ជាតិ
ករណី​លោក ខឹម វាសនា​៖ សម្តេច​សង្ឃរាជ ហាម​មន្ត្រី​សង្ឃ​ពឹងពាក់​សម្តេច ហ៊ុន សែន
29, Dec 2015 , 3:29 pm        
រូបភាព
​សម្តេច​ព្រះមហា​សង្ឃរាជា​ធិបតី ទេព វង្ស បានស្នើ​ឲ្យ​មន្ត្រី​សង្ឃ​ទាំងអស់ ចៀស វាង​ការដាក់ លិខិត​ទៅកាន់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ធ្វើ​អន្តរាគមន៍​ទប់ស្កាត់​ចលនានយោបាយ នៃ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ របស់លោក ខឹម វាសនា​។ ការលើក​នូវ​សង្ឃដីកា​របស់​ព្រះអង្គ​បែបនេះ ធ្វើឡើង​ក្នុង​អនុ​សំ​វច្ចរ​មហាសន្និបាត​លើក​ទី​២៤ ដែល​ប្រព្រឹត្តទៅ​នៅ​សាលចតុមុខ នាពេល​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ​នេះ​។



​សម្តេចព្រះសង្ឃរាជ ទេព វង្ស បាន​ហាមប្រាម​មន្ត្រី​សង្ឃ​គ្រប់​អង្គ មិន​ឲ្យ​ស្នើ​ដល់​ប្រមុខ​រដ្ឋាភិបាល ដើម្បី​ធ្វើ​អន្តរាគមន៍​ទប់ស្កាត់​ចលនា​ឃោសនា​របស់ លោក ខឹម វាសនា ប្រមុខ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​។ ព្រះអង្គ បាន​មាន​សង្ឃដីកា​ថា បញ្ហា​របស់លោក ខឹម វាសនា គួរ​ត្រូវបាន​ដោះស្រាយ​ឲ្យ​បាន​សមគួរ ហើយ​កុំ​ឲ្យ​លើស​ព្រំដែន ដែល​រហូត​ឈានទៅដល់​ពឹងពាក់​សម្តេច ហ៊ុន សែន​។ 

​ព្រះអង្គ​បញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​សូម​សុំ​ណូ​ម​ពរ​អ្នក​ទប់ស្កាត់ ធ្វើយ៉ាងណា​កុំ ឲ្យ​ហួស ព្រំដែន ឲ្យ​សោះ​។ សុខចិត្ត​ដោះស្រាយ​ដោយ​ខ្វះខាត ព្រំដែន​ប្រសើរ​ជាង​។ បើតាម​ខ្ញុំ​យល់ គួរ​ណាស់ ដោះស្រាយ​តាមបែប​ប្រជាធិបតេយ្យ កុំទៅ​ទេសនា​សម្លុត​គំរាមកំហែង ហើយ​កុំ​ធ្វើលិខិត​ទៅកាន់ សម្តេចនាយក​រដ្ឋមន្ត្រី ឲ្យ​ជួយ​ទប់ស្កាត់ ឡើយ​»​។

​ការសម្រេច​យក​ករណី​របស់​ប្រមុខ​បក្ស​រូបនេះ មក​ជជែក​ក្នុង​អនុ​សំ​វច្ចរ​មហាសន្និបាត​លើក​ទី​២៤​នេះ គឺ​ស្ថិតនៅក្រោម​ហេតុផល​ថា លោក ខឹម វាសនា បាន​ប្រើពាក្យ​អសុរោះ ជេរប្រមាថ​ព្រះសង្ឃ និង​បញ្ចូល​មនោ​គម​ទៅលើ​យុវជន ឲ្យ​ប្រព្រឹត្ត​តាម​ខ្លួន ដែល​បង្ក​គ្រោះថ្នាក់​ដល់​សង្គម​និង​ព្រះពុទ្ធសាសនា​។ មុខ​នឹង​ពិភាក្សា​ពី​បញ្ហា​របស់លោក ខឹម វាសនា មន្ត្រី​សម្របសម្រួល​ក៏បាន​ចាក់​សំឡេង​របស់លោក អប​ដោយ​ការ​បញ្ចាំង​រូបភាព​មួយចំនួន​ផងដែរ​។

​សម្តេចព្រះ​ឧ​ត្ត​ម​ចរិយា ឈឹង ប៊ុន​ឈា សមាជិក​ថេរ​សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះចៅអធិការ​វត្ត​ស្រះចក បាន​មាន​សង្ឃដីកា​ថា ការឃោសនា​និង​ចលនានយោបាយ របស់លោក ខឹម វាសនា គឺ​ចង់​ផ្តួលរំលំ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ ហើយក៏​ជា​ទង្វើ ដែល​ប្រាសចាក​ពី​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សេចក្តីប្រកាស​ជា​សាកល​ស្តីពី​សិទ្ធិមនុស្ស​។ ព្រះអង្គ បានចាត់ទុក​សកម្មភាព​របស់លោក ខឹម វាសនា ថា​ជា​គ្រោះថ្នាក់​ដ៏​ធំធេង​ដល់​ព្រះពុទ្ធសាសនា ដែល​បង្កក្តី​ព្រួ​បារម្ភ​យ៉ាងខ្លាំង​ដល់​មន្ត្រី​សង្ឃ​និង​ង​ពុទ្ធបរិស័ទ​ទូទាំងប្រទេស​។​

