ជាតិ
សេដ្ឋកិច្ច
កម្ពុជា-ចិនប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មឲ្យដល់៥ពាន់លានដុល្លារនៅឆ្នាំ២០១៧
× រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានឯកភាពបន្តជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យ បានដល់ចំនួន ៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៧ ។ ភាគីទាំងពីរ ក៏ឯកភាពបន្តផ្តល់ការគាំទ្រ ដល់ ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដែរ។ ការឯកភាពគ្នានេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី៣របស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដើម្បីអនុវត្តន៍ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលកម្ពុជា រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ដែលបានធ្វើឡើងនៅថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅទីក្រុងប៉េកាំង ប្រទេសចិន។
ផ្អែកតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា មានចំណុចរួមជាច្រើនទៀត ដែលត្រូវបានឯកភាព នៅក្នុងកិច្ចប្រជុំដែលមានលោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក យ៉ាង ជាឈី (Yang Jiechi) ទីប្រឹក្សារដ្ឋនៃសាធារណៈរដ្ឋប្រជាមានិតចិន ធ្វើជាសហប្រធាននេះ មានជាអាទិ៍៖
- ភាគីទាំង២ ពន្លឿនការចុះហត្ថលេខាលើឯកសារស្តីពី កិច្ចសហប្រតិបត្តិការកម្រិតរដ្ឋាភិបាល ស្តីពីការបង្ក្រាបការជួញដូរមនុស្ស ការប្រឆាំងភេរវកម្ម និងការបង្ក្រាបការរត់ពន្ធមនុស្សជា ក្រុម។
- ឯកភាពឲ្យមានការរៀបចំ និងចុះហត្ថលេខាលើឯកសារ ស្តីពីកិច្ចសហប្រតិបត្តិការ«ខ្សែក្រ វ៉ាត់មួយ ផ្លូវមួយ» និងជំរុញការរៀបចំ និងអនុវត្តន៍គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ - ក្រុងព្រះសីហនុ។ ជាមួយគ្នានោះ ភាគីចិនស្វាគមន៍ការនាំចូលកសិផលកម្ពុជាបន្ថែមទៀត ទៅកាន់ទីផ្សាររបស់ចិន តែត្រូវស្របតាមស្តង់ដារចត្តាលីស័ក្ត និងតម្រូវការរបស់ចិន ខណៈកម្ពុជា បានស្នើឲ្យចិនជួយសម្រួលការនាំកសិផលកម្ពុជាជាច្រើនទៀត ដូចជាកៅស៊ូក្រែប ដំឡូងស្ងួត ស្ករស និងម្រេច ទៅចិន។
- ភាគីចិន បន្តផ្តល់ដល់កម្ពុជានូវជំនួយអភិវឌ្ឍន៍ និងឥណទានសម្បទាន ដោយភាគីទាំងពីរ បន្តជំរុញហិរញ្ញប្បទានសហប្រតិបត្តិការ សម្រាប់គាំទ្រដល់គម្រោងនានា ដូចមានក្នុងផែនការសហប្រតិបត្តិការ ៥ឆ្នាំ ២០១៥ - ២០១៩ ដូចដែលកម្ពុជាបានស្នើឡើង។ លើសពីនេះ ភាគីទាំងពីរបានឯកភាពបង្កើនជំនួយរបស់ចិន នៅក្នុងវិស័យដែលទាក់ទងនឹងជីវភាពរស់នៅរបស់ប្រជាជន និងគម្រោងសហប្រតិបត្តិការសំខាន់ៗរវាងប្រទេសទាំងពីរ ដូចជាគម្រោង សាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ មន្ទីរពេទ្យ។ល។
បើយោងតាមសេចក្តីប្រកាសព័ត៌មានដដែល ភាគីទាំង២ បានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងវិស័យកសិកម្ម អប់រំ ទេសចរណ៍ និងវប្បធម៌ជាដើម។ ក្រៅពីនោះ ភាគីចិនគាំទ្រកម្ពុជាក្នុងការបំពេញតួនាទីកាន់តែសំខាន់ថែមទៀតក្នុងតំបន់ និងឆាកអន្តរជាតិ ព្រមទាំងការចូលជាសមាជិកអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិច (APEC) ហើយភាគីទាំងពីរបានកំណត់រៀបចំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការសម្របសម្រួល អន្តររដ្ឋាភិបាលនៅកម្ពុជា ក្នុងឆ្នាំ២០១៧ ៕
Tag:
ពាណិជ្ជកម្ម
កម្ពុជា-ចិន
© រក្សាសិទ្ធិដោយ thmeythmey.com