ជាតិ
បទវិភាគ
តើ​កម្ពុជា​គួរប្រកាន់​ជំហរ​នយោបាយ​ការបរទេស​បែបណា​ក្នុងពេល​បច្ចុប្បន្ន​?
09, Feb 2016 , 8:19 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ ប្រទេស​កម្ពុជា ក៏ដូចជា ប្រទេស​នានា​លើ​ពិភពលោក​ដែរ តែងតែមាន​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង ប្រទេស​ក្នុង​តំបន់ និង ប្រទេស​នានា​លើ​ពិភពលោក ដែល​ក្នុងនោះ​ក៏មាន​ប្រទេស​មហាអំណាច ដូចជា ប្រទេស​ចិន សហរដ្ឋអាមេរិក រុស្ស៊ី បារាំង អង់គ្លេស ផងដែរ​។ ក្នុង​ទំនាក់ទំនង​ទាំងនេះ មាន​ល្អ​ផង និង មិនល្អ​ផង អាស្រ័យ​លើ​របត់​នយោបាយ​អន្តរ​ជាតិ និង ព្រឹត្តិការណ៍​ធំៗ​ក្នុង​ពិភពលោក ដូចជា សង្គ្រាមលោក​, សង្គ្រាមត្រជាក់ និង វិបត្តិ​សាកល​ផ្សេងៗ​ទៀត ជាដើម​។ លើសពីនេះ វា​ក៏​អាស្រ័យ​លើ​ការបែកបាក់​ផ្ទៃក្នុង​របស់​កម្ពុជា ក្នុង​យុគ​នៃ​សង្គ្រាមស៊ីវិល​ផងដែរ​។ ឆ្លងតាម​បទពិសោធ​ដ៏​ច្រើន​ក្នុង​ប្រវត្តិសាស្ត្រ​នេះ តើ​កម្ពុជា​បច្ចុប្បន្ន គួរប្រកាន់​គោលជំហរ​នយោបាយ​ការបរទេស​បែបណា ដើម្បី​កុំឱ្យ​ក្លាយទៅជា​ប្រទេស​រងគ្រោះ​?


​ឆ្លងតាម​បទពិសោធ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង កម្ពុជា​ក៏​ធ្លាប់ជា​មិត្ត​ផង​និង​ជាស​ត្រូវ​ផងដែរ​។ ក្នុង​អតីតកាល កម្ពុជា​ធ្លាប់ធ្វើ​សង្គ្រាម​ជាមួយ​ប្រទេស​សៀម និង ប្រទេស​វៀតណាម​។ ប៉ុន្តែ ក្រោយមក កម្ពុជា វៀតណាម និង ឡាវ ដែលជា​ប្រទេសជិតខាង​នឹង​គ្នា ក៏​ធ្លាប់ជា​មិត្ត​ស្លាប់រ​ស់នឹង​គ្នា​ដែរ ដូចជា ការចូលរួម​បាន​បង្កើត​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន​ជាមួយគ្នា​នៅ​ឆ្នាំ​១៩៣០ ដើម្បី​តស៊ូ​ប្រឆាំងនឹង​របប​អាណានិគមនិយម​បារាំង ដែលជា​សត្រូវ​រួម ជាដើម​។ បក្ស​នេះ មាន​បេសកកម្ម​មួយ ដើម្បី​ដឹកនាំ​កម្ពុជា លាវ និង វៀតណាម នៅក្នុង​ការតស៊ូ​របស់​ខ្លួន​ប្រឆាំងនឹង​អាណានិគមនិយម​បារាំង ដើម្បី​រំដោះប្រទេស​ទាំងបី កសាងបាន​នូវ​សហព័ន្ធ​មួយ ដែលមាន​ស្ថាប័ន​គ្រប់​វិស័យ គឺ​យោធា សេដ្ឋកិច្ច នយោបាយ និង ក្នុង​វិស័យ​ដទៃទៀត​។​
 
