សង្គមអន្តរជាតិ​
អន្តរជាតិ
អាមេរិក​៖ សម្ព័ន្ធ​អន្តរជាតិ​ត្រៀម​ប្រើ​ទ័ពថ្មើរជើង​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម​
23, Jan 2016 , 10:21 am        
រូបភាព
​ប្រមុខ​ការពារជាតិ​អាមេរិក​លោក Ashton Carter បាន​បញ្ជាក់ថា សម្ព័ន្ធ​អន្តរជាតិ​ដែល​កំពុង​វាយប្រហារ​តាមផ្លូវ​អាកាស​ដើម្បី​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ នឹង​ប្រើប្រាស់​ទ័ពថ្មើរជើង​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​ដើម្បី​ពង្រឹង​យុទ្ធសាស្ត្រ​របស់ខ្លួន​។ ការពង្រាយ​ទ័ពថ្មើរជើង​នេះ​ក្លាយជា​យុទ្ធសាស្ត្រ​ថ្មី​មួយទៀត ព្រោះ​កន្លងមក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា តែងតែ​បដិសេធ​បញ្ជូន​ទ័ពថ្មើរជើង​អាមេរិក​ទៅ​កម្ចាត់​ក្រុម​ភេរវជន​នៅ​មជ្ឈិមបូព៌ា​។  


 
​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ CNBC  រដ្ឋមន្ត្រី​ការពារជាតិ​អា​មេ​រិល​លោក Ashton Carter បានបញ្ជាក់​យ៉ាងច្បាស់​ថា សម្ព័ន្ធ​អន្តរជាតិ​ដែល​ស្ថិតក្រោម​ការដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​នឹង​ពង្រាយ​ទ័ព​ថ្មើ​ជើង​ទៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​ដើម្បី​ច្បាំង​កម្ចាត់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ​។ ការប្រកាស​របស់​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​នេះ បញ្ជាក់ថា សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​ចាប់ផ្តើម​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​ដើម្បី​កម្ចាត់​ក្រុម​ដែ​ស្ហ​ហើយ​នៅពេល​បច្ចុប្បន្ន​។​
 
​ប្រមុខ​ការពារជាតិ​ខាងលើ​បាន​លើកឡើងថា​៖ « យើង​កំពុង​ព្យាយាម​ធ្វើ​បន្ថែម ពីព្រោះ​យើង​ត្រូវការ​ចូលរួម​បន្ថែម និង​ត្រូវ​ការយក​ជ័យជម្នះ​លើ​ក្រុម​ដែ​ស្ហ​។ ខ្ញុំ​មាន​ជំនឿ​ចិត្ត​ថា យើង​នឹង​ឈ្នះ​។ ប៉ុន្តែ​ខ្ញុំ​ចង់​បង្កើន​ការប្រយុទ្ធប្រឆាំង​ក្រុម​នេះ​ដើម្បី​ឆាប់​ទទួល​ជ័យជម្នះ​»​។​
 
​ទាក់ទិន​ការប្រឆាំង​ក្រុម​ភេរវជន​នេះ លោក Carter  បានបញ្ជាក់​ផងដែរ​ថា សម្ព័ន្ធ​អន្តរជាតិ​កំពុង​ស្វះស្វែង​ធ្វើយ៉ាងណា​កាត់ផ្តាច់​រាល់​ការទាក់ទង​គ្នា​រវាង​ក្រុម​ភេរវជន​នៅ​អឺរ៉ុប​និង​ស៊ី​រី ហើយ​សហរដ្ឋអាមេរិក​នៅតែមាន​បំណង​ចង់​ពង្រាយ​កងកម្លាំង​ក្នុង​តំបន់​ដើម្បី​ច្បាំង​ជំនួស​ទាហាន​ពួកគេ​។​
 
