ជាតិ
ប្រវត្តិនៃបទចម្រៀង «ឱ ព្រះចន្ទ្រាអើយ»
10, Feb 2016 , 9:29 am        
រូបភាព
ដោយ: ថ្មីៗ

លោក ឃុ​ត សុខឿន  នឹង​ជំរាបជូន​ប្រិយមិត្ត​អ្នក​ស្តាប់ នូវ​ទំនាក់ទំនង​របស់​​បទ​ចម្រៀង​ជប៉ុន​មួយ​បទ​​ដែលមាន​ចំណងជើង​ថា "Lemon- zukiyo-no Sanpo-michi និង ទៅនឹង​បទ​ចម្រៀង​ខ្មែរ​ដែលមាន​​ចំណងជើង​ថា "​ឱ ព្រះ​ចន្ទ្រា​អើយ​" ។​





​នៅថ្ងៃនេះ​ខ្ញុំ​នឹង​នាំ​អារម្មណ៍​មិត្តអ្នកស្តាប់ ត្រឡប់​ទៅកាន់​ទសវត្សរ៍​ឆ្នាំ ១៩៦០ ជាថ្មី​ម្តងទៀត​​ដោយ​ចាក់​ជូន​មិត្តអ្នកស្តាប់​នូវ​បទ​ចម្រៀង​ជប៉ុន​មួយ​បទ ដែលមាន​ចំណង ជើង​ថា Lemon- zukiyo-no Sanpo-michi ។​

​តាមរយៈ​បទ​ចម្រៀង​ជប៉ុន​មួយ​បទ​នេះ ខ្ញុំ​ជឿថា មិត្តអ្នកស្តាប់​ពិតជា​ធ្លាប់​បានឮ ឬ​ធ្លាប់បាន​ស្តាប់​​បទ​ចម្រៀង​ខ្មែរ​មួយ​បទ ដែលមាន​លំនាំ​ដូចគ្នានេះ​មិន​ខាន​។ ប៉ុន្តែ​មុននឹង ជំរាប​មិត្ត​អ្នក​ស្តាប់​អំពី​បទ​ចម្រៀង​ខ្មែរ​មួយ​បទ​នោះ ខ្ញុំ​សូម​ជំរាបជូន​មិត្តអ្នកស្តាប់​អំពី​បទ ​ចម្រៀង​ជប៉ុន​នេះ​បន្តិច​សិន​។



​បទ​ចម្រៀង​ជប៉ុន​ដែល​លោកអ្នក​កំពុង​ស្តាប់​នេះ​មាន​ចំណងជើង​ជា​ភាសា​ខ្មែរ​ថា "​ដើរ​តាម ផ្លូវ​ក្នុង​ចំការ​ក្រូច​ឆ្នា​រ​ក្រោម​ពន្លឺ​ចន្ទ្រ​ពេញ​បរ​មី​" ។ បទ​ចម្រៀង​នេះ​និយាយ​អំពី​គូស្នេហ៍​ថ្មោងថ្មី​មួយគូ ដែល​ទើប សារភាព​ក្តី​ស្នេហ៍​ប្រាប់​គ្នា​ទៅវិញទៅមក នៅតាម​ផ្លូវលំ​មួយ​ក្នុង​ចំការ​ក្រូចឆ្មារ​។ ពេល​រាត្រី នៅពេល ដែល​ពួកគេ​ដើរ​នៅលើ​ផ្លូវលំ​នោះ​ម្តងទៀត អនុស្សាវរីយ៍​របស់​ពួកគេ ក៏​លេចឡើង​ជាថ្មី​។ បេះដូង​របស់​ពួកគេ ចាប់ផ្តើម​ញាប់​ញ័រ នៅពេល​នោះដែរ​។ ផ្លែក្រូច​ឆ្មារ​ដែល​នៅលើ​ដើម ​សាយ​ក្លិនក្រអូប​ភាយ ធ្វើអោយ​ស្នេហា​កាន់តែ​ផ្អែមល្ហែម និង ស្និទ្ធស្នាល​ថែមទៀត​។

​បទ​ចម្រៀង Lemon- zukiyo-no Sanpo-michi ច្រៀង​ដោយ​អ្នកចម្រៀង​ដ៏​ល្បី​របស់​ជប៉ុន ឈ្មោះ Harumi Miyako​។ បទ​ចម្រៀង​នេះ និពន្ធ​ទំនុកច្រៀង​ដោយ So Nishizawa និពន្ធ​បទ​ភ្លេង​ដោយ Shosuke Ichikawa​។ បទ​ចម្រៀង​នេះ​ចេញលក់​នៅ​ឆ្នាំ ១៩៦៧ ។​

