បទវិភាគ
គំនិត​ថា យុវជន​សម័យ​ក្រោយ​សង្គ្រាម​មានឱកាស​ច្រើនជាង​យុវជន​សម័យ​បច្ចុប្បន្ន គឺ​ខុស​!
11, Feb 2016 , 8:59 pm        
រូបភាព
​ភ្នំពេញ​៖ ក្រោយ​សម័យ​ប៉ុលពត យុវជន យុវនារី តស៊ូ​រៀនសូត្រ​ក្រោម​ពន្លឺ​ភ្លើងទៀន​ដោយ​ទទួលបាន​ចំណេះដឹង​តិចតួច​។ តែ​ឱកាស​នៃ​ការរក​ការងារ​អាចមាន​ច្រើន ពីព្រោះ​កាលណោះ អ្នកចេះដឹង​នៅមាន​ចំនួន​តិច​។ ងាក​មក​យុវជន​សម័យ​បច្ចុប្បន្ន​​​វិញ ពួកគេ​មានឱកាស​សិក្សា​ច្រើន តែ​ឱកាស​ការងារ​វិញ យ៉ាងដូចម្តេច​ដែរ​?​



​ក្រោយ​ការដួលរលំ​នៃ​របប​ប៉ុលពត​ឆ្នាំ​១៩៧៩ បញ្ញវន្ត​ចេះដឹង​របស់​ខ្មែរ​នៅសល់​ចំនួន​តិចតួច​ណាស់​។ ពេលនោះ រដ្ឋាភិបាល​យក​ទ្រឹស្តី​«​អ្នកចេះ​ច្រើន​បង្រៀន​អ្នកចេះ​តិច​»​។ ក្រោយ​សង្គ្រាម​ភ្លាម យុវជន យុវនារី ដែល​នៅ​រស់រានមានជីវិត បាន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ក្រោម​ពន្លឺ​ភ្លើងទៀន ​ដើម្បី​អាច​ទទួលបាន​ចំណេះដឹង​តិចតួច ហើយ​យកចំណេះ​ទាំងនោះ ទៅ​បម្រើ​ការងារ​ក្នុងតួនាទី​ផ្សេងៗ​ពីគ្នា​។ កាលណោះ ការរៀន​ភាសាបរទេស ដូចជា ភាសា​បារាំង និង​អង់គ្លេស​ ត្រូវបាន​គេ​ហាមឃាត់​ក្នុងអំឡុង​ដើមឆ្នាំ​៨០ ។

​ការសិក្សា​នៅតែមាន​ស្ថានភាព​លំបាក​រហូតមក​ដល់​ទសវត្សរ៍​៩០ ពីព្រោះសាលា​ដែលមាន​គុណភាព សាស្ត្រាចារ្យ​ដែលមាន​បទពិសោធន៍​នៅមានកម្រិត​តិចតួច​នៅឡើយ​។ សម្ភារ​សិក្សា ហេដ្ឋារចនាសម្ព័ន្ធ​សិក្សា​ស្ថិតនៅក្នុង​ស្ថានភាព​តោកយ៉ាក​។ យុវជន យុវនារី​ក្នុង​ទសវត្សរ៍​៨០ និង​៩០ មិនសូវ​មានឱកាស​សិ​ក្សា​, មិនសូវ​មានឱកាស​ទ​ទួល​ចំណេះដឹង​ពី​ពិភពលោក​ច្រើន​ទេ ពីព្រោះទាំង​គ្រួសា​នីមួយៗ ទាំង​រដ្ឋ ស្ថិតនៅក្នុង​ស្ថានភាព​ក្រីក្រ​។ រដ្ឋ​អាចរ​ស់បាន​ដោយ​ពឹង​ផ្អែកលើ​ជំនួយ​បរទេស​ច្រើន រីឯពលរដ្ឋ​វិញ​រស់​ដោយ​ពឹង​លើ​អាត្មា​រៀងខ្លួន​។ និយាយ​ឲ្យ​ខ្លី មានន័យថា ទាំង​រដ្ឋ ទាំង​រាស្ត្រ ប្រឹង​រស់​ដោយ​ខ្លួនឯង និង​រស់​ដោយសារ​ជំនួយ​ពី​ខាងក្រៅ​តិចតួច​។


