កីឡាជាតិ
ជាតិ
ពានរង្វាន់​សម្តេច ហ៊ុន សែន ចាប់ផ្តើម​យុទ្ធនាការ​ជម្រុះ​បឋម​ពីថ្ងៃ​ទី​១៧ ខែកុម្ភៈ
06, Feb 2016 , 10:00 am        
រូបភាព
ដោយ:

សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា FFC កាលពី​ព្រឹក​ថ្ងៃទី​៣ ខែកុម្ភៈ បានធ្វើការ​ចាប់ឆ្នោត​ចែក​ពូ​ល និង​បានបង្ហាញ​កាលបរិច្ឆេទ​នៃ​ការប្រកួត​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន លើក​ទី​១០ ឆ្នាំ​២០១៦ (Hun Sen Cup 2016) រួចរាល់​ហើយ​។ ដោយ​ដំណាក់ កាល​ប្រកួត​ជម្រុះ បឋម​តាម តំបន់​នីមួយៗ​បែង​ចែកជា​៦​ពូ​ល នឹង​ធ្វើឡើង​រៀងរាល់ថ្ងៃ​ពុធ ចំ​ណែ​ល​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ចែកចេញជា​៤​ពូ​ល ដែល​ធ្វើឡើង​រៀងរាល់ថ្ងៃ​សៅរ៍​។



ការប្រកួត​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន លើក​ទី​១០ ប្រចាំឆ្នាំ​២០១៦ Hun Sen Cup 2016 នឹង​ចាប់ផ្តើម​ប្រកួត​ជម្រុះ​បឋម​នៃ ៦​ពូ​ល នា​ថ្ងៃទី​១៧ ខែកុម្ភៈ ដល់​ថ្ងៃទី​៤ ខែឧសភា ដែល​ធ្វើ​ការប្រកួត​រៀងរាល់ថ្ងៃ​ពុធ​។ ចំណែក​ការប្រកួត​ជម្រុះ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ ៤​ពូ​ល នឹងធ្វើ​ឡើង​នា​ថ្ងៃទី​១៨ ខែឧសភា ដល់​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៦ រៀងរាល់ថ្ងៃ​សៅរ៍​។
 
​បើតាម​ការចាប់​ឆ្នោត​បែង​ចែក​ពូ​ល​កាលពី​ព្រឹក​ថ្ងៃទី​៣ ខែកុម្ភៈ នៅ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ការប្រកួត​ជម្រុះ​បឋម​មាន​៦​ពូ​ល​ក្នុងនោះ​ពូ​ល​A មាន​៣​ក្រុម (​ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និង Cambodia Future FC) ខណៈ​ពូ​ល​B មាន​៤​ក្រុម​(​យុវជន​បឹងកេត​កំពង់ចាម ខេត្តស្វាយរៀង ខេត្តព្រៃវែង និង​ខេត្ត​ត្បូងឃ្មុំ​) ឬ​ឯ​ពូ​ល​C មាន​៤​ក្រុម​(​សៀមរាប​អង្គរ ខេត្ត​ឧ​ត្ត​រ​មានជ័យ អហ​ខេត្តកំពង់ធំ និង​ខេត្តព្រះវិហារ​) ចំណែក​ពូ​ល​D មាន​៣​ក្រុម​(​ខេត្តបាត់ដំបង ខេត្ត​ប៉ៃលិន និង​កំពង់ឆ្នាំង​) ខណៈ​ពូ​ល​E មាន​៣​ក្រុម​(​ខេត្តកំពត នគរបាល​ខេត្ត​ព្រះសីហនុ និង​កំពង់ផែ​ស្វ័យ​យ័​ត​ខេត្ត​ព្រះសីហនុ​) ដោយឡែក​ក្រុម F មានតែ​២​ក្រុម​ប៉ុណ្ណោះ​(​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង​)​។
 
​ចំណែក​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​បែងចែក​ជា ៤​ពូ​ល​ដោយ​ក្នុង​មួយ​ពូ​ល​មាន​៦​ក្រុម​ដូចៗ​គ្នា​ក្នុងនោះ​ពូ​ល​A (​ខាម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ស្វាយរៀង​ព្រះខ័ន​រាជ លេខ​១​ពូ​ល​D លេខ​១​ពូ​ល​E លេខ​២​ពូ​ល និង​លេខ​៣​ពូ​ល A B C D E 1st) ឫ​ឯ​ពូ​ល​B (​បឹងកេត​អង្គរ​អែ​ហ្វ​ស៊ី ក្រសួងការពារជាតិ អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត លេខ​១​ពូ​ល​F លេខ​២​ពូ​ល​C និង​លេខ​២​ពូ​ល​B) ខណៈ​ពូ​ល​C (​ភ្នំពេញ​ក្រោ​ន មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា វេ​ស្ទើ​ន​ភ្នំពេញ លេខ​១​ពូ​ល​A លេខ​២​ពូ​ល​D និង​លេខ​២​ពូ​ល​E) ចំណែក​ពូ​ល​D (​ណ​ហ្គា​វើ​ល អគ្គស្នងការ​នគរបាល​ជាតិ លេខ​១​ពូ​ល​B លេខ​១​ពូ​ល​C លេខ​២​ពូ​ល​F និង​លេខ​៣​ពូ​ល​B C D E 2nd)​។
 