​ប៉ុន្តែ​យ៉ាងណាក៏ដោយ ការបញ្ជូន​ទ័ព​នេះ​ជាការ​បញ្ជូន​ទ័ព​សម្ព័ន្ធ​អន្តរជាតិ មិនមែន​អាមេរិក​បញ្ជូន​ទ័ព​ទៅ​ច្បាំង​ម្នាក់ឯង​ឡើយ​។ ដែល​នេះ​បញ្ជាក់ថា​សហរដ្ឋអាមេរិក​មិន​ទៅ​ច្បាំង​ប្រឆាំង​ដែ​ស្ហ ឬ​ក្រុម​ជ្រុលនិយម​ផ្សេងទៀត​ម្នាក់ឯង​ឡើយ​។ កន្លងមក លោក បា​រ៉ា​ក់ អូ​បា​ម៉ា តែងតែ​បដិសេធ​ការបញ្ជូន​ទ័ព​ថ្មើ​ជើង​ទៅ​ច្បាំង​ប្រឆាំង​ក្រុម​ដែ​ស្ហ​នៅ​មជ្ឈិមបូព៌ា ព្រោះ​លោក​យល់ថា ការប្រើប្រាស់​ទ័ព​ថ្មើរ​ជឹ​ង​នឹង​ទាញ​អាមេរិក​ឲ្យ​ផុង​ចូលក្នុង​សង្គ្រាម​បរទេស​ងើប​មិន​រួច​ជាថ្មី​។ ប៉ុន្តែ​កាលពី​ឆ្នាំមុន រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​បាន​ថ្លែង​ផ្ទុយ​ពីស​ម្តី​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដោយ​លោក​អះអាងថា សហរដ្ឋអាមេរិក​មិន​បដិសេធ​ការបញ្ជូន​ទ័ពថ្មើរជើង​សម្រាប់​វាយប្រហារ​ភេរវជន​ឡើយ​។ 
 
​សហរដ្ឋអាមេរិក​បាន​ដឹកនាំ​សម្ព័ន្ធ​អន្តរជាតិ​តាំងពី​ឆ្នាំ ២០១៤​មកម្ល៉េះ ហើយ​ប្រទេស​៦៥ បាន​ចូលរួម​ក្នុង​យុទ្ធនាការ​តាម​កម្ចាត់​ក្រុម​ភេរវជន​ផងដែរ​។ ក្រុម​នេះ​បាន​បន្ត​ទម្លាក់​គ្រាប់បែក​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម​នៅ​អ៊ីរ៉ាក់ និង​ឆ្លងដែន​ចូល​ទឹកដី​ស៊ី​រី​ដោយ​គ្មាន​ការអនុញ្ញាត​ឬ​យល់ព្រម​ពី​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស​ឡើយ​។ ដូច្នេះហើយ​ទើប​មានការ​រិះគន់​ខ្លាំង​ព្រោះ​ទង្វើ​របស់​ក្រុង​វ៉ាស៊ីនតោន​និង​សម្ព័ន្ធ​ត្រូវគេ​ចាត់ទុកថា​ជា​ការបំពានច្បាប់​អន្តរជាតិ​និង​អធិបតេយ្យ​របស់​រដ្ឋ​។​
 
​យ៉ាងណាក៏ដោយ ក្រុម​ភេរវជន​ដែ​ស្ហ​ហាក់បីដូចជា​ចុះថមថយ​កម្លាំង​ក្នុង​រយៈពេល​មួយឆ្នាំ​ចុងក្រោយ​នេះ ក្រោយ​រដ្ឋាភិបាល​លោក បា​សា អាល់​អាសាដ កាន់តែ​រឹងមាំ ដោយសារ​ការជួយជ្រោមជ្រែង​ខ្លាំង​ពី​សំណាក់​រុស្ស៊ី​។ រុស្ស៊ី​បានសម្រេច​ចេញ​ច្បាំង​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម​និង​ការពារ​របប​ដឹកនាំ​លោក អាសាដ ដោយ​ពង្រាយ​យន្តហោះ​ចម្បាំង ទាហាន និង ជំ​នួ​អាវុធ ក៏​ដូច​ជំនួយ​ហិរញ្ញវត្ថុ​។ តែ​យ៉ាងណា​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានបញ្ជាក់​ម្តង​ហើយ​ម្តង​ទៀតថា រុស្ស៊ី​ផ្តល់​ការគាំទ្រ​ដល់​កងកម្លាំង​ស៊ី​រី តែ​រុស្ស៊ី​មិ​បញ្ជូន​ទ័ពថ្មើរជើង​ទៅ​ច្បាំង​ប្រឆាំង​ភេ​វក​ម្ម​នៅ​មជ្ឈិមបូព៌ា​ជាដាច់ខាត​៕

Tag:
 អាមេរិក
  ​រដ្ឋ​ឥស្លាម​
© រក្សាសិទ្ធិដោយ thmeythmey.com