ប្លែកៗ
អន្តរជាតិ
ជាង២៦ឆ្នាំ ជួយសង្គ្រោះកូនឆ្កែជាង២០០ក្បាលឲ្យគេចផុតពីក្រញ៉ាំរបស់មនុស្ស
× នៅតំបន់ Asan ប្រទេសកូរ៉េខាងត្បូង ស្ត្រីចំណាស់វ័យ៦១ឆ្នាំម្នាក់ បានបើកបេសកកម្មរបស់ខ្លួនក្នុងការជួយសង្គ្រោះកូនឆ្កែអានាថា ឬប្រឈមការយីយាសម្លាប់ដើម្បីធ្វើជាម្ហូបអាហាររបស់មនុស្សមួយចំនួន។ នារយៈពេលជាង២៦ឆ្នាំកន្លងមកនេះ ស្ត្រីឈ្មោះ Jung Myoung Sook បានសង្គ្រោះកូនឆ្កែជាង២០០ក្បាលហើយ។
ជារៀងរាល់ថ្ងៃ អ្នកស្រី Jung Myoung Sook មានការងារពេញម៉ោងរបស់ខ្លូន គឺថែរក្សាសត្វឆ្កែជាច្រើនក្បាល។ ក្នុងបទសម្ភាសមួយជាមួយ CBS News អ្នកស្រីបានលើកឡើងថា៖ «កូនៗរបស់ខ្ញុំមានអ្វីគ្រប់បែបយ៉ាង មិនខ្វះនោះឡើយ ពួកគេលេង និងរស់នៅទីនេះយ៉ាងសេរី»។
គាត់បានបន្ថែមទាំងញញឹមថា៖ «មនុស្សមួយចំនួនបាននិយាយដើមពីខ្ញុំ ដោយកត់សម្គាល់ថា ហេតុអ្វីបានស្ត្រីចំណាស់ម្នាក់នេះ ដែលមានរូបរាងដូចជាអ្នកសុំទាន តែបែរជាសប្បាយចិត្តរៀងរាល់ពេលយ៉ាងដូច្នេះ? ខ្ញុំមិនដែលខ្វល់នោះឡើយ សំខាន់គឺព្យាយាមចិញ្ចឹមកូនៗរបស់ខ្ញុំ»។
ស្ត្រីវ័យជាង៦០ឆ្នាំរូបនេះ បានអះអាងថា គាត់តែងតែទទួលបានថវិកាពីសប្បុរសជនសម្រាប់ការចំណាយផ្សេងៗ ប៉ុន្តែការរស់នៅរបស់គាត់ក៏មិនរីករាយរហូតនោះដែរ។ គាត់បានផ្លាស់ប្តូរទីលំនៅរហូតដល់ទៅ៧លើកដោយសារតែមានការប្តឹងពីបទរំខានពីសំណាក់អ្នកជិតខាង។
នៅកូរ៉េខាងត្បូង សត្វឆ្កែនៅតែទទួលរងនូវការសម្លាប់ដើម្បីយកធ្វើជាម្ហូប ជាពិសេសសម្រាប់មនុស្សវ័យចំណាស់ដែលគិតថាសាច់ឆ្កែមានរសជាតិឆ្ងាញ់ ប៉ុន្តែស្របពេលជាមួយគ្នានេះ វាក៏ក្លាយជាសត្វចិញ្ចឹមមួយដ៏មានប្រជាប្រិយភាពផងដែរនៅក្នុងប្រទេសមួយនេះ៕
Tag:
កូរ៉េខាងត្បូង
ឆ្កែ
ប្លែកៗ
© រក្សាសិទ្ធិដោយ thmeythmey.com