​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​នឹង​ចាប់ផ្តើម​ទទួល​សំណុំ​ឯកសារ​ប្រកួត​ដំណាក់កាល​បឋម​ប​ពី​ថ្ងៃទី​៥ ខែមករា រហូតដល់​ថ្ងៃទី​១ ខែកុម្ភៈ តែ​ក្រុម​ទាំងនោះ​ត្រូវ​ផ្តល់​ចម្លើយ​ចូលរួម​យ៉ាង​យឺត​បំផុត​ត្រឹម​ថ្ងៃទី​១៥ ខែមករា ហើយនឹង​ធ្វើការ​ចាប់ឆ្នោត​នៅ​ថ្ងៃទី​៣ ខែកុម្ភៈ​។ ចំណែក​ដំណាក់កាល​ប្រកួត​ផ្តាច់ព្រ័ត្រ​ចាប់ពី​ថ្ងៃទី​៥ ខែមករា រហូតដល់​ថ្ងៃទី​២០ ខែ​មិនា តែ​ត្រូវ​ដាក់ពាក្យ​នឹង​ចម្លើយ​ចូលរួម​ប្រកួត​យ៉ាង​យឺត​ថ្ងៃទី​១ កុម្ភៈ នឹងធ្វើ​ការចាប់​ឆ្នោត​ប្រកួត​នៅ​ថ្ងៃទី​៩ ខែឧសភា​។​

​ការប្រកួត​ពានរង្វាន់​សម្តេច ហ៊ុន សែន Hun Sen Cup 2016 នឹង​ប្រព្រឹត្ត​ទៅក្នុង​កីឡដ្ឋាន​នៅតាម​បណ្តា​ខេត្ត សម្រាប់​ការប្រកួត​ដំណាក់កាល​បឋម និង​ដំណាក់កាល​ផ្តាច់ព្រ័ត្រ ចំណែក​ការប្រកួត​វគ្គ ១/៤ និង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ធ្វើ​នៅ​កីឡដ្ឋាន​ក្នុង​រាជធានី​ភ្នំពេញ ដោយឡែក​ការប្រកួត​ចំណាត់ថ្នាក់​លេខ​៣ និង​ផ្តាច់ព្រ័ត្រ​ធ្វើ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។
 
​គួរ​បញ្ជាក់ថា ការប្រកួត​នេះ​បែង​ចែកជា​៦​តំបន់ ដោយ​តំបន់​ខាង​លិ​ខ​មាន កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​ខេត្ត​ប៉ៃលិន ឬ​ឯ​តំបន់​ខាងកើត​មាន ស្វាយរៀង ព្រៃវែង កំពង់ចាម និង​ត្បូងឃ្មុំ ខណៈ​តំបន់​ខាងជើង​មាន ស្ទឹងត្រែង ក្រចេះ រតនៈគីរី និង​មណ្ឌល​គី​រី ចំណែក​តំបន់​ខាងត្បូង​មាន កំពត កែប ព្រះសីហនុ និង​កោះកុង ដោយឡែក​តំបន់​កណ្តាល​មាន កំពង់ធំ សៀមរាប ឧ​ត្ត​រ​មានជ័យ បន្ទាយមានជ័យ និង​ព្រះវិហារ និង​តំបន់​រាជធានី​ភ្នំពេញ​មាន រាជធានី​ភ្នំពេញ កណ្តាល តាកែវ និង​កំពង់ស្ពឺ​។ គួរ​បញ្ជាក់ថា ការប្រកួត​នេះ​មិន​អនុញ្ញាត​ឱ្យមាន​កីឡាករ​បរទេស​នោះទេ ហើយ​កីឡាករ​ទាំងនោះ​ត្រូវមាន​អាយុ​ចាប់ពី ១៦​ឆ្នាំ​ឡើងទៅ​៕


Tag:
 ​កីឡាបាល់ទាត់​
  Hun Sen Cup
© រក្សាសិទ្ធិដោយ thmeythmey.com