​បន្ទាប់មក ក្រោយពី​របប​អាណានិគមនិយម​បារាំង និង អាណាព្យាបាល​បារាំង​ត្រូវបាន​ផ្ដួលរំលំ​ទៅ ប្រទេស​វៀតណាម គឺជា​ប្រទេសមួយ​ដែល​ទទួលបាន​មរតក​ល្អប្រសើរ​ជាងគេ ពោលគឺ វៀតណាម បានទទួល​ដែនដី​តុងកឹង អាណ្ណា​ម និង កូសាំងស៊ីន​(​កម្ពុជា​ក្រោម​)​មក​ត្រួតត្រា​ក្នុង​កណ្ដាប់ដៃ​របស់ខ្លួន​។ ឯក​កម្ពុជា​វិញ ថ្វីបើ​ទទួលបាន​ឯករាជ្យ​ពី​បារាំង ប៉ុន្តែ កម្ពុជា​មិន​ត្រឹមតែ​មិន​ទទួលបាន​មរតក​ល្អប្រសើរ​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​បាត់បង់​ទឹកដី​របស់ខ្លួន​មួយចំណែក​ធំ​ទៅ​ប្រទេស​វៀតណាម និង ប្រទេស​សៀម​ទៀតផង​។ ចំណែកឯ​ព្រំដែន​របស់ខ្លួន​ដែល​បាន​បន្សល់ទុក​ពី​សម័យ​នោះ ក៏​មិនសូវមាន​ភាពច្បាស់លាស់​ដែរ ដែល​បានធ្វើឱ្យ​កម្ពុជា​ចេះតែ​បន្ត​បាត់បង់​ទឹកដី​បន្ថែមទៀត និង មាន​ជម្លោះ​ជាមួយ​ប្រទេសជិតខាង​ពី​ព្រោះតែ​បញ្ហា​ព្រំដែន​នេះ​ជា​ញឹកញាប់​។​
 
​ក្រោយមកទៀត ក្នុង​ទសវត្ស​ឆ្នាំ​១៩៧០, ទសវត្ស​ឆ្នាំ​១៩៨០ និង បន្ត​រហូតដល់ ឆ្នាំ​១៩៩៨ ក្នុងពេលដែល​កម្ពុជា​កំពុងមាន​សង្គ្រាមស៊ីវិល ភាគី​ខ្មែរ​នីមួយៗ សុទ្ធតែ​បានជា​ប់​ពាក់ព័ន្ធ​នឹង​ការពឹង​ពាក់​បរទេស ទាំង​កម្រិត​ប្រទេសជិតខាង មាន​វៀតណាម និង ថៃ ជាដើម និង ទាំង​កម្រិត​តំបន់​និង​មហាអំណាច​មាន ចិន រុស្ស៊ី អាមេរិក ជាដើម​។     
 
​ចំពោះ​ទំនាក់ទំនង​របស់​កម្ពុ​ជា​ជាមួយ​ប្រទេស​មហាអំណាច​វិញ កម្ពុជា​ក៏មាន​បទពិសោធ​ច្រើន​ដែរ ដែល​ក្នុងនោះ អ្នកដឹកនាំ​ខ្មែរ​សម័យមុន​និង​បច្ចុប្បន្ន សុទ្ធតែ​ធ្លាប់​និង​កំពុងមាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​ទាំងនោះ ដូចជា បារាំង សហរដ្ឋអាមេរិក ប្រទេស​ចិន និង ប្រទេស​រុស្ស៊ី ជាដើម​។ គោលបំណង​នៃ​ការធ្វើ ទំនាក់ទំនង​ជាមួយ​ប្រទេស​ទាំងនោះ គឺ​ដើម្បី​ប្រឆាំងនឹង​ការឈ្លានពាន​របស់​បរ​ទេស​ផង និង ប្រឆាំងនឹង​ភាគី​ខ្មែរ​គ្នាឯង​ផងដែរ​។ លើសពីនេះ​ទៀត ការ​មាន​ទំនាក់ទំនង​នេះ ក៏​ជាការ​ស្វែងរក​ដៃគូរ​អភិវឌ្ឍន៍ ជា​រូបភាព​នៃ​សមាហរណកម្ម​ក្នុង​តំបន់ និង​ពិភពលោក ហើយក៏​ជា​និន្នាការ​នៃ​សង្គ្រាមត្រជាក់​ផងដែរ​។ 
 
