ជាតិ
កញ្ញា​សា​សា ព្រមយក​សំណង និង​ដក​បណ្តឹង​លើ លោក សុខ ប៊ុន​
26, Jan 2016 , 3:48 pm        
រូបភាព
ដោយ: ថ្មីៗ
កញ្ញា ឯក សុជាតា ហៅ សា​សា យល់ព្រម​ទទួលយក​សំណង និង​ដក​ពាក្យបណ្តឹង​លើ លោក សុខ ប៊ុន ដែល​បាន​ប្រើ​អំពើហិង្សា​លើ​រូបនាង កន្លងមក​។ សេចក្តីសម្រេច​នេះ ធ្វើឡើង​ក្នុង​សវន​ការជំនុំជម្រះ​រឿងក្តី​កញ្ញា សា​សា និង​លោក សុខ ប៊ុន នៅ​ព្រឹក​ថ្ងៃទី​២៦ មករា នេះ​។ សវន​ការ​នេះ បាន​ប្រ​ព្រឹ​តទៅ​ដោយ​គ្មាន​វត្តមាន​របស់​កញ្ញា សា​សា និង លោក​សុខ ប៊ុន ឡើយ ពោលគឺ​មានតែ​វត្តមាន​របស់​មេធាវីរ​បស់​ពួកគេ​ប៉ុណ្ណោះ​។



លោក ពុធ ធា​វី មេធាវី ការពារ​ក្តី​របស់ អតីត​ពិធី​ការិនី កញ្ញា សា​សា បាន​អះអាងថា កូនក្តី​របស់ខ្លួន សម្រេចចិត្ត​ដក​ពាក្យបណ្តឹង ដោយ​ទទួលយក​សំណង​ពី លោក សុខ ប៊ុន  តាម​ការសម្របសម្រួល​រវាង​គ្រួសារ​ដើមបណ្តឹង និង​គ្រួសារ​ចុងចោទ​។ លោក​ពន្យល់​ពី​នីតិវិធី​ថា កញ្ញា​សា​សា មាន​សិទ្ធ​ដក​ពាក្យបណ្តឹង​តែ​ខាង​រដ្ឋប្បវេណី​ប៉ុណ្ណោះ តែ​រឿង​ព្រហ្មទណ្ឌ ស្ថិតនៅក្រោម​អំណាចតុលាកា​រ​ជា​អ្នកសម្រេច​។​

យ៉ាងណាក៏ដោយ លោក ពុធ ធា​វី មិនអាច​បញ្ជាក់​ពី​ទំហំ​ទឹកប្រាក់ ដែល​ភាគី​ចុង​បណ្តឹង​ផ្តល់ជូន​កញ្ញា សា​សា នោះទេ​។ លោក​បានលើកឡើង​បែបនេះ​ថា​៖«​ការដក​ពាក្យបណ្តឹង​នេះ គឺជា​សុ​ឆន្ទៈ​របស់​កូនក្តី​ខ្ញុំ ដែល​យោគយល់​ដល់​គ្រួសារ​របស់លោក សុខ ប៊ុន​។ ហើយ​រឿង​សំណង​ប៉ុន្មាន​នោះ ខ្ញុំ​មិនអាច​បញ្ជាក់​បានទេ ទល់​តែ​សួរ​ជនរងគ្រោះ​និង​ក្រុមគ្រួសារ​គេ​ផ្ទាល់ ទើប​ដឹង​»​។

ជុំវិញ​បញ្ហា​នេះ សារព័ត៌មាន​ថ្មីៗ​មិនអាច​សុំ​អត្ថាធិប្បាយ​ពី​សំណាក់ កញ្ញា សា​សា ផ្ទាល់​ឡើយ ដោយសារតែ ហៅ​ទូរ​សព្ទ​ទៅ​ចូល តែ​គ្មាន​អ្នកទទួល​។

សូម​រម្លឹកថា អតីត​ពិធី​ការិនី​ទូរទស្សន៍ CTN រូបនេះ ត្រូវបាន​លោក សុខ ប៊ុន អតីត​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា វាយដំ​យ៉ាងធ្ងន់ធ្ងរ នៅ​កោះ​ពេជ្រ កាលពី​យប់​ថ្ងៃទី​២ ឈានចូល​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៥ ។ លោក សុខ ប៊ុន ត្រូវបាន​ចោទ​ពីបទ​«​ប្រើប្រាស់​អំពើហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​»៕


Tag:
 សា​សា
  សុខ ប៊ុន​
© រក្សាសិទ្ធិដោយ thmeythmey.com