ជាតិ
បទវិភាគ
នយោបាយជាតិ
តើ CPP និងCNRP ចំណេញពីការបង្កើតគណបក្សថ្មី ឬក៏ខាតបង់ទៅវិញ?
× ភ្នំពេញ៖ បើគិតត្រឹមឆ្នាំ១៩៩៣មក គណបក្សប្រជាជនកម្ពុជាដែលហៅកាត់តាមភាសាអង់គ្លេសថា«CPP»ទទួលបានអាសនៈច្រើនជាលំដាប់ គ្រាន់តែចំនួនកៅអីមានការប្រែប្រួលពីអាណត្តិមួយទៅមួយអាណត្តិទៀតប៉ុណ្ណោះ។ នៅក្នុងការបោះឆ្នោតចុងក្រោយកាលពីឆ្នាំ២០១៣កន្លងមក គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈចំនួន៦៨ ទល់នឹង៥៥កៅអីនៃគណបក្សសង្គ្រោះជាតិដោយមានការចូលរួមបោះឆ្នោតពីគណបក្សនយោបាយចំនួន៨ ។ សម្រាប់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខ គណបក្សថ្មីចំនួន៩បន្ថែមទៀតបានប្រកាសបង្កើតឡើង ដូច្នេះ សំណួរនៅពេលនេះ គឺថា តើគណបក្ស CPP និងគណបក្ស CNRP នឹងទទួលបានផលចំណេញពីការបង្កើតគណបក្សថ្មី ឬក៏ខាតបង់ទៅវិញ?
មុននឹងឆ្លើយទៅនឹងសំណួរនេះ សូមរម្លឹកបន្តិចថា កាលពីការបោះឆ្នោតឆ្នាំ១៩៩៣ ប្រទេសកម្ពុជាមានគណបក្សនយោបាយចំនួន២០, ឆ្នាំ១៩៩៨ គណបក្សនយោបាយមានកើនឡើងដល់ចំនួន៣៩, ២០០៣ ចំនួនគណបក្សនយោបាយបានថយចុះមកវិញនៅចំនួន២៣, ហើយវាបន្តចុះមកត្រឹមចំនួន១១ នៅឆ្នាំ២០០៨ និងមានតែ៨គណបក្សប៉ុណ្ណោះ កាលពីឆ្នាំ២០១៣កន្លងមកនេះ។
ចំនួនអាសនៈរបស់គណបក្សប្រជាជនកម្ពុជាមានការប្រែប្រួលពីអាណត្តិមួយទៅអាណត្តិមួយទៀត។ កាលពីឆ្នាំ១៩៩៣ គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈ៥១, នៅឆ្នាំ១៩៩៨ទទួលបាន ៦៤, នៅឆ្នាំ២០០៣ទទួលបាន ៧៣, នៅឆ្នាំ២០០៨ ទទួលបាន៩០, និងនៅឆ្នាំ២០១៣កន្លងមកនេះទទួលបាន ៦៨កៅអី។
អាសនៈរបស់គណបក្សប្រជាជនកម្ពុជាតាំងពីអាណត្តិទី១ឆ្នាំ១៩៩៣មក បានប្រែប្រួលនៅតាមការឡើងចុះនៃប្រជាប្រិយភាពរបស់គណបក្សមួយផ្នែកធំ និងម្យ៉ាងទៀត វត្តមាននៃគណបក្សថ្មីៗពីអាណត្តិមួយទៅអាណត្តិមួយក៏រួមចំណែកធ្វើឲ្យកៅអីរបស់គណបក្សប្រជាជនកម្ពុជាមានការប្រែប្រួលខ្លះដែរ។ ងាកមកគណបក្សប្រឆាំងវិញ កៅអីនៃគណបក្សសង្គ្រោះជាតិដែលដើមឡើយជាគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានប្រែប្រួលមួយផ្នែកទៅតាមវត្តមានឡើងចុះនៃគណបក្សនយោបាយថ្មីដែរ។ ជាក់ស្តែង ក្រោយការបង្រួបបង្រួមនៃគណបក្សសិទ្ធិមនុស្ស និងគណបក្សសមរង្ស៊ី ចំនួនអាសនៈបានកើនឡើងដល់ទៅ៥៥កាលពីការបោះឆ្នោតឆ្នាំ២០១៣កន្លងមក។
ចុះសម្រាប់ឆ្នាំ២០១៧ និងជាពិសេស ឆ្នាំ២០១៨ខាងមុខនេះ តើគណបក្សបង្កើតថ្មីចំនួន៩ អាចធ្វើឲ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិប្រែប្រួលសំឡេង និងអាសនៈឬទេ?
