ជាតិ
រដ្ឋាភិបាលគ្រោងបង្កើតមូលនិធិទ្រទ្រង់ដល់ការផលិតភាពយន្តខ្មែរ រូបថត ហ្វេសប៊ុក លោក សុះ ម៉ាច
× រដ្ឋាភិបាលកម្ពុជាមានបំណងបង្កើតមូលនិធិមួយ សម្រាប់ទ្រទ្រង់ដល់ផលិតករក្នុងការផលិតខ្សែភាពយន្តខ្មែរ ដែលកំពុងខ្វះខាតថវិកាក្នុងការផលិត។ មូលនិធិនេះ អនុញ្ញាតឲ្យផលិតករខ្ចីថវិកាយកទៅប្រើប្រាស់ក្នុងការផលិតភាពយន្តខ្មែរ ហើយនៅពេលដែលចាក់បញ្ចាំងបានចំណូលចាំយកមកសងមូលនិធិវិញ។ នេះបើតាមការឲ្យដឹងពីលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
បើតាមទីភ្នាក់ងារព័ត៌មាន AKP នៅក្នុងជំនួបជាមួយសមាគមសិល្បករខ្មែររបស់លោក សុះ ម៉ាច រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានជំរុញឲ្យសមាគមសិល្បករខ្មែរ រួមទាំងអ្នកពាក់ព័ន្ធពិភាក្សាគ្នារកយន្តការត្រឹមត្រូវមួយដែលអាចគ្រប់គ្រងបាន ហើយលើកជាសំណើទៅរដ្ឋាភិបាលដើម្បីសម្រេចបង្កើត មូលនិធិនេះឡើង សម្រាប់ជួយដល់សិល្បករដែលខ្វះខាតថវិកាក្នុងផលិតភាពយន្តខ្មែរ។
នៅក្នុងជំនួបជាមួយសមាគមសិល្បករខ្មែរ នៅទីស្តីការក្រសួងព័ត៌មាន កាលពីថ្ងៃទី៥ កុម្ភៈម្សិលមិញ លោក ខៀវ កាញារីទ្ធ ក៏ជំរុញលើកទឹកចិត្តដល់អ្នកផលិតខ្សែភាពយន្តខ្មែរ និងតួសម្តែងទាំងអស់ឲ្យខំរួមសាមគ្គីគ្នាក្នុងការធ្វើយ៉ាងណាឲ្យខ្សែភាពយន្ត ក៏ដូចជាកម្មវិធីផ្សេងៗ ដែលផលិតដោយខ្មែរខ្លួនឯង កាន់តែមានភាពទាក់ទាញ និងមានគុណភាពល្អ។ បន្ថែម
ពីនេះលោករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់អ្នកដែលស្រឡាញ់សិល្បៈខ្មែរ សូមជួយចូលរួមគាំទ្រ និងឧបត្ថម្ភផងដែរ។
នៅក្នុងជំនួបដដែលលោក សុះ ម៉ាច ប្តេជ្ញាថា សិល្បករ អ្នកផលិត អ្នកតែង និពន្ធ និងអ្នកដឹកនាំរឿងទាំងអស់ នឹងខិតខំប្រឹងប្រែងផលិតនូវរឿង ក៏ដូចជាកម្មវិធីផ្សេងៗ ដែលជាស្នាដៃរបស់កូនខ្មែរឲ្យកាន់តែល្អ ដើម្បីយកមកចាក់បញ្ចាំងនៅតាមកញ្ចក់ទូរទស្សន៍៕
© រក្សាសិទ្ធិដោយ thmeythmey.com