ជាតិ
អ្នកវិភាគ ថា កម្ពុជាកំពុងក្លាយជាទីក្រុងតូចមួយរបស់ចិន
× ខណៈដែលប្រជាពលរដ្ឋខ្មែរស្ទើទូទាំងប្រទេសកំពុងរៀបចំពិធីបុណ្យចូលឆ្នាំចិន វៀតណាមនេះ អ្នកវិភាគយល់ឃើញថា កម្ពុជាកំពុងរងឥទ្ធិពលច្រើនពីចិន ដែលរដ្ឋាភិបាលត្រូវមានវិធានការទប់ស្កាត់។ អ្នកវិភាគថា បើមិនការទប់ស្កាត់ឲ្យបានត្រឹមត្រូវនោះ កម្ពុជានឹងក្លាយជាទីក្រុងតូចមួយរបស់ចិន។
នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន -វៀតណាមនេះ គឺជាថ្ងៃដែលប្រជាជនខ្មែរជាប់សែស្រឡាយចិន ត្រូវរៀបចំពីធីសែនទទួលទេវតា តាមបែបសាសនាចិន ដើម្បីទទួលបានសិរីសួស្ដីតាមហុងស៊ុយចិន សម្រាប់គ្រួសារពួកគេ ។ តែប្រជាពលរដ្ឋខ្មែរមួយចំនួនទៀតកំពុងមានការជ្រួលជ្រើមនៅក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាមនេះដែរ បើទោះជាពួកគេមិនជាប់សែស្រឡាយចិនក៏ដោយ។ អ្នកវិភាគមើលឃើញថា បញ្ហានេះគឺរឿងដែលគួរឲ្យព្រួយបារម្ភ ដែលតម្រូវឲ្យរដ្ឋាភិបាលគួរមានវិធានការទប់ស្កាត់។
អ្នកវិភាគនយោបាយ លោក រស់ រ៉ាវុធ ដែលទទួលស្គាល់ថាទំនាក់ទំនងកម្ពុជា-ចិន មានភាពល្អូកល្អិននឹងគ្នា ទើបធ្វើឲ្យកម្ពុជាទទួលឥទ្ធិពលពីចិនខ្លាំង ដោយក្នុងនោះមានវប្បធម៌ផងដែរ។ លោក រស់ រ៉ាវុធ មើលឃើញថា លំហូរវប្បធម៌ចិនពេលនេះ កំពុងហូរចូលប្រទេសកម្ពុជាខ្លាំង ដែលជាការព្រួយបារម្ភមួយ ដែលតម្រូវឲ្យរដ្ឋាភិបាលរកវិធានការទប់ស្កាត់ ដើម្បីកុំឲ្យវប្បធម៌ខ្មែរ មានការធ្លាក់ចុះទាបជាងវប្បធម៌ចិន ។ លោកថា បើសិនជានៅតែមានការបណ្ដែតបណ្ដោយនិងមិនមានការទប់ស្កាត់លំហូរវប្បធម៌ចិនទេ នោះកម្ពុជា នឹងក្លាយជាទីក្រុងតូចមួយរបស់ចិន តាមរយៈអំណាចត្រជាក់ពីចិន។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកវិភាគរូបនេះ បញ្ជាក់ដូច្នេះថា៖«បញ្ហាវប្បធម៌ចិន បានចូលមកកម្ពុជាយូណាស់មកហើយ។ ហើយពេលនេះវប្បធម៌ចិនកំពុងហូរចូលកម្ពុជាយ៉ាងគំហុក ដូច្នេះរដ្ឋាភិបាលត្រូវទប់ស្កាត់ ដើម្បីកុំឲ្យក្មេងជំនាន់ក្រោយយល់ច្រឡំរវាងវប្បធម៌ទាំងពីរ ព្រោះបុណ្យចូលឆ្នាំចិន-វៀតណាម មិនមែនជាបុណ្យខ្មែរទេ ដូចនេះយើងត្រូវទប់ស្កាត់កុំឲ្យពលរដ្ឋខ្មែរដែលមិនជាប់សែស្រឡាយចិនជ្រួលជ្រើមជ្រុលនាំឲ្យបាត់បង់វប្បធម៌ខ្មែរ។រដ្ឋាភិបាលត្រូវផ្សព្វផ្សាយឲ្យពលរដ្ឋខ្មែរយល់ ពីវប្បធម៌ខ្មែរ និងចិន មិនត្រូវចេះតែឲ្យពួកគេប្រារព្វភ្លេចពីវប្បធម៌ខ្លួនឡើយ។ហើយបើទប់ស្កាត់ទេនោះ មិនចាំបាច់ដល់១០ឬ២០ឆ្នាំខាងមុខទេ កម្ពុជានឹងក្លាយជាទីក្រុងតូចរបស់ចិនប៉ុណ្ណោះ ដោយចិនប្រើកម្លាំងតិចតួចបំផុត តាមរយៈអំណាចត្រជាក់របស់ចិននេះ»។
