អន្តរជាតិ
អតីតយុទ្ធជន​សង្គ្រាម​លោក​លើក​ទី​២​ជួប​សង្សារ​ចាស់​ខ្លួន​វិញ​ក្រោយ​បែក​គ្នា​ជាង​៧០​ឆ្នាំ​
12, Feb 2016 , 9:18 am        
រូបភាព
ដោយ: ធីតា
​បន្ទាប់ពី​មានការ​ទាក់ទង​គ្នា​តាម Skype គូស្នេហ៍​ចាស់​កាលពី​សង្គ្រាមលោកលើកទី​ពីរ  បាន​ជួប​មុខ​គ្នា​ជា​លើកដំបូង ក្រោយ​បែក​គ្នា​រយៈពេល​ជាង​៧០​ឆ្នាំ​។ នេះ​ជា​កាដូ​ដ៏​មានន័យ​ក្នុង​ទិវា​នៃ​ក្តី​ស្រឡាញ់ សម្រាប់​លោកតា Norwood Thomas ជនជាតិ​អាមេរិក អាយុ​៩៣​ឆ្នាំ និង​លោកយាយ Joyce Morris ជនជាតិ​អង់គ្លេស អាយុ​៨៨​ឆ្នាំ​។​

 
​កាលពី​អំឡុង​ឆ្នាំ​១៩៤៤ លោក Norwood Thomas ក្នុង​វ័យ​២១​ឆ្នាំ ជា​ទាហាន​ឆត្រយោង​ដ៏​ស្រស់​សង្ហា​ម្នាក់​របស់​អាមេរិក ដែល​បាន​បំពេញបេសកកម្ម​នៅ ក្នុង​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស និង​ជាទី​កន្លែង​ដែល​លោក​បាន​សាង​ស្នេហ៍​ជាមួយ Joyce Durrant [​ឈ្មោះ​របស់​លោកយាយ Morris ដែល​បាន​ប្រើប្រាស់​កាលពី​ក្មេង​]​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ The Guardian​។​
 
​ក្រោយពី​មាន​ទំនាក់ទំនង​ដ៏​ស្អិតល្មួតរាប់​ខែ លោក Thomas ត្រូវ​វិលត្រឡប់​ទៅ​មាតុភូមិ​វិញ​។ ប៉ុន្តែ​លោក​បាន​សរសេរ​សំបុត្រ​ជាច្រើន​ច្បាប់​ដើម្បី​សុំ​កញ្ញា Morris រៀបការ​។ ប៉ុន្តែ Morris គិតថា​លោក Thomas បាន​រៀបការ​រួចហើយ គាត់​ក៏​ឈប់​សរសេរ​សំបុត្រ​ឆ្លើយ ហើយ​ក៏បាន​ផ្តាច់ទំនាក់ទំនង​ចាប់ពីពេលនោះ​តទៅ​។ 
​ក្រោយមក ពួកគាត់​បាន​រៀបការ​។ ភរិយា​របស់លោក Thomas បានទទួល​មរណភាព​កាលពី​ឆ្នាំ​២០០១ ហើយ​លោកយាយ Morris បាន​លែងលះ​ស្វាមី​ក្រោយ​រួមរស់​ជាមួយគ្នា​អស់​រយៈពេល​៣០​ឆ្នាំ​។ កាលពី​ឆ្នាំមុន លោកយាយ Morris បាន​ប្រាប់​កូនប្រុស​ម្នាក់​របស់ខ្លួន​ឲ្យ​ស្រាវជ្រាវ​រក​ឈ្មោះ លោកតា Thomas នៅតាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត ហើយ​ទីបំផុត ពួកគេ​បាន​រកឃើញ​ឈ្មោះ​នៅក្នុង​អត្ថបទ​មួយ​របស់​សារព័ត៌មាន Virginian-Pilot​។​
 
​ពួកគាត់​បាន​ភ្ជាប់​ទំនាក់ទំនង​គ្នា​តាម Skype ហើយ​បាន​រំលឹក​រឿងរ៉ាវ​ស្នេហា​កន្លងមក​។ កាលពី​ថ្ងៃ​ពុធ ទី​១០ ខែកុម្ភៈ លោក Thomas បានធ្វើ​ដំណើរ​ពីរ​ដ្ឋ Virginia សហរដ្ឋអាមេរិក ដើម្បី​ទៅ​ជួប​លោកយាយ Morris ដែលជា​គូស្នេហ៍​ចាស់​របស់ខ្លួន ហើយ​បច្ចុប្បន្ន​រស់នៅក្នុង​ក្រុង Adelaide ប្រទេស​អូស្ត្រាលី​។​
​ពួកគាត់​ជួបគ្នា ហើយ​ឱប​គ្នា​យ៉ាង​ណែន ជាមួយនឹង​ក្តី​នឹករលឹក​បំផុត​។ ក្នុង​បទ​សម្ភាស​ជាមួយ​ទូរទស្សន៍​អូស្ត្រាលី Channel 10 លោកតា Thomas បាន​មានប្រសាសន៍ថា​៖ «​នេះ​ជា​រឿង​ដ៏​មហាអស្ចារ្យ​បំផុត​ដែល​បាន​កើតឡើង​ចំពោះ​ខ្ញុំ​។ យើង​មានគម្រោង​ដើរលេង​ជាមួយគ្នា​ ក្នុង​រយៈពេល​១៥​ថ្ងៃ​ពេញ​»​។ លោកយាយ Morris បាន​យាយ​ជាមួយនឹង​សំណើច​ថា​៖ «​ល្អ​ណាស់​»​។​
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​តម្លៃ​មួយផ្នែក​នៃ​សំបុត្រ​យន្តហោះ​របស់​លោកតា Thomas មានការ​ចូលរួម​បរិច្ចាគ​ពី​អ្នក​ដែល​បាន​តាមដាន​រឿងរ៉ាវ​ស្នេហា​ដ៏​កម្សត់​នេះ​៕

ទស្សនាវីដេអូខាងក្រោម 
 
 




 

Tag:
 ទិវា​នៃ​ក្តី​ស្រឡាញ់
© រក្សាសិទ្ធិដោយ thmeythmey.com