ជាតិ
ពុទ្ធសាសនបណ្ឌិត្យ​រៀបចំ​ការប្រកួត​តែង​កំណាព្យ ដើម្បី​រំលឹក​ខួប​៩០​ឆ្នាំ​នៃ​ទស្សនាវដ្ដី​កម្ពុជសុរិយា​
28, Jan 2016 , 3:22 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ពុទ្ធសាសនបណ្ឌិត្យ នៃ​ក្រសួង​ធម្មការ​និង​សាសនា នឹង​រៀបចំ​ការប្រកួតប្រជែង​តែង​កំណាព្យ ក្រោម​ប្រធានបទ​« គម្រប់​ខួប​៩០​ឆ្នាំ នៃ​ការបង្កើត​ទស្សនាវដ្ដី​កម្ពុជសុរិយា​» ដើម្បី​អបអរសាទរ​ខួប​ទី​៩០​ឆ្នាំ​របស់​ទស្សន​វ​ដ្ដី​កម្ពុជសុរិយា​នៅ​ឆ្នាំ​២០១៦ នេះ ។



​ប្រធាន​ពុទ្ធសាសនបណ្ឌិត្យ លោក ស សុខ​នី បាន​បញ្ជាក់ថា​ពុទ្ធសាសនបណ្ឌិត្យ នឹង​រៀបចំ​ការប្រកួតប្រជែង​តែង​កំណាព្យ ដើម្បី​អបអរ​ខួប​ទី​៩០​ឆ្នាំ​របស់​ទស្សនាវដ្ដី​កម្ពុជសុរិយា និង​ដើម្បី​លើកតម្កើង​ស្នាដៃ​អក្សរសាស្ត្រ​ខ្មែរ​ឡើងវិញ​ផងដែរ​។  ។ ការប្រកួត​នេះ តម្រូវ​ឲ្យ​សិស្ស​និស្សិត សាស្ត្រាចារ្យ ឬ​អ្នកមាន​ចំណូលចិត្ត​ក្នុងការ​និពន្ធ​កំណាព្យ​ត្រូវ​សរសេរ​កំណាព្យ​លើ​ប្រធានបទ «​គម្រប់​ខួប​៩០​ឆ្នាំ នៃ​ការបង្កើត​ទស្សនាវដ្ដី​កម្ពុជសុរិយា​»​នេះ​តែម្ដង​។​

​យោងតាម​ឯកសារ ទស្សនាវដ្ដី​កម្ពុជសុរិយា គឺជា​ទស្សនាវដ្ដី​ភាសា​ខ្មែរ​ដែល​ចាស់​ជាងគេ​មួយ ត្រូវបាន​បោះពុម្ពផ្សាយ​នៅក្នុង​ព្រះរាជណាចក្រ​កម្ពុជា​លើកដំបូង​នៅ​ឆ្នាំ​១៩២៦ រហូតមកដល់​ឆ្នាំ​១៩៧៥​ហើយក៏​ត្រូវ​ផ្អាក​បោះពុម្ពផ្សាយ​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​។ នៅ​ឆ្នាំ​១៩៩៤ រហូតដល់​ឆ្នាំ​២០០៦​ទស្សនាវដ្ដី​នេះ បានចាប់ផ្ដើម​បោះពុម្ពផ្សាយ​ឡើងវិញ ហើយក៏​ត្រូវ​ផ្អាក​បោះពុម្ពផ្សាយ​ជា​លើក​ទី​២ ដោយសារតែ​គ្មាន​ថវិការ​គ្រប់គ្រាន់​ដើម្បី​បោះពុម្ពផ្សាយ​នៅ​ឆ្នាំ​២០០៦​។ រហូតដល់​ឆ្នាំ​២០១៤ ពុទ្ធសាសនបណ្ឌិត្យ​កម្ពុជា​ក៏​សម្រេច​រៀបចំ​បោះពុម្ពផ្សាយ​«​ទស្សនាវដ្ដី​កម្ពុជសុរិយា​»​ឡើងវិញ ដោយ​ប្រើប្រាស់​ថវិការ​ជំនួយ និង​ថវិការ​បាន​ពី​ការលក់​សៀវភៅ​ពីមុនៗ​របស់​ពុទ្ធសាសនបណ្ឌិត្យ​។​