សង្គមមានការប្រែប្រួល គំនិតរបស់អ្នកបោះឆ្នោតជឿនលឿនជាងមុន។ ដូច្នេះ ជាការពិត វាអាចនាំឲ្យសន្លឹកឆ្នោតមានការផ្លាស់ប្តូរ។ ទាក់ទងទៅនឹងចរន្តថ្មីនេះ អ្នកវិភាគមានការលើកឡើងផ្សេងៗគ្នា។ អ្នកខ្លះអត្ថាធិប្បាយថា គណបក្សថ្មីៗមួយចំនួនដែលមាននិន្នាការមិនស្របជាមួយគណបក្សសង្គ្រោះជាតិ អាចទាញបំបែកសំឡេងគណបក្សប្រឆាំងឲ្យធ្លាក់ចុះមួយចំនួនដែរ។ គណបក្សថ្មីដដែលនោះ តែងតែវាយប្រហារ ហែកកេរ្តិ៍ស្ទើរជារៀងរាល់ថ្ងៃទៅលើគណបក្សសង្គ្រោះជាតិ។ ដូច្នេះ ចង់មិនចង់ ការវាយប្រហារនេះអាចធ្វើឲ្យមតិមហាជនមួយចំនួនមានការស្ទាក់ស្ទើរក្នុងការសម្រេចចិត្តបោះឆ្នោតគាំទ្រពេញទំហឹងចំពោះគណបក្សសង្គ្រោះជាតិ។
រីឯ គណបក្សថ្មីមួយចំនួនទៀតដែលមិនស្របជាមួយគណបក្សប្រជាជនកម្ពុជា ក៏អាចទាញបំបែកសំឡេងពីគណបក្សកាន់អំណាចខ្លះដែរ។ គណបក្សនេះ តែងតែរកចំណុចខ្សោយរបស់គណបក្សប្រជាជនកម្ពុជាមកបកអាក្រាតជារឿយៗ។ ដូច្នេះ ចង់មិនចង់ សំឡេងរបស់គណបក្សប្រជាជនកម្ពុជា ក៏អាចបែកខ្ញែកខ្លះដែរ។ ក្នុងចំណោម គណបក្សថ្មីៗទាំង៩នេះ ក៏មានគណបក្សខ្លះប្រកាន់គោលការណ៍កណ្តាលនិយម មានន័យថា ពួកគេមិនសូវវាយប្រហារបក្សប្រជាជនកម្ពុជា និងបក្សសង្គ្រោះជាតិប៉ុន្មានឡើយ ដូចជា ករណី គណបក្សប្រជាធិបតេយ្យមូលដ្ឋានជាដើម។ គណបក្សនេះដឹកនាំដោយក្រុមបញ្ញវន្តមួយក្រុមដែលតំណាងដោយលោក យ៉ង់ សាំងកុមារ អតីតនាយកប្រតិបត្តិនៃអង្គការកសិកម្មសេដាក់។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាននេះ ត្រូវបានគេមើលឃើញថា អាចទាញសំឡេងពីគណបក្សសង្គ្រោះជាតិខ្លះ និងអាចទាញបំបែកសំឡេងពីគណបក្សប្រជាជនកម្ពុជាខ្លះ ពីព្រោះ គណបក្សនេះមានបណ្តាញស៊ីជម្រៅជាមួយកសិករ ដែលកសិករកាលពីពេលមុនជាសមាជិកគាំទ្រគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ ថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យលោក យ៉ង់ សាំងកុមារ ធ្លាប់បញ្ជាក់ប្រាប់ថ្មីៗថា គណបក្សខ្លួនប្រាថ្នាចង់បំបែកសំឡេងគណបក្សប្រជាជនកម្ពុជាមិនឲ្យបាន៥០+១ មានន័យថា គណបក្សនេះមិនចង់ឲ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិទទួលបានសំឡេង ៥០+១ ដាច់ខាតឡើយ។
ប្រសិនបើគណបក្សនីមួយៗ (មិនថាគណបក្សប្រជាជនកម្ពុជា ឬគណបក្សសង្គ្រោះជាតិ) មិនអាចទទួលបានសំឡេង ៥០+១ ដាច់ខាត ពេលនោះ គណបក្សនីមួយៗត្រូវបង្ខំចិត្តបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សដទៃដើម្បីអាចដឹកនាំប្រទេសបាន។ ការដឹកនាំប្រទេសដោយយករូបមន្តរដ្ឋាភិបាលចម្រុះ ពេលខ្លះ អាចថាល្អ ពេលខ្លះ អាចថា អាក្រក់។ ល្អ ក្នុងន័យថា បើគណបក្សនីមួយៗរួមគ្នាដោះស្រាយបញ្ហាជាតិ។ តែបើបក្សនីមួយៗ ខ្ទាស់គ្នាទៅវិញទៅមកមិនឲ្យធ្វើការកើត ពេលនោះ លទ្ធផលនៃរដ្ឋាភិបាលចម្រុះ គឺអាក្រក់។
សរុបសេចក្តីមកវិញ បើទោះបីជាកំណើតគណបក្សថ្មីអាចធ្វើឲ្យប៉ះពាល់សំឡេងនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិដូចគ្នាមែនក៏ដោយ ក៏អ្នកវិភាគនៅតែយល់ឃើញថា វត្តមានបក្សថ្មីអាចគំរាមកំហែងគណបក្សសង្គ្រោះជាតិខ្លាំងជាងគណបក្សប្រជាជនកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ គណបក្សប្រជាជនកម្ពុជាអាចទាញផលចំណេញបានខ្លះពីការបង្កើតគណបក្សថ្មីនេះក៏អាចថាបាន ពីព្រោះ គណបក្សថ្មីមួយចំនួនត្រូវបានបង្កើតឡើងដោយសារការមិនពេញចិត្តចំពោះការដឹកនាំនៃគណបក្សសង្គ្រោះជាតិ។ តែទោះជាយ៉ាងណា មានតែលទ្ធផលជាក់ស្តែងនៅឆ្នាំ២០១៧ និង២០១៨ទេដែលអាចបង្ហាញការពិតបាន៕
© រក្សាសិទ្ធិដោយ thmeythmey.com