ជាតិ
សិល្បះ
កវី គង្គ ប៊ុនឈឿន ចង់មានទីតាំងតម្កល់ធាតុលោក នៅក្បែរស្ទឹងសង្កែ
× ការប្រារព្ធពិធីរម្លឹកអនុស្សាវរីយ៍បទ«ម្លប់ដូងទី១០» ដែលជាចំណងជើងមួយនៃបទចម្រៀងរបស់លោក ស៊ីន ស៊ីសាមុត ពីសំណាក់អភិបាលខេត្តបាត់ដំបង បានធ្វើឲ្យអ្នកនិពន្ធបទចម្រៀងនេះគឺលោក គង្គ ប៊ុនឈឿន រំជួលចិត្តពីប្រទេសន័រវេសដែលលោកកំពុងរស់នៅ។ រៀបរាប់ប្រាប់សារព័ត៌មានថ្មីៗតាមរយៈទូរសព្ទពីទ្វីបអឺរ៉ុប ក្នុងស្ថានភាពមានជំងឺធ្ងន់ធ្ងរផងនោះ កវីម្ចាស់ស្ទឹងសង្កែថ្លែងថា លោកសាទរគំនិតផ្តួចផ្តើមរបស់អភិបាលខេត្តបាត់ដំបង ហើយលោកក៏ចង់មានទីតាំងនិម្មិតរូបមួយនៃការរំឮកស្នាដៃលោកជាច្រើនដែលមានពាក់ព័ន្ធនឹងខេត្តបាត់ដំបង ដែលជាខេត្តកំណើតរបស់លោកដែរ។
ទាំងរំភើប ទាំងចម្លែកក្នុងចិត្ត និងភ្ញាក់ផ្អើលផង ទាំងនេះគឺជាចំណាប់អារម្មណ៍របស់កវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន ដែលបាននិយាយប្រាប់អ្នកសារព័ត៌មានថ្មីៗ ចំពោះព្រឹត្តិការណ៍នៃការរម្លឹកអនុស្សាវរីយ៍ «ម្លប់ដូងទី១០» នាមាត់ស្ទឹងសង្កែ ក្រុងបាត់ដំបង។
កាលពីពេលថ្មីៗនេះ អភិបាលខេត្ត និងអាជ្ញាធរខេត្តបាត់ដំបង បានរៀបចំពិធីរម្លឹក និងបង្ហាញ ដើមដូងទី១០ ដែលជាខ្លឹមសារនៃបទចម្រៀង ដែលច្រៀងដោយអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត និងដែលនិពន្ធដោយលោក គង្គ ប៊ុនឈឿន។
សូមស្តាប់ប្រសាសន៍លោក គង្គ ប៊ុនឈឿន
លើសពីការសរសេរអរគុណអភិបាលខេត្តបាត់ដំបងតាមរយៈទំព័រហ្វេសប៊ុករបស់លោក កវីគង្គ ប៊ុនឈឿន បានថ្លែងពីអារម្មណ៍ផ្ទាល់របស់លោកប្រាប់សារព័ត៌មានថ្មីៗពីប្រទេសន័រវេសយ៉ាងដូច្នេះថា៖«ខ្ញុំអរ ហើយមានការចម្លែកក្នុងចិត្តដែរ ព្រោះមិននឹកឃើញថា គេរម្លឹកឡើងវិញ បទម្លប់ដូងទី១០នេះទេ។ ដល់មានការរម្លឹកឡើងវិញអ៊ីចឹង ខ្ញុំក៏ភ្ញាក់ផ្អើលដែរ ព្រោះវាជាបទរបស់ខ្ញុំ ហើយជាជាសំឡេងរបស់លោក ស៊ីន ស៊ីសាមុត។ ធ្វើនេះល្អ ព្រោះវាធ្វើឲ្យល្អដល់វិស័យទេសចរណ៍ និងសិល្បៈ ។ គ្រាន់តែខ្ញុំស្តាយមិនបានទៅចូលរួមផ្ទាល់ ព្រោះខ្ញុំមានជំងឺ។ ពិសេសទឹកដីបាត់ដំបង ជាស្រុកកំណើតរបស់ខ្ញុំ»។
គ្រាន់តែមានពិធីរម្លឹកអានុស្សាវរីយ៍នៃបទចម្រៀងមួយរបស់លោកនៅពេលនេះ លោក គង្គ ប៊ុនឈឿន ដែលមានអាយុ៧៦ឆ្នាំ ហើយដែលកំពុងមានជំងឺប្រចាំកាយផងនោះ ក៏បាននឹកឃើញពីបំណងរបស់លោកដែលចង់បង្កើតទីតាំងរម្លឹកអនុស្សាវរីយ៍ ដែលអាចមានរូបសំណាក ឬជាទីកន្លែងដាក់ធាតុរបស់លោកផង ក្រោយពីលោកអស់ជន្មាទៅ។ សម្រាប់លោក គង្គ ប៊ុនឈឿន ដែលបានចាកចេញពីកម្ពុជាទាំងបង្ខំចិត្តក្នុងឆ្នាំ២០០០នោះ លោកចង់ឃើញរូបសំណាកអនុស្សាវរីយ៍នៃការងារតែងនិពន្ធរបស់លោកខ្លះនៅក្នុងខេត្តកំណើតរបស់លោក។ បើទោះជាមានសំឡេងខ្សោយក៏ដោយ កវី គង្គ ប៊ុនឈឿន នៅអាចរម្លឹកការងាររបស់លោកយ៉ាងមោទនៈ។
សូមស្តាប់ប្រសាសន៍លោក គង្គ ប៊ុនឈឿន
«មែនទែនទៅ មិនមែនមានតែ«ម្លប់ដូងទី១០»ទេ។ ខ្ញុំរស់នៅបាត់ដំបង ខ្ញុំមានបទច្រើន ដូចជាបទរំដួលស្ទឹងសង្កែ, កូនស្រីអ្នកនេសាទ, បទភូមិវត្តកំផែង, សុទ្ធតែបទដែលនិយាយពីទីតាំងសំខាន់ៗ ដែលទេសចរ ឬបងប្អូនចង់ដឹងចង់ឮ។ ម្លោះហើយ បើឯកឧត្តម លោកមានលទ្ធភាព អាចធ្វើអ្វីតទៅទៀតបាន ដើម្បីឲ្យកាន់តែផុសផុលឡើង កាន់តែល្អ។ ឲ្យគេដឹងថា កវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន បានធ្វើអ្វីខ្លះចំពោះ ខេត្តបាត់ដំបង នៅពេលគាត់នៅរស់»។ នេះជាការរៀបរាប់របស់លោក គង្គ ប៊ុនឈឿន។
តាមពិតទៅ បំណងធំរបស់លោក ហើយដែលអាចធ្វើឲ្យលោកកាន់តែសប្បាយចិត្តទៀតនោះ គឺធាតុរបស់លោក នឹងអាចតម្កល់ ឬរក្សាទុកនៅក្នុងទីតាំងនៃការរំឮកអនុស្សាវរីយ៍របស់លោកផ្ទាល់តែម្តង។
លោក គង្គ ប៊ុនឈឿន គឺជាកវី អ្នកនិពន្ធរឿងប្រលោមលោក និងជាអ្នកនិពន្ធបទចម្រៀងជាច្រើនរយបទឲ្យអ្នកចម្រៀងខ្មែរដ៏ល្បីល្បាញនៅក្នុងទស្សវត្សរ៍៧០៕
© រក្សាសិទ្ធិដោយ thmeythmey.com