កីឡាជាតិ
អន្តរជាតិ
ក្លិប Sunderland និង​ក្រុមហ៊ុន Adidas ចែកផ្លូវ​ពី​កីឡាករ​ជាប់​រឿងអាស្រូវ Adam Johnson
12, Feb 2016 , 10:59 am        
រូបភាព
 
​ក្លិប Sunderland បានចេញ​សេចក្តីថ្លែងការណ៍​ថា ខ្លួន​បាន​ផ្តាច់​កិច្ចសន្យា​របស់​កីឡាករ Adam Johnson ជា​ផ្លូវការ​ហើយ​។ ភ្លាមៗ​ក្រោយ​ការប្រកាស​របស់ Sunderland ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារ Adidas បានប្រកាស​លុបចោល​កិច្ចសន្យា​ជាមួយ​កីឡាករ​អង់គ្លេស​រូបនេះ​ផងដែរ​។​

 
​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន BBC ខ្សែបម្រើ​ប្រយុទ្ធ Adam Johnson ត្រូវបាន​ក្លិប​ឆ្មា​ខ្មៅ Sunderland ផ្តាច់​កិច្ចសន្យា​របស់ខ្លួន​ហើយ​ក្រោយ​រកឃើញថា​មាន​កំហុស​លើ​សកម្មភាព​ផ្លូវភេទ​ជាមួយ​កុមារ​មិនទាន់​គ្រប់​អាយុ​។ កិច្ចសន្យា​របស់​ខ្សែបម្រើ​សញ្ជាតិ​អង់គ្លេស វ័យ​២៨​ឆ្នាំ​រូបនេះ​ត្រូវបាន​បញ្ចប់​ក្រោយ​រយៈពេល​៤​ម៉ោង​បន្ទាប់ពី​ដក​ឈ្មោះ​ចេញពី​បញ្ជី​កីឡាករ​ដែល​ត្រូវ​ប៉ះ​ជាមួយនឹង​ក្រុម Man Utd នៅ​ថ្ងៃ​សៅរ៍​សប្តាហ៍​នេះ​ក្នុង​ក្របខណ្ឌ Premier League​។​
 
​អតីត​កីឡាករ​របស់ Manchester City នេះ​នឹងត្រូវ​ចូលរួម​ការជំនុំជម្រះ​ក្តី​ពីរលើក​ក្នុងករណី​ធ្វើ​សកម្មភាព​ផ្លូវភេទ​លើ​កុមារ​នៅ​ថ្ងៃ​សុក្រ​នេះ ដែល​លោក​ធ្លាប់បាន​បដិសេធ​ម្តង​រួចមកហើយ​។ លើសពីនេះទៅទៀត Johnson ក៏​ត្រូវបាន​ក្រុមហ៊ុន​ផលិត​សម្ភារ Adidas លុបចោល​កិច្ចសន្យា​របស់ខ្លួន​ផងដែរ​។​
 
​សូមបញ្ជាក់ថា Adam Johnson ត្រូវបាន​ឃាត់ខ្លួន​ម្តង​រួចមកហើយ​កាលពី​ខែ​មិនា​ឆ្នាំ​២០១៥ ហើយ​ក្លិប​ក៏បាន​ព្យួរ​រូបលោក​បណ្តោះអាសន្ន​ផងដែរ ប៉ុន្តែ​បន្ទាប់មក​ត្រូវបាន​ដក​ការហាមឃាត់​វិញ​ក្រោយ​មានការ​ចរចា​ជាមួយនឹង​សមាគមន៍​តំណាង​កីឡាបាល់ទាត់​អាជីព​នៅ​ក្នុង​ប្រទេស​នេះ​៕
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com