ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកស្រី ស៊ិន ចាន់​សុខ មិន​ចង់ទៅ​ថៃ សុខចិត្ត​លក់​ពោត​ស្ងោរ​តាមផ្លូវ​ជាតិ​លេខ​៥
08, Feb 2016 , 9:00 am        
រូបភាព
ដោយ:
កណ្តាល​៖ នៅតាម​ផ្លូវជាតិ​លេខ​៥ ដែល​កំពុងតែ​សាងសង់​ផ្លូវ​ហុយ​ទ្រលោម មាន​ពលរដ្ឋ​ជាច្រើន     បាន​ប្រកបមុខរបរ​លក់​ពោត​ស្ងោរ​ព្រោងព្រាត​នៅខាងមុខ​ផ្ទះ​។  ដោយឡែក អ្នកស្រី ស៊ិន ចាន់​សុខ ក៏បាន​ចាប់ផ្តើម​លក់​ពោត​ស្ងោរ​ជាង​១​ឆ្នាំ​ហើយ​ដែរ​។ មុខរបរ​នេះ បាន​ជួយ​លើកកម្ពស់​ជីវភាព​គ្រួសារ​របស់​អ្នកស្រី​បាន​ធូរធារ​ជាង​មុន​។​



​គ្រប់​រដូវ​កាល មិន​ថា ជា​រដូវប្រាំង ឬ​រដូវវស្សា​នោះទេ អ្នកស្រី ស៊ិន ចាន់​សុខ បាន​ប្រកប​របរ​លក់​ពោត​ស្ងោរ ដែល​ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​របស់​អ្នកស្រី​ល្អប្រសើរ​ជាង​មុន​។ ជា​អ្នកលក់​ពោត​ស្ងោរ​ជាង​១​ឆ្នាំ​។ មួយថ្ងៃៗ អ្នកស្រី​អាច​រកចំណូលបាន​ច្រើន​គួរសម​។  មានកូន​ពី​នាក់​នៅក្នុង​បន្ទុកគ្រួសារ អ្នកស្រី​សម្បុរ​ស្រអែម​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​លក់​ពោត​ដាច់​ខ្លាំង តែ​នៅពេល​រដូវ​ធ្លាក់ភ្លៀង​គឺ​លក់ដាច់​បាន​ប្រហែល​មួយ​ស្លឹក​(៥០០​ផ្លែ​) គិត​ជា​លុយ​ចំណេញ​បាន​ជាង​១០​ម៉ឺន​រៀល​។ តែបើ​រដូវប្រាំង​នេះ លក់​មិន​ដាច់​សោះ ជួល​កាល​ដាច់​បាន​១​ប្លូ​ន​(៥០​ផ្លែ​) តែបើ​សៅ​អាទិត្យ​បាន​ពីរ​បី​ប្លូ​ន​ដែរ​»​។ 

​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៥ ចំណាយ​ប្រហែល​៣០​គីឡូ​មែត្រ​ពី​រាជធានី​ភ្នំពេញ នៅ​អម​សាង​ផ្លូវ ជាតិ​លេខ​៥  ស្ថិតនៅ ភូមិ​ទួល​អំពិល ឃុំ​ទួល​អំពិល ស្រុក​ពញាឮ ខេត្តកណ្តាល មាន​អ្នកលក់​ពោត​ស្ងោរ​ជាច្រើន ដែល​បាន​ប្រកប​របរ​នេះ​ដូច​អ្នកស្រី ចាន់​សុខ​ដែរ​។ នៅទីនេះ អ្នកលក់​ពោត​ទាំងអស់ បាន​ទិញ​ពោត​តាំងពី​ស្រុក​ស្អាង ខេត្តកណ្តាល ដោយមាន​ម៉ូយ​ដឹក​មក​ឲ្យ​ដល់ មុខផ្ទះ​តែម្តង​។ តម្លៃ​ពោត​ឆៅ មួយ​ផ្លែ​មានតម្លៃ​៤០០​រៀល​។ នៅពេល​ស្ងោរ​រួចរាល់ គឺ​ក្នុង​មួយ​ផ្លែ មានតម្លៃ​៧០០​ទៅ​៨០០​រៀល​។ មិន​ខុសពី​អ្នកលក់​ដទៃទៀត​នោះទេ

