ជាតិ
អ្នកនិពន្ធ​បទ «​ស៊ូ​ឃ្លាត​» ៖ របស់​យើង​នៅតែ​ជា​របស់​យើង ការរិះគន់​គឺជា​ការផ្តល់​កម្លាំងចិត្ត​
21, Jan 2016 , 2:46 pm        
រូបភាព
«​ឈឺ​បង​ឈឺៗ​បើសិន​បាត់​អូន យំ​បង​យំៗ​យំ​ព្រោះ​នឹក​អូន តើ​ដឹង​ទេ​?...»​។ នេះ​ជា​ឃ្លា មួយ នៅ ក្នុង​បទ​ចម្រៀង «​ស៊ូ​ឃ្លាត​» ដែល​កំពុង​ល្បីល្បាញ​នាពេល​បច្ចុប្បន្ន​។ អារម្មណ៍​ឈឺចាប់ និង​ចង់ យំ  បែបនេះ ប្រហែលជា​គេច​មិន​ផុត​ឡើយ​នៅពេលដែល​បទ​ចម្រៀង ដែល​និពន្ធ​ដោយ​កូន​ខ្មែរ តែ​ត្រូវបាន​គេ​ចោទថា លួច​ចម្លង​ពី​បរទេស​។ ផ្ទុយទៅវិញ លោក អ៊ឹម រតនៈ ដែលជា អ្នក និពន្ធ​បទ «​ស៊ូ​ឃ្លាត​» បាន​អះអាង​លោក​គ្មាន​ការ​អាក់អន់ចិត្ត​អ្វី​ឡើយ ពោលគឺ​របស់​ខ្មែរ​នៅតែ​ជា​របស់​ខ្មែរ​។​

 
​បទ​ចម្រៀង​ដែលមាន​ចំណងជើង​ថា «​ស៊ូ​ឃ្លាត​» រៀបរាប់​ពី​បុរស​ម្នាក់ ដែល​បង្ខំចិត្ត​បែកចេញ​ពី​ស្រី​ជាទី​ស្រឡាញ់​របស់ខ្លួន​ដោយសារតែ​មិន​ចង់​ឲ្យ​នាង​រស់នៅ​រង​ទុក្ខ​ជាមួយនឹង​ភាពក្រីក្រ​របស់ខ្លួន​។ ទោះបីជា​យ៉ាងណា គេ​នៅតែ​គិតពី​នារី​រូបនោះ​ជានិច្ច ដោយ​យល់ថា ការបែកបាក់​គឺជា​កម្ម​ពារ​របស់​ពួកគេ​ទាំងពីរ​។ បទ​ចម្រៀង​នេះ​បកស្រាយ​ដោយ លោក វង្ស តារា​រតនា នៃ ផលិតកម្ម WE Productions ដោយ​លោក អ៊ឹម រតនៈ ដែលជា​អ្នកនិពន្ធ​បទ រួមទាំង​សាច់ ភ្លេង អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា វា​ជា​រឿង​ពិត​របស់លោក​។​
 
«​ស៊ូ​ឃ្លាត​» ទទួលបាន​នូវ​ភាពល្បីល្បាញ​កាន់តែខ្លាំង បន្ទាប់ពី​ម្ចាស់​ជ័យលាភី Cambodian Idol នី រតនា បាន​លើក​យកមក​បកស្រាយ​នៅ​វគ្គ LIVE Show សប្តាហ៍​ទី​៧ នៃ​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក​មួយ​នេះ​របស់​ទូរទស្សន៍​ហង្ស​មាស​។ ចំនួន​ចូល​មើល​បទ​នេះ​តាម Youtube ដែល​ចុះផ្សាយ​លើ​ទំព័រ​ន​ផ្លូវការ​នៃ​កម្មវិធី Cambodian Idol មាន​រហូតដល់​ទៅជិត​១,៤​លាន​ដង​។​
 
​ភាព​អស្ចារ្យ​របស់​បទ «​ស៊ូ​ឃ្លាត​» បាន​នាំ​ឲ្យ​មាន​វេទិកា​នៃ​ការពិភាក្សា ជាពិសេស​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ទន្ទឹមនឹង​ការកោតសរសើរ​ចំពោះ​កូន​ខ្មែរ​ដែល​អាចបង្កើត​នូវ​ស្នាដៃ​ដ៏​ទាក់ទាញ មនុស្ស​មួយចំនួន​បានបង្ហាញ​ពី​ការមន្ទិលសង្ស័យ​ដោយ​គិតថា​ជា​ស្នាដៃ​លួច​ចម្លង​ពី​បរទេស​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ យុវជន​ម្នាក់​ដែលមាន​ឈ្មោះ​ហ្វេ​ស​ប៊ុ​កថា Nak Kerako បាន​យក​បទ​នេះ​ទៅ​បកស្រាយ​ជា​ភាសា​ចិន ដែល​នាំ​ឲ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​គិតថា ជា​ប្រភពដើម​នៃ​បទ ស៊ូ​ឃ្លា​តរបស់​ខ្មែរ​។​
 