​ទស្សនាវដ្ដី​កម្ពុជសុរិយា​នេះ គឺជា​ទស្សនាវដ្ដី​មួយ ដែល​បាន​ផ្សាយ​អក្សរសាស្ត្រ​សាសនា អក្សរសាស្ត្រ​ទូទៅ និង​រឿងព្រេង​ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ ដែល​ផ្ដល់​ប្រយោជន៍​ឲ្យ​សាធារណជន សិស្ស និស្សិត សាស្ត្រាចារ្យ ធ្វើការ​សិក្សា​ស្រាវជ្រាវ​។ សព្វថ្ងៃនេះ ពុទ្ធសាសនបណ្ឌិត្យ​បានកំណត់​លើ​ប្រធានបទ​បី គឺ​ទី​១. អក្សរសាស្ត្រ​សាសនា ដែល​ពុទ្ធសាសនបណ្ឌិត្យ​នឹង​ដក់ស្រង់​អក្សរសាស្ត្រ​ក្នុង​ពុទ្ធសាសនា ទី​២.​គឺ​អក្សរសាស្ត្រ​ទូទៅ ដែលមាន​ដូចជា​រឿងព្រេង កំណាព្យ ប្រលោមលោក​ជាដើម និង​ទី​៣. គឺកំណត់​ព្រឹត្តិការណ៍​ធំៗ​នៅក្នុង​ព្រះពុទ្ធសាសនា នៅក្នុង​ប្រទេស​កម្ពុជា​ជាដើម​ដើម្បី​ចុះផ្សាយ​នៅក្នុង​ទស្សនាវដ្ដី​នេះ​។​

​ពុទ្ធសាសនបណ្ឌិត្យ ក៏​អំពាវនាវ ផងដែរ​ដល់​សាធារណជន​ណា​ដែលមាន​ចំណូលចិត្ត​ខាង​សរសេរ និង​ស្រាវជ្រាវ ចង់​ចុះផ្សាយ​អត្ថបទ​របស់ខ្លួន​នៅក្នុង​ទស្សនាវដ្ដី​កម្ពុជសុរិយា ដែល​ទាក់ទង​និង​អង​ក្សរ​សាស្ត្រ អក្សរសិល្ប៍ ព្រះពុទ្ធសាសនា ប្រពៃណី​ទំនៀមទម្លាប់ សិល្បៈ ប្រលោមលោក អត្ថបទ​បកប្រែ​នានា អត្ថបទ​កំណាព្យ អប់រំ​សីលធម៌​និង​ចរិយា​ធម៌ និង​ចំណេះដឹង​ផ្សេងៗ​ដែលមាន​ប្រយោជន៍​ដល់​សង្គម អាច​ទំនាក់ទំនង​ទៅ​ពុទ្ធសាសនបណ្ឌិត្យ​បាន​។​

​សូមបញ្ជាក់ថា សម្រាប់​ការប្រកួត​នេះ បេក្ខជន​អាច​សរសេរ​អត្ថបទ​កំណាព្យ តាមរយៈ​ប្រធានបទ​ខាងលើ​ហើយ​ផ្ញើរ​ទៅ​ពុទ្ធសាសនបណ្ឌិត្យ ដើម្បី​ឲ្យ​គណៈកម្មការ​ពិនិត្យ ធ្វើការ​ជ្រើស​រើសយក​ចំណាត់ថ្នាក់​លេខ​១, ២, និង​លេខ​៣​។ សម្រាប់​អ្នក​ដែល​ឈ្នះ​នៅក្នុង​ការប្រកួត​នេះ​ចាប់ពី​លេខ​១​ដល់​លេខ​៣​នឹង​ទទួលបាន​ទឹកប្រាក់​មួយចំនួន​ដូចជា​៖ លេខ​១ ទទួលបាន​ទឹកប្រាក់​ចំនួន​២០០០០០​រៀល លេខ​២​ទទួលបាន​ទឹកប្រាក់​ចំនួន​១៥០០០០​រៀល និង​លេខ​៣ ទទួលបាន​ទឹកប្រាក់​ចំនួន​១០០០០០​រៀល​។ ហើយ​ពុទ្ធសាសនបណ្ឌិត្យ នឹង​ចាប់​ទទួល​អត្ថបទ​ចាប់ពី​ខែមករា រហូតដល់​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៦ ដោយ​បេក្ខជន​ត្រូវ​នាំយក​នូវ​កំណាព្យ​ចំនួន​៥​ច្បាប់ រួមទាំង​ឯកសារ​ដែល​បាន​វាយ​លើ​Ms. Word ជា​យូ​នី​កូដ​។ ចំណែក​អត្ថបទ​កំណាព្យ គឺ​ត្រូវតែ​ជា​កម្មសិទ្ធិ​របស់​អ្នកនិពន្ធ​ផ្ទាល់​តែម្ដង​។​


Tag:
 ​ពុទ្ធសាសនបណ្ឌិត្យ​
  កំណាព្យ​
  កម្ពុជសុរិយា
© រក្សាសិទ្ធិដោយ thmeythmey.com