិញ ហើយវាជាបទចម្រៀងដែលលោកនិពន្ធដោយខ្លួនឯង ។ «ខ្ញុំមានបេះដូងជាខ្មែរ។ ខ្ញុំស្រឡាញ់កិត្តិយសខ្មែរ។ ដូច្នេះខ្ញុំឈប់ច្រៀងចម្រៀងពីបរទេស»។ នេះជាការតាំងចិត្តរបស់លោក ហេង ពិទូ។
តែយ៉ាងណាលោក ហេង ពិទូ យល់ថា តារាចម្រៀងខ្មែរខ្លះ ដែលនៅបន្តច្រៀងចម្រៀងពីបរទេស ក៏មានអារម្មណ៍ឈឺចាប់នៅពេលដែលបរទេសមើលងាយវិស័យចម្រៀងខ្មែរ ហើយពួកគេក៏មិនចង់ច្រៀងបទចម្លងពីបរទេសដែរ។ លោកបញ្ជាក់យ៉ាងនេះថា៖ «ខ្ញុំគិតថា ពួកគេឈឺចាប់ដូចខ្ញុំដែរ។ តែដោយសារគាត់គ្មានជម្រើស និងមិនចេះនិពន្ធដោយខ្លួនឯង ទើបគាត់សម្រចចិត្តច្រៀង។ ខុសពីខ្ញុំ ខ្ញុំចេះនិពន្ធខ្លួនឯងខ្លះ ខ្ញុំមិនចាំបាច់ច្រៀងចម្រៀងពីបរទេសទេ»៕
Tag:
ចម្រៀង
សុះ ម៉ាច
ហេង ពិទូ
© រក្សាសិទ្ធិដោយ thmeythmey.com