ជាតិ
ចម្រៀង «​បើ​បាន​រាំ​ហើយ​» មាន​លំនាំ​បទ «Pepito» ដែលមាន​សញ្ជាតិ​៣​សាសន៍​
06, Jan 2016 , 9:30 am        
រូបភាព
ដោយ: ថ្មីៗ

​នៅថ្ងៃនេះ លោក ឃុ​ត សុខឿន នឹង​ជំរាបជូន​ប្រិយមិត្ត​អ្នក​ស្តាប់​នូវ​បទ​ចម្រៀង​ជា​ភាសា​អេ​ស្ប៉ា​ញ​មួយ​បទ​ដែលមាន​ចំណងជើង​ថា​"Pepito"(​ប៉ិ​ប​ពី​តូ​) និង បទ​ចម្រៀង​ខ្មែរ​ដែលមាន​ចំណងជើង​ថា "​បើ​បាន​រាំ​ហើយ​" របស់​អ្នកស្រី រស់ សេរី​សុទ្ធា​។​



 
​បទ​ចម្រៀង​ដែល​ប្រិយមិត្ត​កំពុង​ស្តាប់​នៅពេលនេះ​មាន​ចំណងជើង​ថា​"Pepito"(​ប៉ិ​ប​ពី​តូ​)​។ ​បទ​ចម្រៀង​នេះ​ច្រៀង​ជា​ភាសា​អេ​ស្ប៉ា​ញ ប៉ុន្តែ​មាន​ប្រភព​ម​មកពី​ប្រទេស​បារាំង​។ 

​បទ​ចម្រៀង​នេះ​ច្រៀង​ដោយ​អ្នកចម្រៀង​ជនជាតិ​កូ​ស្តា​រី​កា ឈ្មោះ Julia Cortés  នៃ​ក្រុម​​ចម្រៀង Los Machucambos​។ បទ​ចម្រៀង "Pepito" (​ប៉ិ​ប​ពី​តូ​) បានចេញ​លក់​នៅ​ឆ្នាំ ១៩៦១ ហើយ ដោយសារ​បទ​ចម្រៀង Pepito បានធ្វើអោយ​ក្រុម Los Machucambos ល្បីល្បាញ​ពាសពេញ​ពិភពលោក​នៅពេលនោះ​ផងដែរ​។ 
 
​មិត្តអ្នកស្តាប់​ប្រាកដជា​ឆ្ងល់​ហើយ​ថា ហេតុអ្វី​បានជា​បទ​ចម្រៀង​ដែលមាន​ប្រភព​មកពី ​ប្រទេស​បារាំង បែរជា​ច្រៀង​ជា​ភាសា​អេ​ស្ប៉ា​ញ ដោយ​អ្នកចម្រៀង​ជនជាតិ កូ​ស្តា​រី​កា ទៅ​វិញ​។ ដើម្បីអោយ​ប្រិយមិត្ត​ជ្រាប​កាន់តែច្បាស់ ខ្ញុំ​សូម​ជំរាប​មិត្តអ្នកស្តាប់​អំពី​ក្រុម​ចម្រៀង Los Machucambos នេះ​។ 
 
​ក្រុម​ចម្រៀង Los Machucambos ត្រូវបាន​បង្កើតឡើង​នៅ​ទីក្រុង​បារី​ស នៅ​ខែសីហា​ឆ្នាំ​១៩៥៩ ដោយ​សិល្បករ​ជនជាតិ​អេ​ស្ប៉ា​ញ ឈ្មោះ Rafael Gayoso សិល្បករ​ជនជាតិ​កូ​ស្តា​រី​កា ឈ្មោះ Julia Cortés និង​សិល្បករ​ជនជាតិ​ប៉េ​រូ​ឈ្មោះ Milton Zapata ហើយ​ដែល​ក្រោយមក​ត្រូវ​ជំនួស​ដោយ​សិល្បករ​ជនជាតិ​អ៊ីតាលី​ឈ្មោះ Romano Zanotti​។​
 
​បទ​ចម្រៀង​ភាគច្រើន​របស់​ក្រុម Los Machucambos គឺជា​បទ​ចម្រៀង​ប្រភេទ​ស្រាល និង​អាច​រាំ​បាន ប៉ុន្តែ​បទ​ចម្រៀង​ទាំងនោះ​មាន​ភាព​ផ្សេងៗ​គ្នា និង បានរួម​បញ្ចូល​គ្នា​នូវ​បទ​ចម្រៀង​បែប​ប្រពៃណី​របស់​ពួក​មេ​រិ​ក​ឡាទីន និង​បទ​ចម្រៀង​ដែល​និពន្ធ​ដោយ​អ្នកចម្រៀង​ដ៏​ល្បី​របស់​បារាំង​ដូចជា Charles Aznavour ឬក៏ Léo Ferré ជាដើម​។​
 
​បទ​ចម្រៀង​នេះ​ត្រូវបាន​ច្រៀង​ឡើងវិញ​ដោយ​អ្នកចម្រៀង​ជាច្រើន​នាក់​នៅ​ជុំវិញ​ពិភពលោក​​។ បទ​ចម្រៀង​នេះ​ក៏មាន​ឥទ្ធិពល​មកដល់​ប្រទេស​កម្ពុជា​យើង​ដែរ​។ 
 
​បទ​ចម្រៀង​ដែល​ប្រិយមិត្ត​កំពុង​ស្តាប់​នៅពេលនេះ មាន​ចំណងជើង​ថា​"​បើ​បាន​រាំ​ហើយ​"​។ បទ​ចម្រៀង​នេះ ច្រៀង​ដោយ​អ្នកស្រី រស់ សេរី​សុទ្ធា និពន្ធ​ទំនុកច្រៀង ដោយ​លោក ញ៉ែម ផុន  សម្រួល​បទ​ភ្លេង​ដោយ​លោក សម សា​ខន និង ប្រគុំ​បទ​ភ្លេង​ដោយ​ក្រុម​តន្ត្រី​យោធា​​ភិរម្យ​។  បទ​ចម្រៀង "​បើ​បាន​រាំ​ហើយ​" ជា​ផលិតផល​របស់​ថាស​ចម្រៀង សញ្ញា​អា​ប៉ូ​ឡូ​។  
​យើង​មិនដឹងថា​បទ​ចម្រៀង​រប​ស់​អ្នកស្រី​រស់ សេរី​សុទ្ធា​១​បទ នេះ​ត្រូវបាន​ផលិត និង​ដាក់លក់​នៅ​ឆ្នាំ​ណា​នោះទេ​។ ទោះយ៉ាងណា បទ​ចម្រៀង​នេះ បាន​ប្រាប់​យើង អោយដឹងពី​ការច្នៃប្រឌិត​របស់​ផលិតករ​ខ្មែរ​សម័យមុន ដែល​អាចធ្វើអោយ​បទ​ចម្រៀង​ខ្មែរ ឈានឡើង​ស្មើនឹង​បទ​ចម្រៀង​បរទេស​ដែល​ល្បីៗ​នៅក្នុង​ពិភពលោក​៕
 

Tag:
 ឃុ​ត សុខឿន
© រក្សាសិទ្ធិដោយ thmeythmey.com