​​​ន​យោ​បាយ​ជាតិ​
Hello VOA៖ អ្នកវិភាគ​ថា Facebook មិនអាច​ធ្វើ​ឲ្យ​«​ផ្លាស់ប្តូរ​នយោបាយ​»​នៅក្នុង​ការបោះឆ្នោត​អាណត្តិ​ក្រោយ​ទេ​
21, Jan 2016 , 7:59 am        
រូបភាព
ដោយ:
​វ៉ាស៊ីនតោន​៖ អ្នកវិភាគ​ឯករាជ្យ​ខាង​បញ្ហា​យុវជន​និង​សង្គម​លើកឡើងថា បណ្តាញ​ទំនាក់ទំនង​សង្គម​ដូចជា Facebook ជាដើម ទំនងជា​មិនអាច​ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​នយោបាយ​បានទេ នៅក្នុង​ប្រទេស​កម្ពុជា​ក្នុងការ​បោះឆ្នោត​ឃុំ សង្កាត់​នៅ​ឆ្នាំ​២០១៧ និង​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៨​ខាងមុខនេះ​។ លោក ឆាំ ប៊ុន​ថេត សមាជិក​នៃ​ក្រុមអ្នកវិភាគ​ឯករាជ្យ​វ័យក្មេង បាន​ថ្លែង​បែបនេះ នៅក្នុង​កម្មវិធី «Hello VOA» នៅ​ថ្ងៃ​ច័ន្ទ ទី​១៨ ខែមករា​នេះ​។​






«Facebook គ្រាន់តែ​ជា​ឧបករណ៍​ជួយ​ឲ្យ​យើង​ដឹង​ពី​បញ្ហា​ទេ ចំណែក​ការផ្លាស់ប្ដូរ​២០១៧ និង​២០១៨​នេះ ខ្ញុំ​គិតថា វា​មិន​ងាយ​ទៅរួច​ទេ ដរាបណា អ្នកនយោបាយ ដែលមាន​យុវជន​ដើរ​តាមច្រើន​ដូច​សព្វថ្ងៃនេះ នៅ​មិនទាន់​ប្រឈម​ជាមួយ​ការពិត មិន​ហ៊ាន​ប្រឈម​នឹង​រឿង​អយុត្តិធម៌ និង​សុខចិត្ត​គេច​ទៅ​ឆ្វេង គេច​ទៅ​ស្តាំ​នោះ​»​។​

​តាម​ការសិក្សា​ស្រាវជ្រាវ​ចុងក្រោយ​មួយ អំពី​ការប្រើប្រាស់​ទូរស័ព្ទដៃ​និង​អ៊ីនធឺណិត​នៅ​កម្ពុជា (Mobile Phone and Internet in Cambodia 2015) ដែល​បានចេញ​ផ្សាយ​កាលពី​ចុងឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​ជិត​១​ភាគ​៣​ក្នុងចំណោម​ប្រជាពលរដ្ឋ​សរុប​ប្រមាណ​១៥​លាន​នាក់ អាច​ទទួលបាន​ព័ត៌មាន​តាម​បណ្តាញ​អ៊ីនធឺណិត​និង​Facebook​។​

​ការសិក្សា​នេះ ក៏បាន​រកឃើញ​ដែរ​ថា ការប្រើប្រាស់​បណ្ដាញ​អ៊ីនធឺណិត និង​Facebook ដោយ​ប្រជាពលរដ្ឋ​ខ្មែរ ដើម្បី​ទទួលបាន​ព័ត៌មាន បាន​កើនឡើង​នៅ​ឆ្នាំ​២០១៥​នោះ​។​

​អ្នកជំនាញ​ខាង​បណ្ដាញ​សង្គម បាន​ព្យាករណ៍​ថា ការប្រើប្រាស់​បណ្ដាញ​សង្គម​ដូចជា Facebook​នេះ នឹង​បន្ត​កើនឡើង ដោយសារតែ​មិន​ត្រឹមតែ​ស្រទាប់​យុវជន​ប៉ុណ្ណោះ​ទេ សូម្បីតែ​អ្នកនយោបាយ​និង​អ្នកជំនួញ​ធំៗ កាន់តែ​ច្រើនឡើង បាន​ហក់​ចូលប្រឡូក​យ៉ាងសកម្ម​នៅក្នុង​បណ្តាញ​សង្គម​នេះ ដើម្បី​ទាក់ទាញ​អ្នកគាំទ្រ​របស់​ពួកគេ​បន្ថែមទៀត​។​

​អ្នក​ចុច​«Like» នៅលើ​ទំព័រ​Facebook​របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន មាន​ចំនួន ជិត ២​លាន​នាក់ ខណៈដែល​ចំនួន​អ្នក​ចុច​«like» នៅលើ​ទំព័រ​Facebook​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និទ្ទេស​ខ្លួនឯង​នៅក្រៅ​ប្រទេស ដើម្បី​គេច​ពី​រឿង​ក្តីក្តាំ​នៅ​តុលាការ​កម្ពុជា​នោះ មាន​ជាង ២​លាន​នាក់ គិត​មក​ត្រឹម​ថ្ងៃ​ច័ន្ទ ទី​១៨​ខែមករា​នេះ​។​

​គណបក្ស​សង្គ្រោះ​ជាតិ បាន​ពឹងផ្អែក​មួយផ្នែកធំ​ទៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ជាពិសេស Facebook ដើម្បី​ការទាក់ទង​ជាមួយ​អ្នកគាំទ្រ​ចាស់ៗ និង​ទាក់ទាញ​អ្នកគាំទ្រ​ថ្មីៗ​បន្ថែមទៀត ចាប់តាំងពី​មុន​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៣ ដែល​គណបក្សប្រឆាំង​នេះ ទទួលបាន​អាសនៈ​ចំនួន​៥៥ ក្នុងចំណោម​អាសនៈ​សភា​កម្ពុជា​សរុប ១២៣ អាសនៈ​នោះ​។​

​ប៉ុន្តែ លោក ឆាំ ប៊ុន​ថេត មានប្រសាសន៍ថា Facebook នឹង​មិនទាន់​អាចធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​នយោបាយ​នៅ​កម្ពុជា ក្នុងការ​បោះឆ្នោត អាណត្តិ​ក្រោយនេះ​ទេ ពីព្រោះ​លោក​ពន្យល់ថា ការគ្រប់គ្រង​នយោបាយ​នៅ​កម្ពុជា នៅតែមាន​លក្ខណៈ​បន្តវេន​ពី​ក្រុម​បក្សពួក​ខ្លួន ឬ គ្រួសារនិយម​ពី​ជំនាន់​អ្នកដឹកនាំ​វ័យចាស់​ទៅដល់​កូនៗ​របស់​ពួកគេ ដែល​លោក​ហៅថា ជាការ​ឡើងកាន់តំណែង «​តាម​ជើងខោ​»​។​

«​អ្វីដែល​ពួក​ខ្ញុំ​ជា​យុវជន​សង្ឃឹម​គឺថា ឆ្នាំ ២០២៣ ពេលដែល​យុវ​ចាស់ លោក​ទន់​អស់​មែនទែនទៅ យុវជន ចាប់ផ្តើម​ពេញកម្លាំង អាហ្នឹង​ខ្ញុំ​គិតថា ការផ្លាស់ប្តូរ នឹង​អាចមាន​នៅក្នុង​សង្គម​ខ្មែរ ហើយ​អាការ​ឡើង​តាម​ជើងខោ​ហ្នឹង អាច​ថយ​ហើយ​»៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com