​ដូច​បទ​ចម្រៀង​ជប៉ុន​មួយចំនួនទៀត​ដែរ បទ​ចម្រៀង Lemon- zukiyo-no Sanpo-michi ​បានក្លាយ​ជា​បទ​ចម្រៀង​ដ៏​ល្បី​នៅក្នុង​តំបន់​។ នៅ​ឆ្នាំ ១៩៦៩ អ្នកចម្រៀង​ចិន​ម្នាក់​ឈ្មោះ ​ចាវ ស៊ូ​យ៉ុង បាន​ច្រៀង​បទ​ចម្រៀង​នេះ​ជា​ភាសា​ចិន​កុក​ងឺ ដែលមាន​ចំណងជើង​ជា​ភាសា​ខ្មែរ​ថា "​ព្រះ​​ចន្ទ្រ​ដូច​ក្រូចឆ្មារ​"​។

​បទ​ចម្រៀង​ចិន "​ព្រះចន្ទ្រ​ដូច​ក្រូចឆ្មារ​" និពន្ធ​ទំនុកច្រៀង​ដោយ ស៊ិន ចឺ សម្រួល​បទ​ភ្លេង ដោយ សឺ ឆាន់​ចាវ​ជា និង ចេញលក់​នៅ​ប្រទេស​ចិន​ក្នុង​ឆ្នាំ​១៩៦៩​។ ជា​បន្តបន្ទាប់ បទ ចម្រៀង​នេះ​ត្រូវបាន​និពន្ធ​ទំនុកច្រៀង​ថ្មី និង​ច្រៀង​ដោយ​អ្នកចម្រៀង​ផ្សេងៗ​គ្នា​។ នៅក្នុង​នោះ បទ​ចម្រៀង​ដែលមាន​លំនាំ​ដូចគ្នានេះ ក៏​ត្រូវបាន​ផលិតឡើង​សាជាថ្មី​ដើម្បី​ដាក់បញ្ចូល​​ទៅក្នុង​ខ្សែភាពយន្ត​ផងដែរ ។

​នៅ​កម្ពុជា នា​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៧០ បទ​ចម្រៀង​ដូចគ្នា​ត្រូវបាន​ច្រៀង​ដោយ​លោក ស៊ីន ស៊ី​សាមុត​។ បទ​ចម្រៀង​នោះ​មាន​ចំណងជើង​ថា "​ឱ ព្រះ​ចន្ទ្រា​អើយ​!" ។  

​តាមរយៈ​ទំនុក​នៃ​បទ ឱ ព្រះ​ចន្ទ្រា​អើយ អ្នកនិពន្ធ​បាន​រៀបរាប់​ពី​សេចក្តី​ទុក្ខសោក និង​ការ​អស់​​សង្ឃឹម​របស់​បុរស​កំ​ស​ត់ម្នាក់​ដែល និរាស​ព្រាត់ប្រាស់​ពី​នារី​ជាទី​ស្រឡាញ់​របស់ខ្លួន​។ ​សេចក្តី​ទុក្ខ​នេះ​អាច​រសាយ​ចេញ​ខ្លះ​នៅពេលដែល​បានឃើញ​ពន្លឺ​ចន្ទ្រ​ថ្លា​បុប្ផា​រីក​ស្គុះស្គាយ​នាពេល​រាត្រី និង​នៅពេល​ដែលមាន​វាយោ​បក់​រំភើយៗ​រហើយ​ត្រជាក់​ប្រាណ​។ ប៉ុន្តែ​ទោះយ៉ាងណា មានតែ​ការជួបជុំ​ជាមួយ នារី​ជាទី​ស្រឡាញ់​តែប៉ុណ្ណោះ ទើប​អាច​បំបាត់​សេចក្តី​ទុក្ខសោក​នេះ​បាន​។



​ជាង​៤០​ឆ្នាំ​កន្លងផុតទៅ យើង​មិនដឹងថា​បទ​ចម្រៀង​ជប៉ុន​និង​ចិន នៅតែ​ជា​បទ​ចម្រៀង ដែល​ពេញនិយម​សម្រាប់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​នេះ ឬ​អត់​នោះទេ​។ ប៉ុន្តែ​នៅ​កម្ពុជា​វិញ​ចម្រៀង​របស់លោក ស៊ីន ស៊ី​សាមុត ក្នុង​ទំនុក​នៃ​បទ "​ឱ ព្រះ​ចន្ទ្រា​អើយ​!" នៅតែ​ពេញ ​និយម​នៅឡើយ​។


Tag:
 ឃុ​ត សុខឿន
© រក្សាសិទ្ធិដោយ thmeythmey.com