ពីនេះ ពីនោះ
អំណាច​អាចធ្វើ​ឲ្យ​អ្នកនយោបាយ​ក្អួត​ឈាម​មុន​ស្លាប់
09, Feb 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ធ្វើ​នយោបាយ​គឺ​ទៅរក​អំណាច ពេល​បាន​អំណាច​គឺ​ប្រើប្រាស់​អំណាច ហើយ​រក្សា​អំណាច នេះ​ជា​ដំណើរ​ជីវិត​របស់​នយោបាយ​។ ចំណែក​អ្នកនយោបាយ​បាន​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្លា​ដើម្បី​សម្រេច​បំណង​របស់ខ្លួន​ក្នុង​វិថី​នយោបាយ​របស់ខ្លួន​ដើម្បី​ទៅរក​អំណាច ប្រើប្រាស់​អំណាច រក្សា ការពារ​អំណាច តាម​រូបភាព​គ្រប់បែបយ៉ាង ហើយ​អ្នកនយោបាយ​ទាំងនោះ​បង្ហាញ​ឥទ្ធិពល​របស់ខ្លួន​យ៉ាងខ្លាំង​ទៅលើ​ស្មារតី​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្លាច​។​



​ព្រោះតែ ដោយសារតែ​ក្នុងនាម​ជា​អ្នកនយោបាយ​ដែលមាន​អំណាច មិនថាតែ​ជា​អ្នកនយោបាយ​ដែលមាន​អំណាច​នៅក្នុង​បក្ស ឬ​ជា​អ្នកនយោបាយ​ដែលមាន​អំណាច​នៅក្នុង​មុខនាទី​ជា​អ្នកកាន់ការ​ងារ​ស្រុកទេស​នោះទេ គឺ​តែងតែមាន​អ្នក​ចង់​ចាប់ដៃ មាន​អ្នក​ចង់​ស្តាប់​សំឡេង មាន​អ្នក​ចង់​ជួប មាន​អ្នក​ចង់ឃើញ​មុខ​។  ទោះបីជា​អ្នកនយោបាយ​ទាំងអស់នោះ​ជា​អ្នកនយោបាយ​ល្អ និង​អ្នកនយោបាយ​អាក្រក់​ក៏ដោយ គឺ​តែងតែមាន​អ្នក​ដែល​ទទួលបាន​លាភ​សក្ការ ចង់​ហែហម​អមដំណើរ​ជាមួយ​ជានិច្ច​។ ដែល​កត្តា​នេះ​បានធ្វើ​អ្នកនយោបាយ​មួយចំនួន​ភ្លេចខ្លួន ហើយ​សប្បាយ​ជាមួយ​អ្នក​ដែល​គាំទ្រ​ខ្លួន​ទាំងនោះ​។

​ប៉ុន្តែ​នៅពេល​អ្នកនយោបាយ​លែងមាន​អំណាច ពេលនោះ​អ្នកនយោបាយ​អាច​នឹងត្រូវ គេ​បំភ្លេចចោល​អស់ទាំង​វីរភាព និង​ការលះបង់​របស់ខ្លួន ហើយ​វា​នឹង​លែងមាន​តម្លៃ​សម្រាប់​ប្រជាជន​របស់ខ្លួន​។ ពេលខ្លះ​មិន​ត្រឹមតែ​អ្នកនយោបាយ​ទុច្ចរិត​ទេ​ដែល​ត្រូវបាន​ប្រជាពលរដ្ឋ​បំភ្លេចចោល​ហើយ​ជេរ​ស្ដី សូម្បីតែ​អ្នកនយោបាយ​ដែល​បាន​បូជា​កម្លាំងកាយ​ចិត្ត​ដើម្បី​ជាតិ​មួយចំនួន​ក៏ត្រូវ​បាន​គេ​បំភ្លេចចោល​ដែរ​។​

​សំដី​ដែល​ធ្លាប់​និយាយ សន្ទរកថា​ដែល​ធ្លាប់​ថ្លែង​ទៅកាន់​ហ្វូងមនុស្ស​រាប់ពាន់​រាប់សែន លែង​មានន័យ​សម្រាប់​ព​ល​រដ្ឋ​។ ដែល​ចំណុច​នេះ ព្រោះតែ​អំណាច​ដែល​អ្នកនយោបាយ​បាន​ប្រើ​ខុស ឬ​ប្រើប្រាស់​ជាមួយ​តែម​នុស្ស​ដែល​ឆ្អិន​ក្បាល​ស៊ី​ក្បាល ឆ្អិន​កន្ទុយ​ស៊ី​កន្ទុយ ចំណែក​ពលរដ្ឋ​ទូទៅ​មិនបាន​ទៅ​បំពេញ​ជូន​គាត់​។ គេ​អាច​និយាយថា​ប្រជាពលរដ្ឋ មានចិត្ត​អាត្មានិយម​ចំពោះ​ថ្នាក់ដឹកនាំ និង​អ្នកនយោបាយ​ដែល​គិត​ជា​ពិតប្រាកដ តែ​វា​ជា​រឿង​ពិត​មួយ​ដែល​កន្លងទៅ​សង្គម និង​ចិត្ត​ប្រជាជន​បាន​បំភ្លេច​រួចទៅហើយ​។ ព្រោះ​ពលរដ្ឋ​បាន​បំភ្លេចចោល​នូវ​ស្នាដៃ​របស់​អ្នកនយោបាយ ហើយ​លែង​ខ្វល់ លែង​រវីរវល់ និង​បុគ្គល​ទាំងអស់នោះ​។​

​តែ​ទោះជា​យ៉ាងណា​អ្នកនយោបាយ​ដែល​ល្អ​គឺ​នៅមាន​អត្ថិភាព​ច្រើន ក្នុងការ​ចងចាំ​របស់​ប្រជាពលរដ្ឋ​។ តែ​ចំពោះ​អ្នកនយោបាយ​ទុច្ចរិត​គឺអាច​និង​ត្រូវ​ក្អួត​ឈាម​ក្រោយពេល​ខ្លួន​បាន​បាត់បង់​តំណែង​តួនាទី អំណាច​ដែល​ធ្លាប់តែ​បញ្ជា​គេ ហើយ​ចាក​ចេញទៅ​ទាំង​មិន​អស់ចិត្ត​នៅក្នុង​ជីវិត​នយោបាយ​របស់ខ្លួន​៕


© រក្សាសិទ្ធិដោយ thmeythmey.com