ជាតិ
កម្ពុជា​ធ្វើ​អន្តរាគមន៍ ជួយ​ពលរដ្ឋ​៣​នាក់​ដែល​ថៃ​ចាប់​ដាក់គុក​នៅ​ស្រះកែវ​
07, Feb 2016 , 4:13 pm        
រូបភាព
លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស
លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស
ដោយ:
ភ្នំពេញ​៖ បន្ទាប់ពី​អាជ្ញាធរ​ថៃ បាន​ចាប់​ពលរដ្ឋ​ខ្មែរ​៣​នាក់​ដាក់គុក កាលពី​ថ្ងៃទី​០៤ កុម្ភៈ ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​រវាង​ក្រុមអាជីវករ​ខ្មែរ​នៅ​ផ្សារ​រ៉ុង​ក្លឿ ខេត្ត​ស្រះកែវ ប្រទេស​ថៃ ជាមួយ​ក្រុម​ស៊ើបអង្កេត​ពិសេស​ថៃ​មកពី​ក្រុង​បាងកក ដែល​ចុះមក​ត្រួតពិនិត្យ​កម្ម​សិទ្ធ​បញ្ញា​លើ​ទំនិញ​។ នៅ​ថ្ងៃទី​០៧ កុម្ភៈ​នេះ អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បាន​ជួយ​ដល់​ពួកគេ​ឲ្យ​អាច​នៅក្រៅ​ឃុំ​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​រដ្ឋមន្ត្រីក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ហោ ណាំហុង​។



​បន្ទាប់ពី លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា  បាន​ណែ​ជា​នាំ​បន្ទាន់ ដល់​ឯកអគ្គរាជទូត និង​អគ្គ​កុងស៊ុល​កម្ពុជា​នៅ​ប្រទេស​ថៃ រក​មេធាវី​ដើម្បី​ការពារ​ពលរដ្ឋ ដែល​អាជ្ញាធរ​ថៃ​ចាប់​ដាក់គុក​។ នៅ​ព្រឹក​ថ្ងៃទី ០៧ កុម្ភៈ​នេះ ឯកអគ្គរាជទូត និង​អគ្គ​កុងស៊ុល​កម្ពុជា នៅ​ប្រទេស​ថៃ បាន​រាយការណ៍​ថា ពលរដ្ឋ​ខ្មែរ​ទី​៣ ដែល​ត្រូវបាន​អាជ្ញាធរ​ថៃ​ឃាត់ខ្លួន​ពាក់ព័ន្ធ នឹង​ហេតុការណ៍​ការប៉ះទង្គិច​គ្នា​នេះ ត្រូវបាន​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​នៅ ខេត្ត​ស្រះកែវ សហការ​ជាមួយ​គ្រួសារ​ជនជាប់ចោទ ដោះស្រាយ​ធានា​អោយនៅ​ក្រៅ​ឃុំ​រួចហើយ​។​

​ចំពោះ​ពលរដ្ឋ​ខ្មែរ ២ នាក់​ទៀត ដែល​ត្រូវបាន​តុលាការ​ថៃ​កាត់ទោស នៅ​ថ្ងៃទី ០៤ កុម្ភៈ ២០១៦ ឲ្យ​ជាប់ពន្ធនាគារ ៣ ខែ​នោះ ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​នៅ​ខេត្ត​ស្រះកែវ បាន​សហ​ការណ៍​ជាមួយ​គ្រួសារ​ជនជាប់ចោទ ដោះស្រាយ​ធានា​អោយនៅ​ក្រៅ​ឃុំ​ផងដែរ​។

​សូម​រម្លឹកថា កាលពី​ថ្ងៃទី ៣ ខែ កុម្ភៈ ឆ្នាំ ២០១៦ មានការ​ប៉ះទង្គិច​គ្នា រវាង​ក្រុមអាជីវករ​ខ្មែរ​នៅ​ផ្សារ​រ៉ុង​ក្លឿ ខេត្ត​ស្រះកែវ ប្រទេស​ថៃ ជាមួយ​ក្រុម​ស៊ើបអង្កេត​ពិសេស​មកពី​ទីក្រុង​បាងកក ដែល​ចុះមក​ត្រួតពិនិត្យ​កម្មសិទ្ធិបញ្ញា​លើ​ទំនិញ​នៅ​ផ្សារ​រ៉ុង​ក្លឿ​។ ហេតុការណ៍​នេះ​បានធ្វើ​ឲ្យ​មានការ​វាយតប់ និង​គប់​ដំ​ថ្ម​ទៅលើ​នគរបាល​ថៃ នាំ​ឲ្យ​ខូចខាត​រថយន្ត​នគរបាល អស់​ចំនួន ២​គ្រឿង​។ បន្ទាប់មក នគរបាល​ថៃ​បាន​ចាប់​អាជីវករ​ខ្មែរ ២ នាក់ ដែល​គេ​ថតរូប​ភាព បាន​ក្នុង​វីដេអូ​របស់​នគរបាល ។ ហើយ​នៅ​ថ្ងៃទី ៤ ខែ កុម្ភៈ តុលាការ​ថៃ​បាន​កាត់ទោស អាជីវករ​ខ្មែរ​ទាំង ២​នាក់​នេះ ឲ្យ​ជាប់ពន្ធនាគារ​ចំនួន ៣​ខែ​៕


Tag:
 ផ្សារ​រ៉ុង​ក្លឿ​
  ស្រះកែវ​
  ខ្មែរ​-​ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com