អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រុមប្រឹក្សាសន្តិសុខ បើក​កិច្ចប្រជុំ​ចង្អៀត​បន្ទាន់ រក​វិធានការ​ទប់ទល់​កូរ៉េខាងជើង​
07, Feb 2016 , 4:38 pm        
រូបភាព
ដោយ:
ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បាន​បើក​កិច្ចប្រជុំ​បិទទ្វារ​ជាបន្ទាន់​មួយ​ដើម្បី​ស្វែងរក​ដំណោះ ស្រាយ​ឆ្លើយតប​ទៅ​នឹ​ការបាញ់​សាកល្បង​មី​ស៊ី​ល​រ៉ុ​ក​ហ្គែ​តរបស់​កូរ៉េខាងជើង​កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​០៧ ខែកុម្ភៈ​នេះ​។ កិច្ចប្រជុំ​បន្ទាន់​នេះ ធ្វើឡើង​ក្រោម​សំណើ​របស់​អាមេរិក កូរ៉េខាងត្បូង និង​ជប៉ុន​។​



ប្រទេស​សមាជិក​ទាំង​១៥​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ កំពុងតែ​បើក​កិច្ចប្រជុំ​ជាបន្ទាន់ មួយ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ភា្ល​មៗ​ប្រឆាំង​កូរ៉េខាងជើង​ដែល​បន្តសកម្មភាព​ដ៏​គឃ្លើន​បំពាន​នឹង​បំរាម​របស់​ក្រុមប្រឹក្សាសន្តិសុខ​ម្តង​ហើយ​ម្តងទៀត​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​មន្ត្រីការទូត អង្គការសហប្រជាជាតិ​ជាមួយនឹង​ភា្ន​ក់​ងារ​ព័ត៌មាន Xinhua​។​

ព្រឹក​ថ្ងៃអាទិត្យ ទី​០៧ ខែកុម្ភៈ នេះ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បាន​បាញ់​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ​ដែល បំពាក់​ជាមួយនឹង​ផ្កាយរណប​ផងដែរ​។ ការបាញ់​សាកល្បង​របស់​កូរ៉េខាងជើង បាន​បំពាន​ទៅនឹង​បំរាម​របស់​សហគមន៍​អន្តរជាតិ​ជាថ្មី​។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​បាន​អះអាងថា​កូរ៉េខាងជើង​បាន​បាញ់​គ្រាប់​រ៉ុ​ក​ហ្គែ​ត​ចេញពី​មូលដ្ឋាន​មី​ស៊ី​ល Dongchang ដែល​ស្ថិតនៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​។ នេះ​បើ​យោងតាម​កាសែត Yonhap ដែល​បាន​ស្រង់​ការអះអាង​របស់​ទាហាន​កូរ៉េខាងត្បូង​ដែលថា រ៉ុ​ក​ហែ្គ​ត​កូរ៉េខាងជើង ក៏បាន​ហោះ​រំលង​កោះ Okinawa របស់​ជប៉ុន និង​បំណែក​នៃ​គ្រាប់​រ៉ុ​ក​ហ្គែ​ត​នោះ បាន​ធ្លាក់​ចូលក្នុង​សមុទ្រ លឿង និង​ដែនទឹក​ភាគ​នីរ​តី​នៃ​កោះ Jeju របស់​កូរ៉េខាងត្បូង​ផងដែរ​។​

បើទោះបីជា​អ្នកជំនាញ​មួយចំនួន​ចាត់ទុក​ការបាញ់​នោះ​បរាជ័យ​ក៏ដោយ ទូរទស្សន៍​ក្នុងស្រុក​កូរ៉េ​ខាង ជើង ក៏បាន​ចុះផ្សាយ​បន្ទាប់ពី​ការបាញ់​នោះ ថា​កូរ៉េខាងជើង បាន​បាញ់​គ្រាប់បែក​រ៉ុ​ក​ហ្គែ​ត​ដោយ​ជោគជ័យ ។ តាម​ទូរទស្សន៍​ដដែល ដែល​បាន​ដកស្រង់​ដោយ​ភា្ន​ក់​ងារ​ព័ត៌មាន Xinhua បាន​បញ្ជាក់ថា ការបាញ់​មី​ស៊ី​ល​រ៉ុ​ក​ហ្គែ​ត​ដោយ​ជោគជ័យ បានបង្ហាញ​ពី​ការវិវត្ត​ប្រវត្តិសាស្ត្រ​មួយ​នៃ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា សេដ្ឋកិច្ច និង​សមត្ថភាព​ការពារជាតិ​របស់​ប្រទេស​កំពុង​អភិវឌ្ឍ​តាមរយៈ​ការអនុវត្ត​សិទ្ធិ​នៃ​ការប្រើប្រាស់​លំហ​ដោយ​ស្របច្បាប់​ក្នុង​គោលបំណង​សន្តិភាព និង​ឯករាជ្យ​។

ជុំវិញ​បញ្ហា​នេះ ទាំង​អាមេរិក កូរ៉េខាងត្បូង និង​ជប៉ុន បាន​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​សកម្មភាព​ដ៏ គឃ្លើន​របស់​កូរ៉េខាងជើង បើទោះបីជា​សកម្មភាព​ចុងក្រោយ​នេះ មិនបាន​គំរាមកំហែង​ខ្លាំង​មកលើ​សន្តិសុខ​ក្នុង​តំបន់​ក៏ដោយ​។ សម្ព័ន្ធមិត្ត​ទាំងបី​បានចាត់ទុក​សកម្មភាព​របស់​កូរ៉េខាងជើង ថា​កំពុង​ប្រទាញប្រទង់​ឲ្យ​មាន​សង្គ្រាម​។ បន្ថែម​ពីនេះ កូរ៉េខាងត្បូង និង​អាមេរិក ក៏​កំពុងតែ​ចាប់ដំណើរការ​ការចរចា​ជា ផ្លូវការ​ក្នុងការ​ដំឡើង​ប្រព័ន្ធ​ការពារ និង​កម្ទេច​មី​ស៊ី​ល​នៅក្នុង​ទឹកដី​កូរ៉េខាងត្បូង​៕


© រក្សាសិទ្ធិដោយ thmeythmey.com