ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​អាកាសចរណ៍ Thai Smile សម្ពោធ​ជើងហោះហើរ​ត្រង់​ពី​ទីក្រុង​បាងកក​មក​សៀមរាប​
05, Feb 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​តាមផ្លូវ​អាកាស​ដ៏​ធំ​មួយ​របស់​ប្រទេស​ថៃ គឺ Thai Smile Airways ​បាន​បើកសម្ពោធ​ជើងហោះហើរ​ត្រង់​ពី​ទីក្រុង​បាងកក​មកកាន់​តំបន់​ទេសចរណ៍​ខេត្តសៀមរាប​។ លោក Woranate Laprabang នាយក​ប្រតិបត្តិ​ស្តីទី​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នេះ មានប្រសាសន៍ថា ក្រុមហ៊ុន​របស់លោក​បាន​មើលឃើញ​ពី​កត្តា​សក្តានុពល​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មកពី​ទូទាំង​ពិភពលោក​។


 
​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជើងហោះហើរ​ត្រង់​ពី​ទីក្រុង​បាងកក​មក​ខេត្តសៀមរាប​នេះ បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១​ខែកុម្ភៈ​។ លោក Woranate Laprabang នាយក​ប្រតិបត្តិ​ស្តីទី​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Thai Smile បាន​ប្រាប់​ពី​មូលហេតុ​នៃ​ការវិនិយោគ​មួយ​នេះ​ថា កម្ពុជា​ទាំង​បច្ចុប្បន្ន និង​អនាគត គឺជា​តំបន់​ទេសចរណ៍​ដែល​មនុស្ស​នៅលើ​ពិភពលោក​ចង់ដឹង ចង់ឃើញ និង​ចង់​មក​ទស្សនា​ជាងគេ ពីព្រោះ​កម្ពុជា​សម្បូរបែប​ទៅដោយ​សម្បត្តិ​វប្បធម៌ និង​រមណីយដ្ឋាន​ធម្មជាតិ​។ លោក បន្តថា  ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ នឹងដាក់​ឲ្យ​ហោះហើរ​ក្នុង​ជំហាន​ដំបូង ៥​ជើង​ក្នុង​មួយ​សប្តាហ៍​។ ក្រុមហ៊ុន Thai Smile Airways ក៏មាន​គម្រោង​បើកសម្ពោធ​ជើងហោះហើរ​ត្រង់​ពី​ប្រទេស​ចិន​មក​កម្ពុជា​ផងដែរ​។​
 
​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ មានប្រសាសន៍ថា កន្លងមក មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​៣ ដែល​ធ្វើការ​ហោះហើរ​ត្រង់​ពី​ទីក្រុង​បាងកក​មក​ខេត្តសៀមរាប ដែល​រួមមាន ក្រុមហ៊ុន​បាងកក​អែ​រវេ ក្រុមហ៊ុន​អង្គ​រវេ និង​ក្រុមហ៊ុន​អែរ​អេ​សៀ​។ លោក រំពឹងទុក​ថា ការបើក​សម្ពោធ​ជើងហោះហើរ​ថ្មី​នេះ នឹងធ្វើ​ឲ្យ​លំហូរ​ភ្ញៀវទេសចរ​អន្តរជាតិ​គ្រប់​ជាតិ​សាសន៍​ចូលមក​ទស្សនា​កម្ពុ​ជាតា​ម​ប្រទេស​ថៃ​មានការ​កើនឡើង​ស្របតាម​កិច្ចព្រមព្រៀង​រវាង​រដ្ឋា​ភិ​បាល​នៃ​ប្រទេស​ទាំងពីរ គឺ​អាណាចក្រ​ពីរ​គោលដៅ​ទេសចរណ៍​តែមួយ​។​
 
​ប្រភពពី AKP

© រក្សាសិទ្ធិដោយ thmeythmey.com