​ក្រោយមក Nak Kerako បានចេញ​ឃ្លី​ប​វីដេអូ​បកស្រាយ​ថា ស៊ូ​ឃ្លាត ជា​ស្នាដៃ​របស់​កូន​ខ្មែរ​១០០​ភាគរយ ដោយ​យុវជន​រូបនេះ អះអាងថា ការយកទៅ​បកប្រែ​ជា​ភាសា​ចិន គឺ​ដោយសារតែ​មើលឃើញ​ពី​ការនិយម​ចូលចិត្ត​របស់​មិត្តភក្តិ​ដែល​ជនជាតិ​ចិន ឬ​ខ្មែរ​កាត់​ចិន​។ យុវជន​រូបនេះ បាន​បញ្ជាក់ថា​៖ «​សូមមេត្តា​កុំ​ភាន់​ច្រ​លំ បទ​ស៊ូ​ឃា្ល​ត គឺជា​បទ Original Song ខ្ងុំ​ពិតជា​កោតសរសើរ និង​មាន​មោទនភាព​យ៉ាងខ្លាំង ចំពោះ​ស្នាដៃ​និពន្ធ​ចម្រៀង​មួយ​បទ​នេះរ​បស់បង Tin Mark »​។​
 
Tin Mark គឺជា​ឈ្មោះ​ស្លាប​ប៉ា​កា និង​ជា​ឈ្មោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​បស់ លោក អ៊ឹម រតនៈ ។ លោក អ៊ឹម រតនៈ ដែលជា​តន្ត្រីករ​ម្នាក់ និង​ជា​អ្នកនិពន្ធ​បទ ស៊ូ​ឃ្លាត មិនបាន​គិតថា ស្នាដៃ​របស់ខ្លួន​ទទួល​នូវ​ការគាំទ្រ​កម្រិត​ខ្ពស់​បែបនេះ​នោះឡើយ​។​
 
​ទាក់ទង​នឹង​ការចោទប្រកាន់ថា លោក​បាន​លួច​ចម្លង​បទ​នេះ​ពី​ចិន លោក រតនៈ បាន​លើកឡើងថា​៖ «​មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង របស់​យើង​នៅតែ​ជា​របស់​យើង គ្មាន​ការបារម្ភ​អី​ទេ ព្រោះ​ប្អូនប្រុស​នោះ​គាត់​បាន​បកស្រាយ​យាង​ច្បាស់​ហើយ​ព្រមទាំង​បាន​សុំទោស​តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក​ជា​បើកចំហរ​ទៀត​» ។​
 
​ការលើកឡើង​របស់លោក អ៊ឹម រតនៈ ប្រហែលជា​មិន​ខុស​នោះឡើយ ព្រោះថា បច្ចុប្បន្ន ពលរដ្ឋ​មួយចំនួន​មិនទាន់​ហ៊ាន​ទទួលស្គាល់​ស្នាដៃ​ខ្មែរ​ភ្លាមៗ​នោះឡើយ ដោយសារតែ​ពួកគេ​មាន​ភាពស៊ាំ​ទៅហើយ​ជាមួយនឹង​ស្នាដៃ​ចម្លង​ពី​បរទេស​។​
 
​លោក អ៊ឹម រតនៈ បាន​អះអាងថា​បន្ថែមថា​៖ « ការព្យាយាម​ក៏​នៅតែ​បន្ត​បើទោះជា​បទ ស៊ូ​ឃ្លាត មិន​ល្បី​ក៏ដោយ ព្រោះ​យើង​ជា​ជំនាន់​ក្រោយ​ដែល​ត្រូវ​ជួយ​ឲ្យ​វិស័យ​មួយ​នេះ​ងើបឡើង​មកវិញ​ស្នង​ពី​ដូនតា​របស់​យើង​ហើយ​ត្រូវមាន​អ្វី​ដែលជា​របស់​ជាតិ​ឯង​»​។​
 
​តន្ត្រីករ និង​ជា​អ្នកនិពន្ធ​វ័យក្មេង​រូបនេះ នឹង​បង្ហាញ​ស្នាដៃ​ជា​បន្តបន្ទាប់​ទៀត ដែល​ក្នុងនោះ​មាន​បទ «​ខ្លាច​ឃ្លាត​» ជាដើម​។ ជាមួយគ្នានេះ លោក​បាន​សំណូមពរ​ថា​៖ « អ្វីដែល​ខ្ញុំ​ចង់បាន​គឺ​សុំ​ទាំង​ហ្វេ​ន នី រតនា និង ហ្វេ​ន តារា​រតនា រួមគ្នា​លើក​តំកើង​អ្នក​ទាំងពីរ​ឲ្យ​ស្មើគ្នា និង​ស្រឡាញ់​ឲ្យ​ស្មើគ្នា​ទៅ​ព្រោះ​ជា​ខ្មែរ​តែមួយ​ទេ ព្រោះ​ពួកគាត់​គឺមាន​ទេពកោសល្យ ខ្ពស់​ដូចគ្នា យើង​ឈ្លោះ​គ្នា​នាំ​តែ​បរទេស​គេ​មើលងាយ​យើង​ទេ​»​។​
 
​ក្រៅពី​ការកែប្រែ​បទ​ឲ្យ​ទៅជា​ន័យ​កំប្លែង​របស់​តារា​កំប្លែង​មួយចំនួន និង​ការ​ច្រៀង​បែប​ចាប៉ី បុរស​ជនជាតិ​បារាំង​ម្នាក់​ឈ្មោះ Jeremie Piquard ក៏បាន​យក​បទ​នេះ​ទៅ​បកប្រែ​ជា​ភាសា​បារាំង​ផងដែរ ដោយមាន​អត្ថន័យ​ដូច​បទ​ដើម​ទាំងស្រុង​៕
 
 
 



Tag:
 ស៊ូ​ឃ្លាត​
  អ៊ឹម រតនៈ​
  នី រតនា​
  វង្ស តារា​រតនា
© រក្សាសិទ្ធិដោយ thmeythmey.com