​ដោយសារតែ​ប្រទេសជាតិ​ឆ្លងកាត់​សង្គ្រាម​ជាច្រើន​ទសវត្សរ៍​នេះហើយ ទើប​យុវជន យុវនារី ក្នុង​ទសវត្សរ៍​៨០ និង​៩០ បាត់បង់​ឱកាស​សិក្សា​ស្ទើរ​ទាំងស្រុង​។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី ស្ថានភាព​ជាក់ស្តែង​កាលពី​ពេលនោះ បាន​បង្ហាញថា យុវជន និង​យុវនារី មានឱកាស​សម្រាប់​ការងារ​ច្រើន​។ ចេះ​ជំនាញ​តិចតួច ចេះ​ភាសាបរទេស​ខ្លះ ពួកគេ​អាច​ទទួលបាន​តំណែង និង​ការងារ​ល្អ ដែល​អាច​រកប្រាក់​ចំណូល​បាន​ច្រើន និង​មានមុខមាត់​នៅក្នុង​សង្គម​។ ជា​លក្ខណៈ​សត្យានុម័ត នៅពេលដែល​ពួកគេ​ទើប​ចេញពី​សង្គ្រាម បូក​នឹង​គ្រួសារ​ខ្វះមុខខ្វះក្រោយ​ផង​នោះ យុវជន យុវនារី កាលណោះ ស្រេកឃ្លាន​នឹង​ការសិក្សា ស្រេច​ឃ្លាន​នឹង​ចំណេះ មាន​ឆន្ទៈ​តស៊ូ​ស្ទើរ​ក្ស័យ​ប្រាណ​ដើម្បី​ជីវិត​ប្រសើរ​នាពេល​អនាគត​។

​ឆ្លងតាម​បទពិសោធន៍​ជាក់ស្តែង បើទោះបីជា យុវជន យុវនារី ភាគច្រើន​មិន​ទទួលបាន​ចំណេះ​សិក្សា​ដល់​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ឬ​ក្រោយ​ឧ​ត្ត​ម​សិក្សា​ក៏ដោយ ក៏​យុវជន យុវនារី​កាលណោះ បើ​សិក្សា​ហើយ ពួកគេ​មានចំណេះដឹង​ពិតប្រាកដ​ភាគច្រើន មានន័យថា ពួកគេ​ទទួលបាន​ទាំង​សញ្ញាបត្រ និង​ចំណេះដឹង​ជំនាញ​ពិតប្រាកដ​ភាគច្រើន​។ សរុបសេចក្តី​មក គេ​អាច​ទាញ​សេចក្តី​សន្និដ្ឋានបានថា យុវជន យុវនារី សម័យ​ក្រោយ​សង្គ្រាម​បន្តិច​គ្មាន​ឱកាស​សិក្សា​ច្រើន​ទេ​។ តែមាន​ឱកាស​ការងារ​ក្នុងប្រទេស​ច្រើន​គួរសម​។


​ងាក​មក​យុវជន យុវនារី សម័យ​បច្ចុប្បន្ននេះ​វិញ​។ ពួកគេ​មាន​សាលារៀន​ខ្មែរ និង​ភាសាបរទេស​ល្អ សាស្ត្រាចារ្យ​ខ្មែរ និង​បរទេស​មានបទពិសោធន៍​ខ្ពស់ ជីវភាព​គ្រួសារ​ប្រសើរ​ជាង​មុន វត្តមាន​អ៊ី​ន​ធើ​ណិ​ត​គ្រប់​ទីកន្លែង ទី​កម្សាន្ត​សប្បាយ​ពាសពេញ​ប្រទេស​។ យុវជន​បច្ចុប្បន្ន​មួយចំនួនធំ​ មិនសូវ​ប្រឈម​ការលំបាក​ផ្នែក​សេដ្ឋកិច្ច​គ្រួសារ​ខ្លាំង​ ដូច​សម័យ​ក្រោយ​សង្គ្រាម​ទេ​។ នា​សម័យនេះ គ្រួសារ​យុវជន​មួយចំនួន​អាច​ប្រឈម​នឹង​ភាពក្រីក្រ​មែន​។ តែ​មិន​ប្រឈម​នឹង​ភាព​ទីទាល់ក្រ​ដូច​សម័យមុន​ទេ​។ យុវជន​បច្ចុប្បន្ន ត្រូវបាន​គេ​មើល​ឃើញថា ឲ្យ​តែ​ចង់បាន​ចំណេះ គឺអាច​ទទួលបាន​ហើយ ពីព្រោះបើ​គ្មាន​ប្រាក់​បង់ថ្លៃ​រៀន​នៅក្នុង​សាលា​ល្អ ក៏​ពួកគេ​អាច​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​បានដែរ​។ ចង់​រៀន​ភាសា​អង់គ្លេស​តាម​អន​ឡាញ ពួកគេ​អាច​រៀន​បាន​យ៉ាង​ស្រួល​ដោយ​មិនចាំបាច់​បង់ប្រាក់​។