អ្នកវិភាគមួយរូបទៀត លោក មាស នី មើលឃើញដែរថា លំហូរវប្បធម៌បរទេសចូលមកកម្ពុជាពេលនេះ ជាបញ្ហាដែលរដ្ឋាភិបាលគួរទប់ស្កាត់ កុំឲ្យវប្បធម៌ជាតិខ្លួនរលាយបាត់បង់។ ខណៈដែលបុណ្យចូលឆ្នាំប្រពៃណីចិន -វៀតណាមមកដល់នេះ លោក មាស នី យល់ថា រដ្ឋាភិបាលគួរតែដាក់ចេញវិធានការឲ្យបានច្បាស់លាស់ កុំដាក់វិធានការតែមាត់ហើយខ្វះការរឹតបន្ដឹងឲ្យបានត្រឹមត្រូវ។«មិនមែនយើងហាមឃាត់ពួកគេមិនឲ្យគោរពសាសនាពួកគេទេ តែរដ្ឋាភិបាលត្រូវពង្រឹងសមត្ថភាពខ្លួន រឹតបន្ដឹងកុំឲ្យលំហូរវប្បធម៌បរទេសនេះចូលមកកម្ពុជា ដែលអាចធ្វើឲ្យវប្បធម៌ខ្មែរយើងបាត់បង់ ហើយបើបណ្ដោយខ្លាំងពេកនោះវប្បធម៌ខ្មែនឹងអាចរលាយ។តែយើងមិនចាំបាច់រឹតបន្ដឹងខ្លាំងពេកទេកុំឲ្យប៉ះពាល់ដល់សិទ្ធិមនុស្ស គ្រាន់តែថាបើដាក់វិធានការអ្វីមួយឲ្យច្បាស់ ឲ្យពលរដ្ឋអនុវត្តតាមដោយមានប្រសិទ្ធិភាព កុំដាក់វិធានការចេញតែមាត់»។នេះជាការបញ្ជាក់របស់លោក មាស នី។
កន្លងមកប្រមុខរដ្ឋាភិបាល តែងតែដាក់វិធានការទប់ស្កាត់ សិស្ស និស្សិត គ្រូបង្រៀន មន្ត្រីរាជការ និងបុគ្គលិកក្រុមហ៊ុន ឲ្យចូលរៀននិងធ្វើការ នៅថ្ងៃចូលឆ្នាំចិន -វៀតណាម ជារៀងរាល់ឆ្នាំ។ ប៉ុន្ដែវិធានការនេះហាក់គ្មានប្រសិទ្ធិភាពឡើយ។
កាលពីថ្ងៃទី០៥ កុម្ភៈ កន្លងមក សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាឲ្យក្រសួងអប់រំ និងក្រសួង ស្ថាប័នផ្សេងៗចូលរួមទប់ស្កាត់ចូលឆ្នាំប្រពៃណីចិន -វៀតណាម ដោយបញ្ជាឲ្យសិស្ស និងគ្រូ ឲ្យមកបង្រៀនធម្មតា។ប្រមុខរដ្ឋាភិបាលទទួលស្គាល់ថា ពិបាកទប់ស្កាត់និងបន្ទោសប្រជាពលរដ្ឋដែរ ពីព្រោះពួកគេតែងតែយកលេសថា ពួកគេជាប់សែស្រឡាយចិន។
តែយ៉ាងណាទាំងលោក រស់ រ៉ាវុធ ទាំងលោក មាស នី យល់ថា បើរដ្ឋាភិបាលចង់ដាក់វិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធិភាពនោះ លុះត្រាតែថ្នាក់ដឹកនាំរដ្ឋាភិបាល ធ្វើជាគំរូមុនគេ ដោយអនុវត្តតាមរយៈបំពេញការងារនៅថ្ងៃចូលឆ្នាំប្រពៃណីចិន -វៀតណាម នេះ ដើម្បីបង្ហាញគំរូភាពដល់មន្ត្រីថ្នាក់ក្រោម និងប្រជាពលរដ្ឋ។ តែបើថ្នាក់ដឹកនាំខ្លួនឯងមិនធ្វើការនៅថ្ងៃបុណ្យចូលឆ្នាំចិន -វៀតណាមផង នោះការដាក់ចេញវិធានការនានាក៏គ្មានប្រសិទ្ធិភាពឡើយ។
គួរកត់សម្គាល់ឃើញថា ជាទម្លាប់ប្រជាពលរដ្ឋខ្មែរ ដែលជាប់សែស្រឡាយចិន រៀបចំពិធីសែន ទទួលទេវតាតាមបែបសាសនាចិន។ តែវាក៏ជាទម្លាប់ដែរសម្រាប់ពលរដ្ឋខ្មែរមួយចំនួន ទាំងសិស្ស ទាំងបុគ្គលិកក្រុមហ៊ុន មន្ត្រីរាជការ តែងតែយកលេសថា ជាប់សែស្រឡាយចិន ដើម្បីគេចវេសពីការសិក្សា ពីការងារ សម្រាប់ឈប់សម្រាក បើទោះជាគ្មានការអនុញ្ញាតិឲ្យឈប់សម្រាកក៏ដោយ៕
© រក្សាសិទ្ធិដោយ thmeythmey.com