ជាតិ
សេដ្ឋកិច្ច
នាយក​ADB​ថ្មី ថា​នឹង​ធ្វើការ​ជាមួយ​គ្រប់ភាគី ដើម្បី​លើកកម្ពស់​គុណភាព​ជីវិត​ពលរដ្ឋ​កម្ពុជា​
04, Feb 2016 , 8:39 pm        
រូបភាព
​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានតែងតាំង​លោក Samiuela T. Tukuafu ជា​នាយក​ថ្មី​ប្រចាំ​ប្រទេស​កម្ពុជា ជំនួស​លោក Eric Sidgwick ដែល​ត្រូវ​ទៅកាន់​តំណែង​ជា​ត្រូវបានតែងតាំង​ជា​នាយក​ប្រចាំ​ប្រទេស​នៃ​ស្ថាន​បេសកកម្ម​របស់​ADB ប្រចាំ​ប្រទេស​វៀតណាម​។



​បើតាម​សេចក្តី​ព័ត៌មាន​របស់​ADB នៅ​ថ្ងៃទី​៤​ខែកុម្ភៈ លោក Tukuafu មាន​សញ្ជាតិ​តុង​ហ្គា បាន​ចូលកាន់​តំណែង​នេះ​ជា​ផ្លូវការ នៅ​ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០១៦ ។

​ផ្អែក​តាម​សេចក្តីប្រកាស​ព័ត៌មាន​ADB នៅ​ថ្ងៃទី​៤​ខែកុម្ភៈ ក្នុងតួនាទី​ថ្មី​នេះ លោក Tukuafu នឹង​ដឹកនាំ​ប្រតិបត្តិការ​របស់ ADB ក្នុងប្រទេស​កម្ពុជា ដើម្បី​គាំទ្រ​ដល់​គោលដៅ​អភិវឌ្ឍន៍​របស់​ប្រទេស​នេះ ពោលគឺ​ការលើកកម្ពស់​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន​ភាព និង​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​។ សេចក្តីប្រកាស​ព័ត៌មាន​បន្តថា លោក​នឹង​គ្រប់គ្រង​លើ​ការអនុវត្តន៍​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​ប្រចាំ​ប្រទេស របស់ ADB ២០១៤-២០១៨ សម្រាប់​ប្រទេស​កម្ពុជា ដែល​ស្របទៅតាម​យុទ្ធសាស្ត្រ​ចតុកោណ ដើម្បី​កំណើន​ការងារ សមធម៌ និង​ប្រសិទ្ធភាព ដំណាក់កាល​ទី​៣ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​របស់​រដ្ឋាភិបាល​។

​លោក Tukuafu មានប្រសាសន៍ថា​៖«​ប្រទេស​កម្ពុជា​បានសម្រេច​នូវ​កំណើនសេដ្ឋកិច្ច​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បើទោះបី​ជាមាន​បញ្ហា​ប្រឈម​ពិសេសៗ​មួយចំនួន​ក៏ដោយ​»​។ លោក​បន្តថា​៖«​ខ្ញុំ​នឹង​បន្ត​បំពេញការងារ​ជាមួយនឹង​រដ្ឋាភិបាល វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍ និង​ដៃគូ​ពាក់ព័ន្ធ​ដទៃទៀត ដើម្បី​លើកកម្ពស់​គុណភាព​ជីវិត របស់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​»​។​

​មុននឹង​ទទួលបាន​ការតែងតាំង​ជានា​យក​ADB​ប្រចាំ​ប្រទេស​កម្ពុជា លោក Tukuafu បាន​បំពេញការងារ​ជា​ប្រធាន​សេដ្ឋវិទូ នៅ​ការិយាល័យ​អគ្គនាយក នៃ​នាយកដ្ឋាន​អាស៊ីអាគ្នេយ៍​របស់ ADB​។ កន្លងមក លោក​ធ្លាប់​ដឹកនាំ​ការិយាល័យ​ចាត់ចែង​គម្រោង នៃ​ផ្នែក​គ្រប់គ្រង​វិស័យ​សាធារណៈ វិស័យ​ហិរញ្ញវត្ថុ និង​ពាណិជ្ជកម្ម​របស់​នាយក​ដ្ឋា​ន​អាស៊ីអាគ្នេយ៍ និង​ធ្លាប់​ដឹកនាំ​ប្រតិបត្តិការ​ការងារ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ផងដែរ​។ ក្នុង      រយៈពេល​នេះ លោក​បានធ្វើការ​ងា​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​កម្ពុជា ចន្លោះ​ពី​ឆ្នាំ ២០០៤ ដល់ ២០១២ ក្នុងនាម​ជា​ប្រធាន​ក្រុម​គម្រោង សម្រាប់​កសាង​វិស័យ​ហិរញ្ញវត្ថុ​របស់​ប្រទេស​កម្ពុជា​ឡើងវិញ ក៏ដូចជា​ការងារ​កំណែ​ទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​សំខាន់ៗ​មួយចំនួន​ផងដែរ​។

​លោក Tukuafu ធ្លាប់​កាន់​មុខតំណែង​ជា​មន្ត្រីជាន់ខ្ពស់​ក្នុង​វិស័យ​សាធារណៈ និង​ឯកជន ជាង ៣១​ឆ្នាំ​។ មុននឹង​ចូលធ្វើ​ការងារ​ជាមួយ ADB លោក Tukuafu គឺជា​ទេសាភិបាលរង​នៃ​ធនាគារជាតិ​របស់​ប្រទេស​តុង​ហ្គា ពី​ឆ្នាំ​១៩៩៥ ដល់​២០០០ ។ លោក​ក៏​ធ្លាប់​កាន់​តួនាទី​ជា​ប្រធាន​ហិរញ្ញវត្ថុ និង​ទីផ្សារ ឲ្យ​ធនាគារ Westpac ក្នុងប្រទេស​តូ​ហ្គា ជាស​វន​ករ​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន Price Waterhouse (​ឥឡូវនេះ មាន​ឈ្មោះថា Price Waterhouse and Coopers) ក្នុងប្រទេស​ហ្វ៊ី​ជី និង​ជា​អគ្គ​គណនេយ្យករ​រង និង​ជា​ប្រធាន​ផ្នែក​ថវិកា នៃ​ក្រសួង​ហិរញ្ញវត្ថុ នៃ​ព្រះរាជាណាចក្រ​តុង​ហ្គា​ផងដែរ​។​

​លោក Tukuafu មាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ជាន់ខ្ពស់​ខាង​ពាណិជ្ជកម្ម (​ធនាគារ និង​ហិរញ្ញវត្ថុ​សាជីវកម្ម​) ពី​សកល​វិទ្យាល័យ New South Wales ក្នុងប្រទេស​អូស្ត្រាលី​៕


Tag:
 ADB
  Samiuela T. Tukuafu
© រក្សាសិទ្ធិដោយ thmeythmey.com