​ឱកាស​សម្រាប់​ការសិក្សា យុវជន​ខ្មែរ​នា​សម័យ​បច្ចុប្បន្ន​មាន​ច្រើនណាស់​។ ច្រើន​រហូតដល់​គេ​មិនអាច​ពិពណ៌នា​បាន​។ ឱកាស​ទទួល​បានការ​សិក្សា​នៅក្នុង​ប្រទេស​ក៏មាន នៅក្រៅ​ប្រទេស​ក៏មាន ពីព្រោះប្រទេស​ដទៃ​បានផ្តល់​អាហារូបករណ៍​ច្រើន​ពាន់​កន្លែង​ជូន​ដល់​និស្សិត​ខ្មែរ​។ ចុះ​ឱកាស​ការងារ​វិញ​? ប្រសិនបើ​គេ​គិត​មួយ​ភ្លែត ប្រហែលជា​គេ​និយាយថា ឱកាស​ការងារ​នាពេល​បច្ចុប្បន្ន​ទំនងជា​ចង្អៀត​ជាង​មុន​។


​តាមពិត ទស្សនៈ​នេះ​មិន​ត្រឹមត្រូវ​ទាំងអស់​ទេ​។ សម្រាប់​ពេល​បច្ចុប្បន្ននេះ យុវជន​មានឱកាស​ការងារ​កាន់​ច្រើនជាង​យុវជន​សម័យ​ក្រោយ​សង្គ្រាម​ទៅទៀត បើទោះបីជា​ពួកគេ​ត្រូវការ​ការប្រកួតប្រជែង​ខ្ពស់ជាង​មុន​ក៏ដោយ​។ មាន​មូលហេតុ​មួយចំនួន​ដែលជា​ទឡ្ហីករណ៍ អាច​លើក​យកមក​ពន្យល់​ដូចតទៅ​៖ ទី​១ ឱកាស​ការងារ​ច្រើនជាង​មុន ពីព្រោះ ក្រុមហ៊ុន​កាន់តែច្រើន​ត្រូវបាន​បង្កើតឡើង ខុសពី​អតីត​កាលដែល​មានតែ​ការងារ​រដ្ឋ​ភាគច្រើន​។ ទី​២ យុវជន​ដែល​គ្មាន​ចំណេះ ក៏​អា​ចរក​ការងារ​បាន​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស​ដែរ​(​ចំណាកស្រុក​ទៅធ្វើ​កម្មករ​នៅក្រៅ​ប្រទេស​)​។ ទី​៣ ប្រសិនបើ​យុវជន​នា​សម័យ​បច្ចុប្បន្ន​មានចំណេះដឹង​ជំនាញ បូកផ្សំ​នឹង​ចំណេះ​ភាសាបរទេស​ល្អ ពួកគេ​អាច​ទទួលបាន​ការងារ​ក្នុងប្រទេស ឬ​នៅក្រៅ​ប្រទេស​យ៉ាង​ស្រួល ជាពិសេស នៅក្នុង​ក្របខណ្ឌ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​រួមគ្នា និង​ទី​៤ យុវជន​បច្ចុប្បន្ន​មិន​ត្រឹមតែ​មានឱកាស​ស្វែងរក​ការងារ​ធ្វើ​ប៉ុណ្ណោះ​ទេ​។ តែ​ពួកគេ​អាចបង្កើត​ឱកាស​សម្រាប់​យុវជន​ដទៃទៀត​តាមរយៈ​ការបង្កើត​មុខ​ជំនួញ​ផ្សេងៗ​។

​សរុបសេចក្តី​មក គេ​អាច​ទាញ​សេចក្តី​សន្និដ្ឋានបានថា យុវជន​សម័យថ្មី​ពិតជា​មានឱកាស​សិក្សា និង​ឱកាស​ការងារ​ច្រើនជាង​យុវជន​សម័យ​ក្រោយ​សង្គ្រាម​មែន​។ តែ​ទោះជា​យ៉ាងណាក៏ដោយ សំណួរ​ជាច្រើន​នៅតែ​ចោទឡើង​ថា តើ​យុវជន​សម័យនេះ ចេះ​ចាប់ និង​ចេះ​បង្កើត​ឱកាស​ឬទេ​? ប្រសិនបើ​ពួកគេ​មិនចេះ​ចាប់​ឱកាស មិនចេះ​បង្កើត​ឱកាស​ដោយ​ខ្លួនឯង​នោះទេ ពេលនោះ ពួកគេ​នឹង​រស់ក្នុង​ជីវភាព​តោកយ៉ាក​ដដែល បើទោះបីជា​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​ទាំងមូល​ប្រសើរ​ឡើងជា​លំដាប់​ក៏ដោយ​ក្តី​៕


Tag:
 សង្គម
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com