អ្នកស្រី ចាន់​សុខ បាន​ងើប​តាំងពី​ព្រលឹម ដើម្បី​ស្ងោរ​ពោត ឲ្យ​ទាន់​កម្មករ​រោងចក្រ សិស្សសាលា និង​អ្នកដំណើរ​ដទៃទៀត​។ កំពុង​លក់​អង្គុយ​លើ​គ្រែ ដែលមាន​អង្រឹង​បួន​ប្រាំ​ចង​ព្យួ​រណោង​ផង​នោះ អ្នកស្រី​វ័យ​៣១ ឆ្នាំ​រូបនេះ បាន​បន្តថា​៖ «​ក្រៅពី​ដាំ​បន្លែ មុខរបរ​នេះ បាន​ជួយ​ខ្ញុំ​ច្រើនណាស់ ពីព្រោះ ខ្ញុំ​អាចមាន​លុយ​បញ្ជូន​កូន​ទៅ​រៀន និង​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ខ្ញុំ​បាន ដោយ​មិនសូវ​ហត់នឿយ​ប៉ុន្មាន​ទេ​»​។

មាន​ឆ្នាំង​ធំ​មួយ និង​ចង្ក្រាន​មួយ​សម្រាប់​ស្ងោរ​ពោត គឺអាច​លក់ដូរ​បាន​ហើយ​។  លក់​ពោត​ស្ងោរ​តាំងពីព្រឹក​ទល់​ល្ងាច អ្នកស្រី​ចាន់​សុខ លក់​ពោត​តែម្នាក់ឯង ព្រោះ​សា្វ​មី​របស់​អ្នកស្រី​កំពុង​ធ្វើជា​កម្មករ​នៅ​ប្រទេស​ថៃ​។ រស់នៅ​ឆ្ងាយ​ពីគ្នា​រាប់ពាន់​គីឡូ​មែត្រ តែ​អ្នកស្រី ចាន់​សុខ មិនបាន​ខ្វល់ខ្វាយ​ច្រើន​នោះទេ​។ អ្នកស្រី​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា  ៖«​គាត់​ទៅរក​លុយ​នៅ​ថៃ ឯខ្ញុំ​ក៏មាន​មុខរបរ​នៅផ្ទះ យើង​ចែកគ្នា​រក​ទៅ បើ​មិន​ធ្វើ​អ៊ីចឹង បាន​លុយ​ណា​ឲ្យ​កូន​រៀន បាន​លុយ​ឯណា​គ្រាន់​ហូបចុក​ប្រចាំថ្ងៃ​»​។

ដ្បិត ប្រាក់ចំណូល ពី​ការលក់​ពោត​ស្ងោរ​បាន​ជួយ​ឲ្យ​គ្រួសារ​អ្នកស្រី មាន​ជីវភាព​ធូរធារ​ជាង​មុន​ក៏ពិតមែន​។ ប៉ុន្តែ​អ្វី​ដែលជា​បញ្ហា​នោះ គឺ​សុវត្ថិភាព​ផ្ទាល់ខ្លួន ពីព្រោះ​អ្នកស្រី​ត្រូវ​ប្រឈម​នឹង​គ្រោះថ្នាក់​ចរាចរណ៍​គ្រប់ពេលវេលា​។ ពាក់មួក ស្ពាយ​កាបូប​ដាក់​លុយ​នៅ​ពីមុខ មាន​សំលៀកបំពាក់​ពណ៌​ទឹកក្រូច អ្នកស្រី​ចាន់​សុខ​បាន​និយាយថា​៖ «​ខ្លាច​ដែរ ពីព្រោះ​ឡាន​ទៅមក បើក​លឿនៗ​ណាស់ ប៉ុន្តែ​ខ្ញុំ​អត់​ដែល​កើត​អី​ទេ​។ មួយទៀត គេ​កំពុង​ធ្វើ​ថ្នល់​ចឹ​ង ហុយ​ខ្លាំងណាស់ បើ​ខែវស្សា​អត់​សូវ​អី​ទេ តែបើ​ខែ​នេះ ហុយ​ណាស់​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺក្បាល និង​ពិបាក​ដកដង្ហើម ហើយ​មាន​ថ្ងៃ​ខ្លះទៅ​ពេទ្យ​ទៀតផង​»​។​

ជិត​មួយខែ​នេះ អ​ថិ​តិ​ជន មិនសូវ​ចូល​ញ៉ាំ​ពោត​សោ្ង​រ​របស់​អ្នកស្រី គឺ​បណ្តា​លពី​ដី​ហុយ​ខ្លាំង តែ​យ៉ាងណាក៏ដោយ អ្នកស្រី ស៊ិន ចាន់​សុខ សង្ឃឹមថា នៅពេល​ផ្លូវជាតិ​លេខ​៥ ធ្វើ​រួចរាល់ គឺ​គាត់​នឹង​លក់​ពោត​ស្ងោរ​បាន​ច្រើនជាង​នេះ​៕ 

 



Tag:
 ពោត
© រក្សាសិទ្ធិដោយ thmeythmey.com