​ជារួម ឆ្លងតាម​ប្រវត្តិសាស្ត្រ ក្រោយពី​កម្ពុជា​បាន​ធ្លាក់ចុះ​ពី​សម័យ​មហានគរ ជា​បន្ត​បន្ទាប់មក ទំនាក់ទំនង​របស់​ក​ម្ពុ​ជា​ជាមួយ​ប្រទេសជិតខាង ប្រទេស​ក្នុង​តំបន់ និង ប្រទេស​មហាអំណាច បានបង្ហាញ​ឱ្យឃើញថា កម្ពុជា មិនសូវ​ទទួលបាន​ផ្លែផ្កា​ជា​វិជ្ជមាន​ទេ មិនសូវមាន​សមភាព​ទេ ឬ អាច​និយាយបានថា មាន​គ្រោះ​ច្រើនជាង​លាភ​។ ប៉ុន្តែ បើទោះបីជា​យ៉ាងនេះ​ក៏ដោយ ក៏​កម្ពុជា មិនអាច​ស្ថិតនៅ​ឯកោ​បានដែរ​។ កន្លងមក​កម្ពុជា ក៏​ធ្លាប់​ប្រកាន់យក​គោលនយោបាយ​ការបរទេស​មិន​ចូលបក្ស​សម្ព័ន្ធ​ដែរ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ ដែល​ចលនា​នេះ​មាន​គោលបំណង​ធានា​ឯករាជ្យ​ជាតិ អធិបតេយ្យភាព បូរណភាព​ទឹកដី និង សន្តិសុខ​នៃ​បណ្ដា​រដ្ឋ​ជា​សមាជិក ក្នុង​ការតស៊ូ​ប្រឆាំង​ចក្រពត្តិនិយម អាណានិគមនិយម អាណានិគមនិយម​បែប​ថ្មី ការប្រកាន់​ពូជសាសន៍​និយម និង រាល់​ទម្រង់​នៃ​ការឈ្លានពាន ការកាន់កាប់ ការគ្រប់គ្រង ការជ្រៀតជ្រែក ឬ អនុត្តរភាព ក៏ដូចជា​ការប្រឆាំង​នឹង​មហាអំណាច និង ប្លុក​នយោបាយ​ដែរ​។ ប៉ុន្តែ កម្ពុជា ក៏​នៅតែ​មិនអាច​គេចផុត​ពី​ចរន្ត​នៃ​ឥទ្ធិពល​នយោបាយ​អន្តរ​ជាតិ ដូចដែល​បាន​លើ​ឡើង​ខាងលើ​ដែរ​។ 
 
​ហេតុនេះ អ្នកដឹកនាំ​កម្ពុជា​បច្ចុប្បន្ន ត្រូវតែ​ដកស្រង់យក​មេរៀន​ពី​មេដឹកនាំ​កម្ពុជា​ក្នុង​អតីតកាល ឬ មេរៀន​ប្រវត្តិ​-​សាស្ត្រ មក​កែ​ច្ឆៃ​ធ្វើយ៉ាងណា ឱ្យ​គោលនយោបាយ​ការបរទេស​របស់​កម្ពុ​ជា​បច្ចុប្បន្ន ក្លាយជា​គោលនយោបាយ​មួយ​មាន​ឯករាជ្យភាព អធិបតេយ្យភាព ដែល​អាច​រួមរស់ ស្មើមុខ ស្មើ​មាត់​ជាមួយ​ប្រទេសជិតខាង ប្រទេស​ក្នុង​តំបន់ និង ប្រទេស​នានា​ក្នុង​ពិភពលោក​។ ជាពិសេស ត្រូវ​ជៀសវាង​បទពិសោធ​អាក្រក់ ដូចជា ការដាក់​ប្រទេស​ឱ្យ​ស្ថិតនៅក្រោម​អាណានិគម​, អាណាព្យាបាល ឬ ក្រោម​រណប ប្រទេស​ណាមួយ ដើម្បី​ប្រឆាំងនឹង​ខ្មែរ​គ្នាឯង ដើម្បី​ផលប្រយោជន៍ ឬ ធ្វើឡើង​ក្នុង​ហេតុផល​ណាមួយ ដែល​មិន​ត្រឹមត្រូវ ដូចជា ក្នុង​យុគ​សង្គ្រាមត្រជាក់ ដែល​ភាគី​ខ្មែរ​ធ្លាប់​ពឹង​អាមេរិក ចិន ថៃ និង វៀតណាម ជាដើម​។ 
 
​ជា​ការណ៍​ពិត កម្ពុជា​មិនត្រូវ​យក​ប្រទេស​ណាមួយ​ធ្វើជា​សត្រូវ​របស់ខ្លួន​ទេ ប៉ុន្តែ កម្ពុជា ក៏​ត្រូវតែ​រក្សា​សិទ្ធិ​ការពារ​បូរណភាព​ទឹកដី ការពារ​អធិបតេយ្យភាព និង ការពារ​ខ្លួន​ពី​ការ​ការឈ្លានពាន​ដែរ​។ បច្ចុប្បន្ន ថ្វីបើ​កម្ពុជា​បន្ត​ធ្វើជា​មិត្ត​របស់​ប្រទេស​ថៃ វៀតណាម អាមេរិក ចិន បារាំង និង ប្រទេស​ផ្សេងៗ​ទៀត​ក៏ដោយ ក៏​កម្ពុជា មិនត្រូវ​ដើរ​តាម​លំនាំ​ចាស់​ដូច​ក្នុង​សម័យកាល​សង្គ្រាមត្រជាក់ និង យុគ​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា ដូចជា របប​សាធារណរដ្ឋ​ខ្មែរ​ធ្វើ​ជាមួយ​អាមេរិក​, របប​ខ្មែរក្រហម​ធ្វើជា​មួយ​ចិន​, របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ធ្វើជា​មួយ​វៀតណាម​ដែរ​។​
 
