ជាតិ
លោក សុខ ទូច ប្រាប់​ពលរដ្ឋ​ឲ្យ​ឈប់​ព្រួយបារម្ភ​ពី​រឿង​ព្រំដែន​ចាប់ពី​ថ្ងៃនេះ​តទៅ​
04, Feb 2016 , 1:50 pm        
រូបភាព
​ប្រធាន​ក្រុម​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា​-​វៀតណាម លោក សុខ ទូច បាន​ផ្តាំផ្ញើ​ទៅ​ប្រជាពលរដ្ឋ​គ្រប់រូប​ថា មិនត្រូវ​កើតទុក្ខ​មិន​សុខចិត្ត ក្នុង​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម តទៅទៀត​ឡើយ​។ លោក​ថា កម្ពុជា នឹង​បោះ​ពុ​ម្ភ ឯកសារ​ពិតប្រាកដ និង​ត្រឹមត្រូវ​មួយ ទាក់ទង​នឹង​ព្រំដែន​កម្ពុជា​-​វៀតណាម ក្រោយពី​ក្រុម​របស់លោក បានបញ្ចប់​បេសកកម្ម​នៃ​ការស្រាវជ្រាវ​។​



​លោក សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា​-​វៀតណាម បានប្រកាស​ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ថា រាជបណ្ឌិត្យសភាកម្ពុជា​នឹង​បោះពុម្ព​សៀវភៅ​មួយ ស្តីពី​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុងពេល​ខាងមុខ បន្ទាប់ពី​ក្រុម​របស់លោក បានបញ្ចប់​ការស្រាវជ្រាវ​។ ដូច្នេះ លោក បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ឈប់​ខ្វល់ខ្វាយ​ជុំវិញ​ជម្លោះព្រំដែន​កម្ពុជា​-​វៀតណាម ចាប់ពី​ថ្ងៃនេះ​តទៅ​។

​លោក សុខ ទូច បាន​បន្ថែមថា តាម​គម្រោង ប្រតិបត្តិការ​នៃ​ការស្រាវជ្រាវ​នេះ នឹង​បញ្ចា​ប់​នៅ ឆ្នាំ​២០១៧ ហើយ​បន្ទាប់មក រាជបណ្ឌិត្យសភា​នឹង​បោះ​ពុ​ម្ពសៀវភៅ ស្តីពី​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុង​ឆ្នាំ​២០១៨ ។ ការ​ថ្លែង​បែបនេះ ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​ដំណើរការ​ទូទៅ​នៃ​ការស្រាវជ្រាវ​ព្រំដែន​កម្ពុជា​-​វៀតណាម ដែល​ប្រព្រឹត្តទៅ​នៅ​រាជបណ្ឌិត្យសភាកម្ពុជា នាពេល​ព្រឹក​ថ្ងៃទី​៤ កុម្ភៈ នេះ​។​

​ប្រធាន​ក្រុម​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា​-​វៀតណាម រូបនេះ​បានបញ្ជាក់​ដូច្នេះ​ថា​៖«​ប្រជាជន​កម្ពុជា កុំ​ខ្វល់​ពី​បញ្ហា​ព្រំដែន ពីថ្ងៃ​នេះ​តទៅ​។ ក្រោយ​រាជបណ្ឌិត្យសភា​បោះ​ពុ​ម្ពសៀវភៅ​នេះ​រួច  ប្រជាជន​អាច​មើល​សៀវ​ភៅព្រំដែន​ហ្នឹង ហើយក៏​អាច​ទៅ​មើល​ព្រំដែន​ខ្លួនឯង​បានដែរ​»​។

​ចាប់តាំងពី​ឈាន​ជើង​ចុះ​ស្រាវជ្រាវ ហូត​មកដល់ពេលនេះ ក្រុម​របស់លោក សុខ ទូច បាន​ចំណាយពេល​អស់​ជាង ៧ ​ខែ​ហើយ ដោយ​រកឃើញ​បង្គោល​ចំនួន​១០០០ ក្នុង​ខេត្ត​ចំនួន​ ៤ គឺ​ខេត្តកំពត ខេត្តកណ្តាល ខេត្តស្វាយរៀង និង​ខេត្ត​ត្បូងឃ្មុំ ដែល​នៅជាប់​តាម​ព្រំ​ដែក​កម្ពុជា​-​វៀតណាម​។

​យ៉ាងណាក៏ដោយ លោក សុខ ទូច ដាច់​ខាន​មិន​បកស្រាយ​ថា កម្ពុជា​ចំណេញ​ឬ​វៀតណាម​ចំណេញ ក្នុងការ​ស្រាវជ្រាវ នោះទេ តែ​លោក បញ្ជាក់ថា ប្រតិបត្តិការ​របស់​ក្រុម​ស្រាវជ្រាវ គឺ​ដើម្បី​ស្វែងរក​តម្លាភាព​និង​សុក្រឹតភាព​រវាង​ប្រទេស​ទាំងពីរ​។ ម្យ៉ាងទៀត លោក​ក៏​មិនអាច​បកស្រាយ​ថា បង្គោល​ទាំង ១០០០ ដែល​បាន​រកឃើញ​នោះ មាន​លក្ខណៈខុស​ប្រក្រតី​ប៉ុណ្ណា​នោះដែរ ដោយ​លោក​គ្រាន់តែ​អះអាងថា កម្ពុជា​បាន​បោះបង្គោល​ចូល​ទឹកដី​វៀតណាម ហើយ​វៀតណាម​ក៏បាន​បោះបង្គោល​ចូល​ទឹកដី​កម្ពុជា​ដូចគ្នា​។​

​សូមបញ្ជាក់ថា បន្ទាប់ពី​ជម្លោះព្រំដែន​កម្ពុជា​-​វៀតណាម ផ្ទុះឡើង ហើយក៏​បណ្តាល​ឲ្យ​អ្នកនយោបាយ​ខ្មែរ ពី​បក្ស​កាន់អំណាច​និង​បក្សប្រឆាំង ប្រទាំង​ប្រទូស​នឹង​គ្នា​យ៉ាង​ក្កៅ​គគុក លោក សុខ ទូច បាន​ចេញមុខ​បង្កើត​ក្រុម​អ្នកស្រាវជ្រាវ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ព្រំដែន​នេះ​​៕


Tag:
 ព្រំដែន
 សុខ ទូច
© រក្សាសិទ្ធិដោយ thmeythmey.com