​ព្រះអង្គ​បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​ព្រួយ​ណាស់ អ៊ីចឹង​ហើយ​បានជា​យើង​ត្រូវ​និយាយ​ពី​បញ្ហា​នេះ ដើម្បី​រក​វិធានការ​ដោះស្រាយ​។  គាត់​ធ្វើ​ចលនា​បញ្ចូល​មនោ​គម ដល់​យុវជន ឲ្យ​ស្អប់​វត្ត​អារាម ឲ្យ​ស្អប់​ព្រះសង្ឃ ឲ្យ​ស្អប់​សាសនា មិន​ឲ្យ​ចូលចិត្ត​ស្តាប់​ព្រះធម៌​។ ពាក្យពេចន៍​របស់គាត់​ចេញមក​គឺ​អសីលធម៌ ជេរ​គេ​ជេរ​ឯង ដូចជា ពួក​អា​ឈាមថោក ពួក​អាចោរ​ថង់យាម ពួក​អា​ឈាម​ឆ្កែ ពួក​អា​បោក​រាស្ត្រ ពួក​អា​ឈ្លើង​។ ពាក្យ​ទាំងនេះ យើង​មិនអាច​ទទួលយក​បានទេ​»​។​

​ព្រះគ្រូ​ចៅអធិការ​វត្ត​ស្រះចក​អង្គ​នេះ បាន​បន្តទៀតថា ព្រះពុទ្ធសាសនា គឺជា​ឃ្លាំង​និង​ជា​គ្រឹះ នៃ​សីលធម៌ វប្បធម៌​ជាតិ ព្រមទាំង​ជា​សាសនា​របស់​រដ្ឋ​ថែម​ទៀ ដូច្នេះ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ទូទាំងប្រទេស មិន​អនុញ្ញាត​ឲ្យ​ជន​ណា​ឬ​ក្រុម​ណា មក​បំផ្លាញ​ព្រះពុទ្ធសាសនា នោះទេ​។

​យ៉ាងណាក៏ដោយ លទ្ធផល​នៃ​ការចាត់វិធានការ តាមផ្លូវ​ច្បាប់​លើ លោក ខឹម វាសនា គឺ​ព្រះអង្គ​មិនទាន់​អាច​បញ្ជាក់បាន​ថា​យ៉ាងណា ឡើយ​។ ព្រះអង្គ​គ្រាន់តែ​អះអាង សេចក្តីសម្រេច​ចំពោះ​ករណី​របស់លោក ខឹម វាសនា គឺ​នៅពេល​បញ្ចប់​កិច្ចប្រជុំ​នៅ​ថ្ងៃទី​ទៅ​៣០ ខែធ្នូ ស្អែក​នេះ​។

​ឆ្លើយតប​នឹង​បញ្ហា​នេះ លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ នៅតែ​ប្រកាន់​ជំហរ​របស់ខ្លួន​ថា  អ្វីដែល​លោក​ធ្វើ​កន្លងមក គឺជា​រឿង​ត្រឹមត្រូវ ដោយ​មិន​ភ័យព្រួយ​ពី​សំណាក់​អ្នកដទៃ ឬ​ស្ថាប័ន​មានអំណាច​ណា ចាត់វិធានការ​យ៉ាងម៉េច​នោះទេ​។ លោក​បញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​និយាយ​អ្វី ដែល​ខ្ញុំ​បាន​ត្រិះរិះ​ពិចារណា ហើយ​ខ្ញុំ​សិក្សា​ទៅ​ឃើញថា រឿង​ពិត​គឺ​អ៊ីចឹង​មែន​។  ការនិយាយ​រឿង​ត្រឹមត្រូវ តែង​ប៉ះពាល់​ដល់​រឿង​គេ ប៉ះពាល់​ដល់​អំណាច​គេ អ៊ីចឹង​បើ​គេ​មាន​សិទ្ធិ មានអំណាច មាន​គ្នីគ្នា មាន​កម្លាំង​ប៉ុណ្ណា គេ​ប្រើ​កម្លាំង​ប៉ុ​ណ្ណឺង​ទៅ​។ ខ្ញុំ​អត់​មាន​បញ្ហា​អ្វី​ទេ ខ្ញុំ​ចាំតែ តាម​ក្រោយ​គេ​ប៉ុណ្ណោះ​»​។

​ប្រមុខ​បក្ស​រូបនេះ ដឹងខ្លួន​យ៉ាងច្បាស់​ថា ការនិយាយ​រឿង​ពិត តែង​ប៉ះពាល់​ដល់​ប្រយោជន៍​របស់​អ្នកដទៃ តែ​ដើម្បី​បាន​ប្រយោជន៍​សាធារណៈ​រូបលោក​ត្រូវតែ​និយាយ​ដោយ​គ្មាន ការភ័យខ្លាច​។ លោក ខឹម វាសនា​បាន​បន្ថែម​យ៉ាងនេះ​ថា​៖«​ប្រសិនបើ​ខ្លាច​មុខ ខ្លាច​ក្រោយ សួរថា​តើ ថ្ងៃ​ណា ប្រជាពលរដ្ឋ​នឹង​បាន​យល់​ត្រូវ​? ប្រសិនបើ​យើង​នៅតែ​រវល់​ខ្លាច អ៊ីចឹង​ម៉េច​បាន​និយាយ​ការពិត ។ ដូច្នេះ​រឿងនេះ វា​ជា​រឿង​ធម្មតា​ទេ ខ្ញុំ​បានគិត​ជា​មុខ​រួចហើយ​»៕




Tag:
 ​ព្រះសង្ឃ​
  ខឹម វាសនា​
  អនុ​សំ​វច្ចរ​មហាសន្និបាត
© រក្សាសិទ្ធិដោយ thmeythmey.com