​កម្ពុជា គួរ​ប្រកាន់យក​គោលនយោបាយ​ផ្ទៃក្នុង និង គោលនយោបាយ​ការបរទេស​មួយ​ច្បាស់លាស់ ដែល​មិន​ដើរ​តាម​លំនាំ​កុម្មុយនីស្ត​ទាំងស្រុង ហើយក៏​មិនគួរ​ដើរ​តាម​ប្រជាធិបតេយ្យ​ទាំងស្រុង​ដែរ​។ ម្យ៉ាងទៀត កម្ពុជា មិនគួរ​យក​ប្រទេស​ណាមួយ​ជា​មិត្ត​ជិតស្និទ​បំផុត ដើម្បី​ប្រឆាំង​ទៅនឹង​ប្រទេស​ណាមួយ​ទៀត​នោះទេ​។ ពីព្រោះ​ទ្រឹស្ដី​នយោបាយ​ទាំងពីរ គឺ​កុម្មុយនីស្ត និង ប្រជាធិបតេយ្យ មិនមែនជា​ទ្រឹស្ដី​ដែល​ល្អ​ខ្ចោះ​នោះទេ​។ 
 
​បើ​ពិនិត្យ​ជារួម ក្នុង​ពិភពលោក​បច្ចុប្បន្ន ការអនុវត្ត​ទ្រឹស្ដី​ទាំងពីរ​នេះ ត្រូវបាន​គេ​ផ្លាស់ប្ដូរ​ខុសពី​ភាព​ដើម​ច្រើន​ហើយ​។ ជាក់ស្ដែង ប្រទេស​កុម្មុយនីស្ត​ធំៗ ដូចជា ចិន រុស្ស៊ី វៀតណាម ជាដើម ថ្វីបើ​នៅ​រក្សា​ឈ្មោះ​ជា​កុម្មុយនីស្ត ប៉ុន្តែ ខ្លឹមសារ​ខាងក្នុង​របស់​វា​ត្រូវបាន​ផ្លាស់ប្ដូរ​ហើយ ទាំង​នយោបាយ​និង​សេដ្ឋកិច្ច​។ ដូចគ្នា​ដែរ ប្រទេស​ប្រជាធិបតេយ្យ ទាំងអស់ ដូចជា សហរដ្ឋអាមេរិក បារាំង អង់គ្លេស ជប៉ុន សឹង្ហ​បុរី និង ថៃ ជាដើម ក៏​មិនមាន​លក្ខណៈ​ដូចគ្នា​ទាំងស្រុង និង មិនបាន​រក្សា​ភាព​ដើម​ទាំងស្រុង​របស់ខ្លួន​ដែរ​។ 
 
​ហេតុនេះ គ្មាន​ហេតុផល​អ្វីដែល​កម្ពុជា ត្រូវ​ដើរ​តាម​ចិន ឬ អាមេរិក ឬ ដឹកនាំ​តាមបែប​កុម្មុយនីស្ត ឬ បែប ប្រជាធិបតេយ្យ​ដាច់ខាត​នោះទេ​។ កម្ពុជា ត្រូវ​ចេះ​សំយោគ​ចំណុច​ល្អៗ​នៃ​ទ្រឹស្ដី​ទាំងពីរ និង ទ្រឹស្ដី ឬ គតិបណ្ឌិត​ដឹកនាំ​របស់​អតីតព្រះមហាក្សត្រ​ខ្មែរ ដូចជា ព្រះបាទ​ជយ​វរ្ម័នទី​៧, សម្ដេច នរោត្តម សីហនុ និង អ្នកប្រាជ្ញ​ខ្មែរ​ដទៃទៀត ដើម្បី​ធ្វើយ៉ាងណា ឱ្យ​សង្គម​ខ្មែរ​រស់នៅក្នុង​សន្តិភាព សន្តិសុខ ឯករាជ្យ អធិបតេយ្យ នីតិរដ្ឋ សណ្ដាប់ធ្នាប់ ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព និង សុខដុម​នីយកម្ម​យូរ​អង្វែង​៕    
            

© រក្សាសិទ្ធិដោយ thmeythmey.com